ភ្នំពេញៈ មជ្ឈមណ្ឌល​ប្រឹក្សា​ធុរកិច្ច​កម្ពុជា​ (CBC) ត្រូវបាន​បង្កើត​ឡើង​លើក​ដំបូង​កាលពី​ថ្ងៃទី​ ២០ ខែឧសភា ឆ្នាំ​ ២០២១ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​បម្រើ​ជា​មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ​សម្រាប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និង​ទេសចរណ៍​កម្ពុជា និង​ថៃ ជាពិសេស​នឹង​ក្លាយជា​កាតាលីករ​ក្នុង​ការចូលរួម​អនុវត្ត​ «​យុទ្ធសាស្ដ្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣»​។

CBC ដែល​ត្រូវបាន​ផ្តួចផ្ដើម​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក គឺជា​ការចាប់ផ្ដើម​ដំបូង​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ដ្រ ដើម្បី​ជា​ការលើក​កម្ពស់​ការទូត សេដ្ឋកិច្ច និង​ជា​ស្ពាន​ចូលរួម​ចំណែក​ដល់​គោលនយោបាយ​សេដ្ឋកិច្ច និង​ការទូត​របស់​រដ្ឋាភិបាល​ទៅ​កាន់​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។

លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គ​រាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​បាន​ឱ្យដឹង​នៅក្នុង​មហាសនិ្នបាត​លើកដំបូង​តាម​អនឡាញ​នៃ​ការដាក់ឱ្យ​ដំណើរការ CBC ក្នុងប្រទេស​ថៃ​ថា ស្ថានទូត​ប្រចាំ​ទីក្រុង​បាងកក​តែង​ចូលរួម​ក្នុង​សហគមន៍​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ ដើម្បី​ផ្សព្វផ្សាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម​អន្តរជាតិ និង​ទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស​។ ជាមួយ​នឹង​ទំនាក់ទំនង​ដ៏ស្និទ្ធស្នាល​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​ដូចជា​ប្រទេស​ថៃ វា​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​អាច​នាំយក​អត្ថប្រយោជន៍​សេដ្ឋកិច្ច សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​ទៅវិញ​ទៅមក​។

លោក​ថ្លែងថា​៖ «​យើង​មាន​ភាពម៉ឺងម៉ាត់ និង​តែង​ដាក់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​គាំទ្រ​ក្រុមហ៊ុន​ទាំងឡាយ​ដែល​មានបំណង​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​មក​ប្រទេស​កម្ពុជា​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្លាំង​ពលកម្ម​តម្លៃ​ទាប ពន្ធ និង​គោលនយោបាយ​លើកទឹកចិត្ត​ដែល​បានផ្ដល់​ដោយ​រដ្ឋាភិបាល​»​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការមកដល់​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា ខ្ញុំ​សង្ឃឹមថា ភាពជា​ដៃគូ​របស់​សហគមន៍​ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ នឹងត្រូវ​ពង្រឹង​បន្ថែម​ទៀត សម្រាប់​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ ២​។ ខ្ញុំ​ក៏​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ប្រទេស​ទាំង​ ២ ​ចូលរួម​យ៉ាងសកម្ម​ក្នុង​យន្តការ​នេះ ដើម្បី​ប្រើប្រាស់​កិច្ចសហប្រតិបត្តិ​ការប្រកប​ដោយ​សក្ដានុពល​ពាណិជ្ជកម្ម​របស់​ពួកគេ​ដល់​កម្រិត​ខ្ពស់បំផុត​»​។

លោក សម្បត្តិ សុធា ប្រធាន CBC ដែល​ទើប​ជ្រើសតាំង​ថ្មី​បាន​ឱ្យ​ដឹងថា CBC នឹងមិន​គ្រាន់តែ​សំដៅលើ​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម ការជួញដូរ និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អំពី​ការផ្លាស់ប្តូរ​វប្បធម៌ និង​វិស័យ​ទេសចរណ៍​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​គំនិត​នៃ​ការបង្កើត CBC នៅ​ប្រទេស​ថៃ​បាន​ក្លាយជា​ការពិត​ចំពោះ​ខ្ញុំ​។ យើង​មាន​ទាំង​ភាពខ្លាំង និង​ភាពខ្សោយ ប៉ុន្តែ​យើង​អាច​ប្រើប្រាស់​ពួកគេ​ដើម្បី​អភិវឌ្ឍ និង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​»​។

លោក​បាន​បន្ថែមថា​៖ «​ដូច​យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា CBC មាន​គោលបំណង​ក្នុង​ការក្លាយ​អ្នកផ្តល់​សេវា​ច្រកចេញចូល​តែមួយ​សម្រាប់​ក្រុមហ៊ុន ដែល​ចង់​ចាប់ផ្ដើម​អាជីវកម្ម​នៅ​កម្ពុជា​។ បេសកកម្ម​របស់​យើង​ក៏​ជា​ការដឹកនាំ​ដែល​ធ្វើឱ្យ​កើត​មាន​ឡើង​ពិតៗ​។ នៅពេល​យើង​រួម​កម្លាំង​ទាំងអស់​របស់​យើង​ជា​ដៃគូ យើង​នឹង​កាន់តែ​ខ្លាំង​ដើម្បី​ប្រឈម​នឹង​សកល​ភាវូបនីយកម្ម​នេះ​»​។

លោក Teerawat Jitijak អនុប្រធាន​ទើបនឹង​ជ្រើសតាំង​ថ្មី​ដែល​គ្រប់គ្រង​ពាណិជ្ជកម្ម​ជាច្រើន​ក្នុង​ប្រទេស​ថៃ​បាន​ឱ្យ​ដឹងថា ការបង្កើត CBC នឹង​ក្លាយជា​អ្នក​ផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​ក្នុង​ការបង្កើន​ទំនុកចិត្ត​ក្នុង​ចំណោម​ពាណិជ្ជករ​របស់​ប្រទេស​ទាំង​ ២​។ លោក​បន្តថា​៖ «​យើង​ពិតជា​រីករាយ​ក្នុងការ​ធ្វើជា​ផ្នែក​មួយ​នៃ CBC ដោយសារ​វា​នឹង​បម្រើ​ជា​ស្ពាន​មួយ​ក្នុង​ការនាំយក​ពាណិជ្ជករ និង​វិនិយោគិន​ប្រទេស​ថៃ ដើម្បី​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ភាគី​កម្ពុជា​»​។

យោងតាម​លោក អ៊ូក សោភ័ណ្ឌ ប្រទេស​ថៃ​ស្ថិតក្នុង​ចំណោម​ប្រទេស​វិនិយោគិន​ធំជាងគេ​ទី​ ៩ នៅ​កម្ពុជា ដែល​ស្រូបយក​ប្រហែល ១ ​ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៤ និង​ចុងត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៧​។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាង ១ ០០០ មកពី​ប្រទេស​ថៃ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា​ក្រុមហ៊ុន BJC BigC Group of Companies ក្រុមហ៊ុន Siam Cement Group (SCG) ​ក្រុមហ៊ុន Charoen Porkphand Group ក្រុមហ៊ុន​ប្រតិបត្តិករ CP All Public Company ដែល​គ្រោង​បើកហាង​លក់ 7-Eleven នៅ​ប្រទេស​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​ជាមួយ​នឹង​ការដាក់ឱ្យ​ដំណើរការ CBC កម្ពុជា​ក៏​នឹង​បើក​ដំណើរការ​ដូចគ្នា​នេះ​ដែរ​នៅក្នុង​បណ្ដា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​គឺ ប្រទេស​សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម និង​ប្រទេស​ច្រើន​ទៀត​នៅពេល​អនាគត​ដ៏ខ្លី​ខាងមុខ​»៕ LA