
សកម្មភាពបុគ្គលិកអគ្គិសនី កំពុងធ្វើការរំកិលបង្គោលអគ្គិសនីកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាត្រូវបានចាត់ជាប្រទេសមានកំណើនគួរឲ្យកត់សម្គាល់ទាក់ទងនឹងចំនួនប្រជាជនមានលទ្ធភាពតភ្ជាប់បណ្តាញអគ្គិសនី ហើយបានស្ថិតក្នុងចំណោមប្រទេស ៤ ដែលមានអត្រាកំណើនលឿនប្រចាំឆ្នាំ គិតចាប់ពីឆ្នាំ ២០១០ មក។ នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពថាមពលអគ្គិសនីដែលទើបចេញផ្សាយដោយធនាគារពិភពលោក។
របាយការណ៍បានបង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ៤ រួមមាន អាហ្វហ្គានីស្ថាន បង់ក្លាដែស និងប្រទេស កេនយ៉ា ដែលចំនួនប្រជាជនមានលទ្ធភាពតភ្ជាប់បណ្តាញអគ្គិសនីមានអត្រាកំណើនលើសអត្រាកំណើនឆ្នាំចាស់ ៥ ភាគរយជារៀងរាល់ឆ្នាំគិតចាប់ពី ឆ្នាំ ២០១០ មក។
ធនាគារនេះបានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយស្តីពីវឌ្ឍនភាពថាមពលឆ្នាំ ២០១៩ ដោយបានលើកឡើងថា កាលពីចុងឆ្នាំ ២០១៧ សេវាអគ្គិសនីបានគ្របដណ្តប់ដល់ ៨៩,១ ភាគរយ។
របាយការណ៍បានឲ្យដឹងថា៖ «នៅក្នុងប្រទេស កម្ពុជា ការផ្គត់ផ្គង់អគ្គិសនីដោយមិនពឹងលើបណ្ដាញជាតិ គឺជាមធ្យោបាយរហ័សបំផុតសម្រាប់ការពង្រីកលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ទៅដល់តំបន់ជនបទ»។
របាយការណ៍នេះបង្ហាញថា ក្នុងចំណោមលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ទាំងអស់នៅក្នុងតំបន់ជនបទរបស់ប្រទេស កម្ពុជា មាន ៦៧ ភាគរយ គឺតាមរយៈបណ្ដាញអគ្គិសនីជាតិ និង ៣១ ភាគរយ តាមរយៈការផ្គត់ផ្គង់អគ្គិសនីដោយមិនពឹងលើបណ្ដាញជាតិ។ នៅតំបន់ទីក្រុង មាន ៩៧ ភាគរយតាមរយៈបណ្ដាញអគ្គិសនីជាតិ ខណៈមាន ៣ ភាគរយប៉ុណ្ណោះ គឺជាការផ្គត់ផ្គង់អគ្គិសនីដោយមិនពឹងលើបណ្ដាញជាតិ។
ការផ្គត់ផ្គង់អគ្គិសនីដោយមិនពឹងលើបណ្ដាញជាតិ ដែលរួមមានបណ្ដាញអគ្គិសនីខ្នាតតូច ម៉ាស៊ីនភ្លើង ផលិតផលបន្ទះសូឡា និងអាគុយបញ្ចូលភ្លើង រួមបញ្ចូលគ្នាមានរហូតដល់ ១៤ ភាគរយ នៃការប្រើប្រាស់នៅប្រទេស បង់ក្លាដែស កម្ពុជា អេត្យូពី កេនយ៉ា មីយ៉ាន់ម៉ា និងរវ៉ាន់ដា កាលពីឆ្នាំ ២០១៧។
លោក ទី ថានី អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានឲ្យដឹងកាលពីម្សិលមិញថា ការផ្គត់ផ្គង់អគ្គិសនីបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ដែលធ្វើឲ្យសេវាអគ្គិសនីរីករាលដាលកាន់តែធំនៅក្នុងតំបន់ទីក្រុង និងជនបទក្នុងប្រទេស កម្ពុជា។
របាយការណ៍ប្រចាំឆ្នាំរបស់ EAC កាលពីឆ្នាំ ២០១៨ បានបង្ហាញថា កាលពីចុងឆ្នាំ ២០១៨ ការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងប្រទេស កម្ពុជា បានកើនឡើងដល់ ២ ៦៥០ មេហ្គាវ៉ាត់ ហើយកម្ពុជាកំណត់ទិសដៅក្នុងការបង្កើនដល់ ២៨៧០ មេហ្គាវ៉ាត់នៅឆ្នាំនេះ។ កម្ពុជានៅតែត្រូវនាំចូលថាមពលពីបណ្ដាប្រទេសជិតខាង ដើម្បីបំពេញតម្រូវការក្នុងស្រុក។
លោក ថានី បានឲ្យដឹងថា៖ «យើងរៀបចំផែនការថា នៅក្នុងឆ្នាំ ២០២០ អគ្គិសនីជាតិនឹងគ្របដណ្ដប់គ្រប់ភូមិទាំងអស់ក្នុងប្រទេស កម្ពុជា ហើយយើងសង្ឃឹមយ៉ាងខ្លាំងថា យើងនឹងសម្រេចបានទិសដៅនេះ»។
កម្ពុជាបានជួបប្រទះការដាច់ភ្លើងទូទាំងប្រទេសនៅក្នុងរយៈពេលជាង ២ ខែ ចាប់តាំងពីពាក់កណ្ដាលខែមីនា មកដល់ពាក់កណ្ដាលខែឧសភា ជាអ្វីដែលរដ្ឋាភិបាលបានឲ្យដឹងថា ដោយសារកម្រិតទឹកទាប ព្រោះអាកាសធាតុក្ដៅ ដែលប៉ះពាល់ដល់ការផលិតនៃទំនប់វារីអគ្គិសនីក្នុងការផលិតអគ្គិសនី។
អគ្គិសនីកម្ពុជា (EDC) ដែលជាតំណាងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក ថានី បានឲ្យដឹងថា ពេលដាច់ភ្លើងជិតបញ្ចប់ហើយ ព្រោះទំនប់វារីអគ្គិសនី ជិតត្រឡប់ទៅធម្មតាវិញហើយ ក្នុងការផលិតថាមពលអគ្គិសនី។
របាយការណ៍ស្ដីពីវឌ្ឍនភាពថាមពលរបស់ធនាគារពិភពលោកឲ្យដឹងថា ចំនួនប្រជាជនមិនមានលទ្ធភាពប្រើប្រាស់អគ្គិសនីបានធ្លាក់ចុះមកនៅត្រឹមប្រហែល ៨៤០ លាននាក់ទូទាំងពិភពលោក ធៀបទៅនឹង ១ ពាន់លាននាក់ កាលពីឆ្នាំ ២០១៦ និង ១,២ ពាន់លាននាក់ កាលពីឆ្នាំ ២០១០។ កាលពីចុងឆ្នាំ ២០១៧ អត្រាអគ្គិសនីពិភពលោក បានកើនឡើងដល់ ៨៩ ភាគរយ៕LA