
លោក ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភាកម្ពុជា ទទួលជួបជាមួយនឹងលោក Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាប្រទេសបង់ក្លាដែសនៅរដ្ឋសភាកាលពីថ្ងៃម្សិលមិញ។ សហការី
ភ្នំពេញៈ កម្ពុជាបានស្នើឲ្យប្រទេសបង់ក្លាដែសជំរុញអ្នកវិនិយោគរបស់ខ្លួនឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន ខណៈបច្ចុប្បន្នទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅមានទំហំតូចនៅឡើយ។
សំណើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោក ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភាកម្ពុជាជាមួយនឹងលោក Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាប្រទេសបង់ក្លាដែសនៅរដ្ឋសភាកាលពីថ្ងៃម្សិលមិញ។
លោក ងួន ញ៉ិល បាននិយាយថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើគ្រប់វិស័យ ហេតុនេះលោកចង់ឲ្យឃើញវិនិយោគិនបង់ក្លាដែសចូលមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន ខណៈបរិយាកាសវិនិយោគនៅកម្ពុជាក៏មានភាពល្អប្រសើរផងដែរ។
លោកបន្តថា កម្ពុជាមានលក្ខខណ្ឌអំណោយផលច្រើនដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានភាពរឹងមាំ មានច្បាប់វិនិយោគល្អ និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ានទៀតផង។
លោកបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា សភាបង់ក្លាដែសនឹងជួយជំរុញអ្នកវិនិយោគខ្លួនឲ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ពិសេសលើផ្នែកពាណិជ្ជកម្ម និងទេសចរណ៍»។ លោកបានបន្ថែមថា ក្រៅពីសក្តានុពលទាំងនោះកម្ពុជាក៏ជាប្រទេសដែលសម្បូរកម្លាំងពលកម្មវ័យក្មេងច្រើនផងដែរ។
ក្នុងឱកាសនោះលោក Muhammad Faruk Khan បាននិយាយថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង ២ លោកនឹងខិតខំជំរុញវិនិយោគិន និងភ្ញៀវទេសចរបង់ក្លាដែសឲ្យធ្វើដំណើរមកកម្ពុជាបានកាន់តែច្រើន។
កាលពីចុងឆ្នាំ ២០១៧ កម្ពុជាធ្លាប់បានធ្វើកិច្ចព្រមព្រៀងនាំចេញអង្ករទៅប្រទេសបង់ក្លាដែសចំនួន ២៥០ ០០០ តោន ប៉ុន្តែក្រោយមកកិច្ចព្រមព្រៀងនេះត្រូវបានលុបចោលទៅវិញ ខណៈអ្នកនៅក្នុងវិស័យស្រូវអង្ករអះអាងថា ដោយសារកម្ពុជាមិនមានអង្ករគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទៅតាមតម្រូវការ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយថា បច្ចុប្បន្នទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅមានទំហំតូចនៅឡើយ ហើយប្រសិនអាចមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែធំនោះ វាមិនត្រឹមតែបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ តែវាក៏អាចបង្កើតឲ្យមានឱកាសការងារសម្រាប់ប្រជាជនផងដែរ។
លោកថ្លែងថា៖ «ការជំរុញឲ្យមានទំនាក់ទំនងទីផ្សារថ្មីៗ គឺជាក្តីប្រាថ្នាដែលក្រសួងពាណិជ្ជកម្មកំពុងខិតខំធ្វើជារៀងរាល់ថ្ងៃ។ នៅពេលមានទីផ្សារថ្មី វានឹងជួយធ្វើឲ្យទំនិញកម្ពុជាកាន់តែមានឱកាសក្នុងការបង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ»។
កាលពីឆ្នាំ ២០១៨ ក្នុងឱកាសជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបង់ក្លាដែស ថ្នាក់ដឹកនាំទាំង ២ បានសន្យាថានឹងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឲ្យកើនដល់ ១០០ លានដុល្លារនៅត្រឹមឆ្នាំ ២០២០ នេះ។
របាយការណ៍ពីស្ថានទូតបង់ក្លាដែសបានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែសនៅក្នុងឆ្នាំ ២០១៥ មានត្រឹមតែ ៦ លានដុល្លារប៉ុណ្ណោះ ខណ:ប្រទេសទាំង ២ មានធនធានច្រើន និងលទ្ធភាពខ្ពស់សម្រាប់កិច្ចសហការលើវិស័យពាណិជ្ជកម្ម។
របាយការណ៍ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែសក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ សម្រេចបាន ១៣,៣៨ លានដុល្លារកើនឡើង ១០០, ៥៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានតម្លៃ ៦,៦៧ លានដុល្លារ។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅកាន់ប្រទេសបង់ក្លាដែសមានតម្លៃ ៧,០១ លានដុល្លារ និងនាំចូលមានតម្លៃ ៦,៣៧ លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់ប្រទេសបង់ក្លាដែសមានដូចជាផលិតផលបានមកពីការចាក់ដោយម្ជុល គ្រឿងបរិក្ខារឧបករណ៍មេកានិច និងគ្រឿងម៉ាស៊ីនមួយចំនួនជាដើម។ ចំណែកការនាំចូលមានដូចជា ផលិតផលឱសថ កប្បាស ជាតិស្ករ និងសារជាតិផ្អែម ជាដើម៕LA