ភ្នំពេញៈ​ កម្ពុជា​បន្ត​ជាប់​ចំណាត់​ថ្នាក់​​លេខ​ ១ ក្នុង​នាម​ជា​ទីកន្លែង​ដែល​ការ​រស់​នៅ​​មាន​ការ​ចំណាយ​តិច​បំផុត​សម្រាប់​និវត្ត​ជន​បរទេស​។ ​នេះ​បើ​​តាម​សន្ទស្សន៍​ Annual Global Retirement Index 2019​ របស់ International Living​។

របាយ​ការណ៍​ចុង​ក្រោយ​របស់​ទស្សនាវដ្តី​ International Living ​​ ​ដែល​ចេញ​ផ្សាយ​​លម្អិត​ស្តី​ពី​កន្លែង​រស់​​នៅ​ល្អ​បំផុត​ក្នុង​ពិភព​លោក​សម្រាប់​និវត្ត​ជន​បរទេស​ ឆ្នាំ ​២០១៩ ​បាន​ផ្តល់​ពិន្ទុ​ឲ្យ​កម្ពុជា ១០០​ លើ ​១០០ សម្រាប់​ការ​ចំណាយ​លើ​ការ​រស់​នៅ​តិច​​បំផុត​។ ​ប្រទេស ​វៀតណាម ​បាន​ឈរ​នៅ​លេខ ​២ ​ដោយ​ទទួល​បាន​ពិន្ទុ ​៩៩ ​និង​ប្រទេស ​ថៃ ​ជាប់​លេខ​ ៣ ​មាន ​៩៤ ​ពិន្ទុ​ ខណៈ​ប៉េរូ​ជាប់​លេខ ​៤ ​និង​ ប៊ុលឡាវៀរ​ស្ថិត​នៅ​លេខ ​៥​។​

ការ​ស្រាវជ្រាវ​ ក្នុង​ចំណោម​ប្រទេស​ចំនួន ​២៥ ​ដែល​ស្ថិត​ក្នុង​តារាង​របស់​សន្ទស្សន៍​ ​Annual Global Retirement Index 2019 នោះ​បាន​ផ្តោត​លើ​សូចនាករ​ចំនួន ​៤ រួម​មាន ហិរញ្ញវត្ថុ ​សុខភាព​ ជីវិត​កម្សាន្ត ​និង​អភិបាលកិច្ច​។ ​

សម្រាប់​សូចនាករ​ទាំង ​៤ ​នេះ ​គឺ​ត្រូវ​​​ចែក​ចេញ​ជា​ ១៣ ​ប្រភេទ​រួម​មាន​ការ​​ទិញ ​និង​វិនិយោគ ការ​ជួល​ អត្ថប្រយោជន៍​ និង ការ​ចុះ​ភាគរយ ​ទិដ្ឋាការ ​និង ​ការ​ស្នាក់​នៅ ការ​ចំណាយ​សម្រាប់​រស់​នៅ សម្រប​​ខ្លួន​ទៅ​ស្ថានភាព​ថ្មី​ ការ​កម្សាន្ត ​និង ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ ការ​ថែទាំ​សុខភាព ​ការ​កម្សាន្ត​ប្រកប-​ដោយ​ផាសុកភាព ​ការ​អភិវឌ្ឍ​ អាកាសធាតុ ​អភិបាលកិច្ច និង​ឱកាស​។​

កម្ពុជា​ល្អ​ជាង​គេ​សម្រាប់​ការ​ស្នាក់​នៅ​ដែល​មាន​តម្លៃ​ទាប​សម្រាប់​និវត្តជន​បរទេស។​ បើ​ទោះបី​យ៉ាង​នេះ​ក្តី ​យោង​​តាម​សន្ទស្សន៍​ដដែល បើ​គិត​ពី​​ទី​កន្លែង​ល្អ​បំផុត​ក្នុង​ពិភព​លោក​សម្រាប់​និវត្តជន​ស្នាក់​នៅ ក្នុង​ឆ្នាំ​ ២០១៩ ​កម្ពុជា​​ជាប់​ចំណាត់​លេខ​ ១២ ដោយ​មាន​ពិន្ទុ​សរុប ​៨១,២​ ខណៈ​ប្រទេស ​វៀតណាម ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១៩ ​ដែល​មាន ​៧៩,៤ ​ពិន្ទុ​​ និង​ស្ថិត​នៅ​ក្រោម​ប្រទេស ​ថៃ ​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ ​៩ ដែល​មាន​ ៨៣,៥ ​ពិន្ទុ​​។​

លោក ​តុប ​សុភ័ក ​អ្នក​នាំ​ពាក្យ​ក្រសួង​​ទេសចរណ៍ ​កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​និយាយ​ថា ​បច្ចុប្បន្ន​កម្ពុជា​​បាន​ជាប់​ជា​ប្រទេស​គោល​ដៅ​ទេសចរណ៍​ពិភព​លោក ​ដោយ​ចំនួន​ភ្ញៀវ​ទេសចរ ​និង​ចំនួន​នៃ​និវត្ត​ជន​បរទេស​ដែល​ចូល​មក​ស្នាក់​នៅ​កម្ពុជា​ ដោយ​កាល​ពី​ឆ្នាំ ​២០១៨ ​ភ្ញៀវ​បរទេស​​មក​កម្ពុជា ​មាន​កំណើន​​ប្រមាណ ​១០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧​​។

លោក​ថ្លែង​ថា៖​ «​នេះ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ​ខណៈ​កម្ពុជា​​​ជាប់​ជា​គោល​ដៅ​ទេសចរណ៍​លំដាប់​​ពិភព​​លោក​ [សម្រាប់​និវត្តជន​បរទេស​]​»​។

លោក​ប្រាប់​ទៀត​ថា មាន​កត្តា​សំខាន់​​ចំនួន​ ៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​​បាន​កំណើន​ភ្ញៀវ​ទេសចរ​​រួម​មាន​ កត្តា​សុខ​សន្តិភាព​ និង​សុវត្ថិភាព​ពេញ​លេញ ​កត្តា​អាកាសធាតុ​ដែល​មាន​ភាព​អំណោយ​ផល ​ពិសេស​សម្រាប់​មនុស្ស​ចាស់​ ​ការ​ស្នាក់​នៅ និង​ម្ហូប​អាហារ មាន​តម្លៃ​សមរម្យ​ និង​​គោល​​នយោបាយ​របស់​​រដ្ឋាភិបាល​ក្នុង​​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​​ទិញ​លំនៅ​ឋាន​​នៅ​កម្ពុជា​។

លោក​​បន្ត​ថា៖​ «កម្ពុជា​មាន​អាកាស​ធាតុ​ល្អ មិន​​ក្តៅ​ពេក ឬ​ត្រជាក់​ពេក​ ដូច្នេះ​ជា​​លក្ខណៈ​អំណោយ​ផល​សម្រាប់​មនុស្ស​​ចាស់​ក្នុង​ការ​មក​ស្នាក់​​នៅ​​ដើម្បី​ទទួល​បាន​​សុខភាព​ល្អ​ និង​ការ​រស់​នៅ​មាន​តម្លៃ​ទាប​​»។​ លោក​បន្ត​ថា ​ដោយ​សារ​​​មាន​​លក្ខណៈ​អំណោយ​ផល​ច្រើន​ កន្លង​មក​កម្ពុជា​ក៏​ត្រូវ​​បាន​ជន​បរទេស​ ពិសេស​និវត្តជន​​មួយ​ចំនួន​ បាន​ចាត់​ទុក​កម្ពុជា​​ជា​ផ្ទះ​ទី​២​ របស់​ខ្លួន​ផង​ដែរ​។​

លោកស្រី ​ឆាយ ​ស៊ីវលីន ​ប្រធាន​​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​​ជា​កន្លែង​ទេសចរណ៍​​ដ៏​ល្អ​មិន​ថា​តែ​សម្រាប់​​និវត្តជន​​ អ្នក​សិក្សា​ស្រាវជ្រាវ ឬ​អ្នក​ទេសចរ​នោះ​​ទេ គឺ​កម្ពុជា​មាន​ជម្រើស​ច្រើន​សម្រាប់​ពួក​គេ​។​

លោក​ស្រី​បន្ត​ថា​ របាយ​ការណ៍​​ស្រាវជ្រាវ​នេះ​​នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ទូទៅ​ចូល​មក​​​ស្នាក់​នៅ​កម្ពុជា​បាន​កាន់​តែ​យូរ​ផង​ដែរ។​ ​លោកស្រី​ បាន​ថ្លែង​ថា៖​ «តាម​រយៈ​​របាយការណ៍​នេះ​នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​ពិសេស​​និវត្តជន​ចូល​មក​ស្នាក់​នៅ​បាន​​កាន់​តែ​ច្រើន​ និង​យូរ​ ព្រោះ​កម្ពុជា​មាន​​ជម្រើស​​ច្រើន​ទៅ​តាម​ការ​ចង់​បាន​របស់​ពួក​គេ​​»។

ទោះ​បី​យ៉ាង​ណា​បើ​តាម​លោក​ស្រី​ ស៊ីវលីន​ រហូត​មក​ដល់​ពេល​នេះ​ចំនួន​និវត្ត​ជន​បរទេស ​ដែល​ចូល​មក​ស្នាក់​នៅ​​កម្ពុជា ​មិន​ទាន់​មាន​ចំនួន​ច្រើន​ដូច​ប្រទេស​ជិត​ខាង​នោះ​ទេ​៕​ LA