ភ្នំពេញៈ កម្ពុជា​ត្រូវ​បាន​វាយ​តម្លៃ​ល្អ​ជាង​មុន​ ៤ ចំណាត់​ថ្នាក់​ទាក់ទង​នឹង​ភាព​សកម្ម​ក្នុង​ការ​តភ្ជាប់​ទៅ​​​ពិភព​​លោក​ ខណៈ​របាយការណ៍​ប្រចាំ​ឆ្នាំ ២​០​១​៨ ​ស្តីពី​សន្ទស្សន៍​​​ត​ភ្ជាប់​ទៅ​កាន់​ពិភព​​លោក​ ដែល​សិក្សា​ដោយ​ក្រុមហ៊ុន​ឡូជីស្ទីក​ DHL បាន​ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​ ៤៩​ ក្នុង​ចំណោម​ប្រទេស​សរុប ​១៦៩​។

ការ​សិក្សា​លើក​មុន ដែល​​ក្រុមហ៊ុន​ DHL ​បាន​ចេញ​ផ្សាយ​​នៅ​​ឆ្នាំ ​២០១៥ ​បាន​ចាត់​ថ្នាក់​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​ ៥៣ ក្នុង​ចំណោម​ប្រទេស​សរុប​ ១៦៩។

DHL ​បាន​ចេញ​ផ្សាយ​របាយការណ៍​​លើកទី​៥ របស់​ខ្លួន​នៃ​សន្ទស្សន៍​ការ​ត​ភ្ជាប់​ទៅ​កាន់​ពិភព​លោក (GC​I​ DHL) ​​ជា​ការ​វិភាគ​លម្អិត​មួយ​នៃ​​សកល​ភាវូបនីយកម្ម ​ដែល​បាន​​វាស់វែង​ដោយ​លំហូរ​ជា​អន្តរ​ជាតិ​នៃ​ពាណិជ្ជកម្ម ​មូលធន​ ព័ត៌មាន ​និង​ប្រជាជន​។ គោល​​បំណង​នេះ​ ដើម្បី​បង្ហាញ​ទំហំ​លំហូរ​ជា​អន្តរ​ជាតិ​របស់​​ប្រទេស​​ទាក់ទង​នឹង​សកម្មភាព​​ក្នុង​ស្រុក​។​​

លោក Frank Appel ​អគ្គ​នាយក​ក្រុមហ៊ុន Deutsche Post DHL Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់​​​ DH​L បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​នេះ​ថា ការ​ធ្វើ​សកល​ភាវូបនីយកម្ម បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ នូវ​របៀប​រស់​នៅ​របស់​ប្រជាជន ​និង​ពិភព​លោក​សព្វ​ថ្ងៃ ដែល​ត្រូវ​បាន​តភ្ជាប់​​មិន​ដូច​ពី​មុន​នោះ​​ទេ​។​ ​

លោក​បាន​ថ្លែង​ថា​៖ «​សម្រាប់​បុគ្គល ​នេះ​អាច​មាន​ន័យ​​ថា ​ភាព​សម្បូរ​បែប​ផ្នែក​វប្បធម៌​កាន់​តែ​ច្រើន ​ជម្រើស​កាន់​​តែ​ច្រើន​ ដើម្បី​រៀន​សូត្រ ​និង​ការ​អភិវឌ្ឍ។​ សម្រាប់​​ក្រុមហ៊ុន​ ការ​ធ្វើ​សកល​ភាវូបនីយកម្ម ​កំពុង​បើក​ចំហ​ទីផ្សារ​ និង​​ឱកាស​ថ្មី»​។ ​លោក​បន្ត​ថា​៖ «​សម្រាប់​​ប្រទេស​ជា​ច្រើន ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​លំហូរ​ឆ្លង​កាត់​ព្រំដែន​ កំពុង​​​ប្រែ​ក្លាយ​ទៅ​ជា​ការ​អភិវឌ្ឍ ​និង​នវានុវត្តន៍​កាន់​តែ​រហ័ស​»។​

របាយការណ៍​ឆ្នាំ ​២០១៨ ​របស់ GCI ​បង្ហាញ​ថា ​ប្រទេស​ឈាន​មុខ​គេ​ទាំង ​១០ ​ដែល​កម្ពុជា​​មាន​លំហូរ​ ​រួម​មាន​​ចិន​មាន​​ចំណែក ​១៧ ​ភាគរយ ​ថៃ ​១៧​ ​​ភាគរយ​​ វៀតណាម ​១១ ​ភាគរយ ​អាមេរិក ​​៩ ​ភាគរយ​ កូរ៉េ​ ​៤ ​ភាគរយ​​ ជប៉ុន ​៤ ​ភាគរយ​ សិង្ហបុរី ​៤ ​ភាគរយ​ ចក្រ​ភព​អង់គ្លេស​ ៣ ​ភាគរយ​ ​​ប្រទេស ​​ឡាវ ​​៣ ​ភាគរយ​ និង​លំហូរ​របស់​កម្ពុជា​​ជា​មួយ​បារាំង​មាន ​៣ ​ភាគរយ​​។​

កម្ពុជា ​គឺ​ជា​​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​​ប្រទេស ៤ ​ផ្សេង​ទៀត​ រួម​មាន​ម៉ាឡេស៊ី ​ម៉ូហ្សំប៊ិក ​សិង្ហបុរី ​និង​វៀតណាម ​ដែល​មាន​​លំហូរ​ជា​អន្តរជាតិ​ ​លើស​ពី​ការ​រំពឹង​ទុក​ភាគ​ច្រើន​បំផុត​​ក្នុង​របាយការណ៍​ឆ្នាំ ​២០១​៨ របស់ ​GCI​ នេះ​។​

ចំណាត់​ថ្នាក់​របស់​កម្ពុជា​ទាក់ទង​នឹង​សកម្មភាព​លំហូរ​ធៀប​នឹង​សកម្មភាព​ក្នុង​ស្រុក​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ ១ ​ទសវត្សរ៍​ចុង​ក្រោយ​ ដោយ​មាន​ចំណាត់​ថ្នាក់ ២៧ នៅ​ក្នុង​របាយការណ៍ ២០១៨ ទល់​នឹង ៤៦ កាល​ពី​ឆ្នាំ ២០០៨។

ក្នុង​នាម​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ចំណាត់​ថ្នាក់​របស់​កម្ពុជា​ទាក់ទង​នឹង​សកម្មភាព​លំហូរ​ធៀប​នឹង​សកម្មភាព​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ តែ​យ៉ាង​ណា​វា​បាន​កើន​លើស​អ្វី​ដែល​បាន​រំពឹង​ទុក​។

របាយការណ៍​ GCI ឆ្នាំ ​២០១​៨​ បង្ហាញ​ថា ​ប្រទេស​ត​ភ្ជាប់​ទៅ​កាន់​ពិភព​លោក​ភាគ​ច្រើន​បំផុត​របស់​ពិភព​លោក ​គឺ​ប្រទេស​ ​ហូឡង់​ សិង្ហបុរី​ ស្វ៊ីស ​បែលហ្ស៊ិក​ អារ៉ាប់រួមអេមីរ៉ាត ​អៀរឡង់ ​លុចសំបួ​ ដាណឺម៉ាក​ ចក្រ​ភព​អង់គ្លេស ​និង​អាល្លឺម៉ង់​។​

លោក​ ស៊ិន​ ចន្ធី ​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​​កម្ពុជា​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​ប្រទេស ​កម្ពុជា មាន​ការ​រីក​ចម្រើន​​ផ្នែក​ដឹក​ជញ្ជូន ​និង​ប្រព័ន្ធ​ទូរគមនាគមន៍​ ដែល​ជួយ​សម្រួល​លំហូរ​ជា​អន្តរ​ជាតិ​កាន់​តែ​ច្រើន​។​

លោក ចន្ធី ​រំពឹង​ថា ពាណិជ្ជកម្ម​អន្តរ​ជាតិ ​មូលធន ​ព័ត៌មាន ​និង​លំហូរ​ប្រជាជន​នឹង​ត្រូវ​បាន​រំពឹង​ថា នឹង​​កើន​ឡើង​​​បន្ថែម​ទៀត​នៅ​ពេល​អនាគត​​។​

លោក​បាន​ថ្លែង​ថា​៖ «​លំហូរ​ទំនិញ ​និង​ប្រជាជន​បច្ចុប្បន្ន នៅ​ក្នុង​ប្រទេស​ ​កម្ពុជា​ ​បច្ចុប្បន្ន​ គឺ​ទៅ​ដល់​​ពិភព​លោក​កាន់​តែ​ច្រើន​ជាង​​កាល​ពី​ពេល​កន្លង​មក ​ជា​ពិសេស​នៅ​ក្នុង​រយៈ​ពេល​ ២ ឬ​៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​​តែ​យើង​​បាន​បង្កើត​​បណ្ដាញ​​ឡូជីស្ទីក​កាន់​តែ​ប្រសើរ​ជា​មួយ​ពិភព​លោក​»។

លោក​បន្ត​ថា៖ «​​​ផលិតផល​ដែល​ផលិត​​នៅ​កម្ពុជា កំពុង​ចូល​ទៅ​ទីផ្សារ​អន្តរ​ជាតិ​កាន់​តែ​ច្រើន​ឡើងៗ​។ ​ពេល​​ទំនិញ​​​លំហូរ​កាន់​តែ​​ច្រើន ​ប្រជាជន​ក៏​កើន​ឡើង​ផង​ដែរ​»៕LA