ភ្នំពេញៈ កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា​បើក​ឱ្យ​ដំណើរការ​ច្រកទ្វារព្រំដែន​ថ្នាក់​តំបន់​ចំនួន​ ៣ ​កន្លែង​ក្នុង​ខេត្តបាត់ដំបង​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការដោះដូរ​ទំនិញ​ទ្វេភាគី​។

លោក សឿម ប៊ុនរិទ្ធ អភិបាលរង​ខេត្តបាត់ដំបង​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ទាំង ២ ​បាន​បើក​ដំណើរការ​សកម្មភាព​ដឹកទំនិញ​ឆ្លងកាត់​ច្រកព្រំដែន​ថ្នាក់​តំបន់​ទាំង ៣ ​នេះ​កាលពី​ថ្ងៃ​អង្គារ ទី​ ២៣ ខែមីនា​។

លោក​ឱ្យដឹងថា ច្រកទ្វារ​ថ្នាក់​តំបន់​ទាំង ៣ រួមមាន ច្រកព្រំដែន​អូរអន្លក់ ស្ថិតនៅ​ស្រុក​កំរៀង និង​ច្រក​អូររំដួល ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក​ជាប់​ទៅនឹង​ស្រុក​សយដាវ ខេត្ត​ចាន់បុរី​ (​ថៃ​) និង​ច្រកទ្វារ ៤០០ ​ស្ថិត​ក្នុង​ស្រុក​សំឡូត ជាប់​នឹង​ស្រុក​បរ៉ៃ ខេត្ត​ត្រាត​។

លោក​ថ្លែងថា​៖ «​យើង​បើក​ច្រក​នេះ​គឺ​អនុញ្ញាត​ឱ្យ​កសិផល​របស់​កសិករ​ខ្មែរ​ដែល​ផលិត​បាន​ដូចជា ដំឡូងមី ស្វាយកែវ​រមៀត និង​ពោតក្រហម អាច​ដឹកជញ្ជូន​ទៅ​ប្រទេស​ថៃ​។ ការបើក​ឱ្យមាន​ចរាចរណ៍​នេះ​នឹង​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​តាមរយៈ​បើក​ទីផ្សារ​ឱ្យ​គាត់​»​។

លិខិត​របស់​អភិបាលខេត្ត​បាត់ដំបង​លោក ងួន រតនៈ ចុះ​ថ្ងៃទី​ ១៩ ខែមីនា បាន​បញ្ជាក់ថា ច្រកព្រំដែន​នេះ​ដាក់ឱ្យ​ដំណើរការ​សម្រាប់​ការដោះដូរ​ទំនិញ​គ្នា​តែប៉ុណ្ណោះ ដោយ​អនុញ្ញាត​ឱ្យតែ​រថយន្ត​ក្នុង​ ១ ​គ្រឿង​ មាន​មនុស្ស ២ ​នាក់ និង​តម្រូវឱ្យ​គោរព​តាម​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩​។

លិខិត​បញ្ជាក់ថា​៖ «​ទីតាំង​ដោះដូរ​ទំនិញ និង​លើកដាក់​ទំនិញ​ត្រូវធ្វើ​ក្នុង​បរិវេណ​ច្រកទ្វារព្រំដែន​នីមួយៗ​។ ការដឹក​ទំនិញ​ឆ្លងកាត់​ច្រកទ្វារ​គឺ​ចាប់ពី​ម៉ោង​ ៨ ​ព្រឹក​ដល់​ម៉ោង​ ៥ ​ល្ងាច​»​។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ឱ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ សម្រេចបាន ៧ ២៣៦ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ២៣,១៧ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕ LA