
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី Erdogan កាលពីថ្ងៃសៅរ៍។ រូបថត ហ្វេសបុក/នាយករដ្ឋមន្ត្រី
ភ្នំពេញៈ កម្ពុជា និងតួកគី មានបំណងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទំាង ២ នៅមានកម្រិតទាបនៅឡើយនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការលើកឡើងនៅក្នុងទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ក្នុងសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ីលើកទី៥ នៅប្រទេស តាជីគីស្ថាន កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងតួកគី និងកម្ពុជា នៅមានទំហំតូច ( ជាង ៩១ លានដុល្លារ) លោកបានស្នើឲ្យមានជំរុញការធ្វើពាណិជ្ជ-ម្មរវាងប្រទេសទាំង ២ ឡើងដល់ ៥០០ លាន នឹងដល់ ១ ពាន់លានដុល្លារក្នុង ១ ឆ្នាំ។
កាលពីដើមឆ្នាំ ២០១៩ កម្ពុជា និងតួកគី បានប្តេជ្ញាម្តងហើយថានឹងបង្កើនទំហំពាណិជ្ជកម្មទេ្វភាគីឲ្យបាន ៥០០ លានដុល្លារនៅឆ្នាំ ២០២០។
លោក Erdogan បានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា៖ «ភាគីទាំង ២ គួរតែជំរុញឲ្យអ្នកវិនិយោគ និងពាណិជ្ជកររបស់ខ្លួនរកស៊ីជាមួយគ្នាឲ្យបានកាន់តែច្រើន»។ លោកបន្តថា បច្ចុប្បន្នតួកគីកំពុងឲ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយប្រទេស តួកគី ជាប្រទេសដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកចង់ឃើញការជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីកើនដល់ ១ ពាន់លានដុល្លារក្នុង ១ ឆ្នាំ ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ កំពុងមានភាពល្អប្រសើរ។ បើតាមលោកនាយករដ្ឋមន្ត្រី កម្ពុជាក៏កំពុងរៀបចំស្ថានទូតរបស់ខ្លួននៅទីក្រុងអង់ការ៉ាផងដែរ។
លោកថ្លែងថា៖ «គួរធ្វើបញ្ជីមុខទំនិញដែលអាចនាំចេញ នាំចូលរវាងប្រទេសទាំង ២ ពោលទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញបានឲ្យដឹងថា តួកគីជាប្រទេសរីកចម្រើន មានប្រជាជនច្រើន និងមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ តែកន្លងមកការវិនិយោគរវាងកម្ពុជា និងតួកគីនៅមានកម្រិតតិចតួចនៅឡើយ។
លោកបន្តថា តួកគី មានប្រជាជនច្រើនដែលទទួលទានអាហារប្រភេទ Halal ហេតុនេះឱកាសវិនិយោគលើការផលិតអាហារនេះ គឺមានច្រើនសម្រាប់កម្ពុជា ខណៈជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី នឹងចូលរួមចំណែកយ៉ាងសំខាន់ដើម្បីសម្រេចក្តីបំណងក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ផងដែរ។
លោកថ្លែងថា៖ «ដោយសារកម្ពុជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ហេតុនេះការជំរុញផ្នែកនេះនៅជំហានដំបូងគឺជាការល្អ មុនពេលការឈានឆ្ពោះទៅលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារប្រភេទ Halal ជាដើម»។
បើតាមលោក លឹម ហេង បច្ចុប្បន្នផលិតផលកម្ពុជាដែលនាំចេញទៅតួកគី មានដូចជា សម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលកសិផលមួយចំនួន ចំណែកការវិនិយោគរបស់តួកគី មានដូចជា សាលារៀន គ្រឿងសម្ភារតុបតែង និងកម្រាលព្រំជាដើម។
របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៩ របស់ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវពីប្រទេស តួកគី ២ ៣៣៩ នាក់ ធ្លាក់ចុះ ២៧,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមានចំនួន ៣ ២៣៦ នាក់។
លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទន្ទឹមនឹងកិច្ចខិតខំទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកវិនិយោគនៅកម្ពុជា ក្រសួងក៏តែងតែស្វែងរកទីផ្សារថ្មីៗ សម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។
លោកថ្លែងថា៖ «ការស្វែងរកទីផ្សារថ្មីៗ និងការធ្វើពិពិធកម្មលើផលិតផល គឺជាការងារដែលក្រសួងពាណិជ្ជកម្មកំពុងធ្វើជាប្រចាំ»។
មិនមានទិន្នន័យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេស តួកគី ក្នុងឆ្នាំ ២០១៨ ទេ ប៉ុន្តែលោក កែមវិចិត្រ ឲ្យដឹងថាសម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅតួកគី កាលពីឆ្នាំ ២០១៧ មានតម្លៃប្រមាណ ១៩,៦ លានដុល្លារ៕ LA