
ប្រាសាទ ព្រះវិហារ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិធីតាំងពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ី នៅប្រទេស ចិន កាលពីសប្តាហ៍មុន។ XINHUA NEWS AGENCY
ភ្នំពេញៈ កម្ពុជាត្រូវរៀបចំវិស័យទេសចរណ៍របស់ខ្លួន ដើម្បីអាចចាប់យកភ្ញៀវទេសចរជនជាតិចិន ដែលមានប្រាក់ចំណូលខ្ពស់បានកាន់តែច្រើន ខណៈបច្ចុប្បន្នភ្ញៀវលំដាប់ខ្ពស់នៅមានកម្រិតទាបនៅឡើយ។ នេះបើតាមអ្នកនៅក្នុងវិស័យទេសចរណ៍កម្ពុជា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរចិនជាបន្តបន្ទាប់ ប៉ុន្តែកម្ពុជានៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីស្រូបយកភ្ញៀវមានប្រាក់ចំណូលច្រើននោះទេ។
លោកស្រីបន្តថា ការអភិវឌ្ឍទីផ្សារទេសចរណ៍ ដើម្បីស្រូបយកភ្ញៀវទេសចរចិនលំដាប់ខ្ពស់ នឹងជួយឲ្យកម្ពុជាទទួលបានប្រាក់ចំណូលពីវិស័យនេះកាន់តែច្រើន។ លោកស្រីបានថ្លែងថា៖ «ដើម្បីអាចស្រូបបានភ្ញៀវទេសចរចិនលំដាប់ផ្កាយ ៥ យើងត្រូវតែធ្វើខ្លួនឲ្យក្លាយជាផ្កាយ ៥ ដែរ តាមរយៈការអភិវឌ្ឍគុណភាពសេវាកម្មរបស់ខ្លួនឲ្យបានកាន់តែប្រសើរទាំងផ្នែកតម្លៃ និងគុណភាព»។
បន្ទាប់ពីបានទៅចូលរួមក្នុងពិធីតាំងពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ី នៅប្រទេស ចិន កាលពីសប្តាហ៍មុន លោកស្រី ស៊ីវលីន បានអះអាងថា មានអ្នកចូលទស្សនា និងក្រុមហ៊ុននៅប្រទេស ចិន ជាច្រើន បង្ហាញពីការចាប់អារម្មណ៍ចំពោះការធ្វើដំណើរមកកម្សាន្ត និងមកបណ្តាក់ទុននៅកម្ពុជា។ លោកស្រីបន្តថា ព្រឹត្តិការណ៍នេះបានផ្តល់នូវភាពវិជ្ជមានជាច្រើនដល់វិស័យទេសចរណ៍នៅកម្ពុជា។
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានថ្លែងនៅក្នុងសន្និសីទកិច្ចសន្ទនាអរិយធម៌អាស៊ី កាលពីថ្ងៃទី ១៥ ខែ ឧសភាថា ក្នុងឆ្នាំ ២០១៨ ប្រជាជនចិនដែលធ្វើដំណើរទៅទស្សនាក្រៅប្រទេសមានចំនួន ១៦០ លាននាក់។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ថា ភ្ញៀវទេសចរជនជាតិចិន ត្រូវគេចាត់ទុកថា ជាភ្ញៀវមានសក្តានុពលខ្លាំងសម្រាប់គ្រប់ប្រទេសលើពិភពលោក ហើយប្រទេសទាំងអស់សុទ្ធតែមានគោលនយោបាយទាក់ទាញអ្នកទេសចរចិនឲ្យធ្វើដំណើរកម្សាន្ត។ លោកបន្តថា ទោះបីជាក្រសួងទេសចរណ៍កម្ពុជា បានធ្វើកិច្ចការជាច្រើនរួចមកហើយក៏ដោយ ក៏កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីអាចឆ្លើយតបទៅនឹងកំណើនដ៏ឆាប់រហ័សរបស់ភ្ញៀវទេសចរចិន។
លោកថ្លែងថា៖ «ទោះជាយើងខិតខំធ្វើការបណ្តុះបណ្តាលបានយ៉ាងច្រើនហើយក៏ដោយ ក៏យើងនៅតែជួបនឹងបញ្ហាកង្វះធនធានមនុស្សផ្នែកមគ្គុទ្ទេសក៍ចិនជាច្រើននាពេលនេះ»។
តាមលោក សុភ័ក ភ្ញៀវទេសចរបរទេសភាគច្រើនស្នាក់នៅកម្ពុជាចន្លោះពី ៤-៧ ថ្ងៃ និងចំណាយជាមធ្យមពី ២០០-៣០០ ដុល្លារក្នុង ១ ថ្ងៃ។
ថ្លែងក្នុងពិធីបើកពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ី កាលពីថ្ងៃទី ១៦ ខែឧសភា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ដើម្បីត្រៀមទទួលកំណើនភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិចិនមកទស្សនាកម្ពុជា រដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា គម្រោងបង្កើតព្រលានយន្តហោះថែម ២ ទៀតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ការពង្រីកព្រលានយន្តហោះនៅខេត្តព្រះសីហនុ ការពង្រីកកំពង់ផែទឹកជ្រៅ ការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត គម្រោងសាងសង់ផ្លូវល្បឿនលឿន និងការផ្ដល់ eVisa ជាដើម។
លោកបន្តថា ទន្ទឹមនឹងនេះកម្ពុជាក៏នឹងរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា លើកទី២ នៅក្នុងខែ តុលា ឆ្នាំ ២០១៩ នេះផងដែរ។
របាយការណ៍ពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០១៩ នេះកម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិជាង ១,៨ លាននាក់ កើន ៩,៧ ភាគរយ ក្នុងនោះទេសចរចិនមានចំនួនច្រើនជាងគេ គឺជាង ៦៨ ម៉ឺននាក់ កើន ៣៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។
កាលពីឆ្នាំ ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,២ លាននាក់ កើនឡើង ១១ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដោយក្នុងនោះភ្ញៀវទេសចរចិន មាន ២,០២ លាននាក់ កើនឡើង ៦៧ ភាគរយ។ សម្រាប់ឆ្នាំ ២០២០ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៧ លាននាក់ ដោយទេសចរចិន អាចកើនដល់ ៣ លាននាក់៕ LA