
ស្ត្រីម្នាក់កំពុងរែងរ៉ែមាសនៅតំបន់រុករករ៉ែមួយកន្លែងនៅខេត្តព្រះវិហារនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ មន្រ្តីកម្ពុជា និងសាធារណរដ្ឋឆេក ទទួលបន្ទុកផ្នែកឧស្សាហកម្មរ៉ែនៅថ្ងៃទី១ ខែតុលា បានសម្រេចបង្កើតក្រុមការងាររួមមួយដើម្បីធ្វើការជាមួយគ្នាសម្រាប់កិច្ចការពង្រឹងការផ្លាស់ប្តូរព័ត៌មាន ក្នុងគោលដៅបង្កើនកិច្ចសហការទ្វេភាគីក្នុងវិស័យរ៉ែ។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលកម្ពុជា។
ក្រុមការងារមួយដែលត្រូវបានបង្កើតឡើងនេះគឺបន្ទាប់ពីមន្ដ្រីរបស់ប្រទេសទាំងពីរបានជួបគ្នា និងពិភាក្សានៅក្នុងសិក្ខាសាលាកម្ពុជា និងឆេក អំពីការរុករករ៉ែ និងការស្រាវជ្រាវភូមិសាស្ដ្រ ដែលបានដឹកនាំដោយលោក Marek Libřický ឯកអគ្គរាជទូតនៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា និងលោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ។
លោក យស មុនីរ៉ាត់ បានឲ្យដឹងថា ការមានក្រុមការងារនេះនឹងធ្វើឲ្យភាគីទាំងពីរ អាចធ្វើការងារកាន់តែជិតស្និទ្ធជាមួយគ្នាទៅវិញទៅមកដើម្បីពង្រឹងបន្ថែមដល់កិច្ចសហប្រតិបត្តិការ និងសក្ដានុពលលើវិស័យរុករករ៉ែកម្ពុជា។
លោកថ្លែងថា៖ «មានការសហការជាច្រើនប្រភេទ ដែលភាគីទាំងពីរអាចធ្វើការងារជាមួយគ្នា ដូចជា ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យរ៉ែ និងសេវាប្រឹក្សាយោបល់អំពីពាណិជ្ជកម្មរ៉ែ»។
យោងតាមលោក មុនីរ៉ាត់ មានក្រុមហ៊ុន៣ មកពីសាធារណរដ្ឋឆេក ដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ ក្រុមហ៊ុនទាំងនោះមានឯកទេសខាងការរុករករ៉ែ ប្រឹក្សាយោបល់សម្រាប់ការអាជីវកម្មរុករករ៉ែ និងក្រុមហ៊ុនលក់ឧបករណ៍ និងឧបករណ៍ប្រើប្រាស់សម្រាប់វិស័យរុករករ៉ែ៕LA