ភ្នំពេញៈ កម្ពុជា​ជា​គោលដៅ​វិ​និយោគ​ក្រៅប្រទេស​ទី ២ របស់​វៀតណាម​នៅ​ឆមាស​ទី ១ ឆ្នាំ ២០១៨ ដោយ​ទទួល​បាន​ទឹក​ប្រាក់​វិនិយោគ ៣២ លាន​ដុល្លារ ក្នុង​ចំណោម​គម្រោង​វិនិយោគ​ក្រៅ​ប្រទេស​វៀតណាម​សរុប ២៦៣ លាន​ដុល្លារ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់ ក្រសួង​ផែនការ និង​វិនិយោគ​វៀតណាម។

តាម​តួលេខ​បាន​ពី​ការិយាល័យ​ស្ថិតិ​វៀតណាម (GSO) នៅ​អំឡុង​ចាប់ពី​ខែមករា ដល់​ខែ​មិថុនា ឆ្នាំ​នេះ ក្រុមហ៊ុន​របស់​ប្រទេស​វៀតណាម បាន​វិនិយោគ​សរុប ២៦៣ លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស ២៧ នៅ​ក្រៅ​ប្រទេស​វៀតណាម ហើយ​ក្នុង​ចំណោម​នោះ​ប្រទេស​ឡាវ​ជាប់​ចំណាត់​ថ្នាក់​ទី ១ ដោយ​មាន​ការ​វិនិយោគ​សរុប ៣១,៩ ភាគរយ ខណៈ​ដែល​ប្រទេស​កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទី ២ ដោយ​មាន​ការ​វិនិយោគ​សរុប ១២,៣ ភាគរយ។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ការ​វិនិយោគ​របស់ វៀតណាម​នៅ​កម្ពុជា​ភាគ​ច្រើន​វិនិយោគ​លើ​វិស័យ​កសិកម្ម ក្រុមហ៊ុន​លក់​រាយ និង​វិស័យ​ហិរញ្ញវត្ថុ។

លោក បាន​សង្កេត​ឃើញ​ថា លំហូរ​ចូល​ការ​វិនិយោគ​របស់​ប្រទេស​វៀតណាម​មក​កម្ពុជា បង្ហាញ​កំណើន​យឺត ក្នុង​រយៈពេល ២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​លំហូរ​ចូល​ការ​វិនិយោគ​របស់​ប្រទេស​ចិន កំពុង​បង្កើន​ល្បឿន​យ៉ាង​ខ្លាំង។

លោក​ថ្លែង​ថា៖ «ការ​ទទួល​បាន​ការ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​កាន់​តែ​ច្រើន មក​ប្រទេស​របស់​យើង នឹង​ជួយ​បង្កើត​ការងារ និង​ធ្វើ​ពិធីកម្ម​សេដ្ឋកិច្ច​របស់​យើង»។

លោក​បន្ថែមថា ប្រទេស​កម្ពុជា បាន​រក្សា​ការកែលម្អ​បរិស្ថាន​ការ​វិនិយោគ ដូច្នេះ​ប្រទេស​នេះ​នឹង​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) កាន់​តែ​ច្រើន​ឡើងៗ​នៅ​ពេល​អនាគត។

តំណាង​សា្ថ​ន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ។ យោង​តាម GSO ក្នុង​អំឡុង​ឆមាស​ទី ១ ឆ្នាំ​នេះ ការ​វិនិយោគ​ក្រៅ​ប្រទេស​របស់​វៀតណាម​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​បាន​កើន​ឡើង ដោយ​មាន​ទុនវិនិយោគ​សរុប​រហូត​ដល់ ១០៦,២ លាន​ដុល្លារ ឬ ៤០,៤ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​នៅ​បរទេស​ក្នុង​អំឡុង​ពេល​នេះ​របស់​ប្រទេស​វៀតណាម។

វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​អាហារ​សមុទ្រ បាន​ជាប់​ចំណាត់ថ្នាក់​ទី ២ ដោយមាន​តម្លៃ ៦៣,៧៩ លាន​ដុល្លារ បន្ទាប់​មក​ឧស្សាហកម្ម​កែច្នៃ និង​ឧស្សាហកម្ម​ផលិតកម្ម មាន​ការ​វិនិយោគ​សរុប ៤៨,៩ លាន​ដុល្លារ​៕