ភ្នំពេញ: ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី​ (TAF) ​ស្តីពី​កិច្ចសហប្រតិបត្តិការ​គម្រោង Go Digital ASEAN ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ឌីជីថល​ដល់​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម​ (MSMEs) នៅតាម​ទីជនបទ​នៃ​ប្រទេស​កម្ពុជា​ព្រមទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោកស្រី Meloney C. Lindberg ប្រធាន​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃទី​ ២៨ ខែសីហា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Google.Org នូវ​ថវិកា​ចំនួន ៣,៣ លាន​ដុល្លារ ​ដែល​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ពី​ដៃគូ​គម្រោង​មួយចំនួន​រួមមាន​អង្គការ STAR Kampuchea អង្គការ DAI Global LLC និង​អង្គការ lnSTEDD ILab Southeast Asia​។

លោកស្រី Meloney C.Lindberg ប្រធាន​អង្គការ​មូលនិធិ​អាស៊ី​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​កើតឡើង​ចំពេល​ដែល​អាជីវកម្ម​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​ចាំបាច់​ត្រូវការ​ចំណេះដឹង និង​ជំនាញ​ឌីជីថល ដើម្បី​ចូលរួម​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល ព្រមទាំង​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ក្នុងអំឡុងពេល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ ​១៩​។

លោកស្រី​និយាយថា​៖ «​ខ្ញុំ​រីករាយ​ចំពោះ​ការគាំទ្រ​ពេញទី​ពី​ក្រសួង​ឧស្សាហកម្ម​ដើម្បី​អនុវត្ត​គម្រោង​នៅ​ថ្នាក់តំបន់ និង​ក្នុងប្រទេស​កម្ពុជា​»៕LA