ភ្នំពេញៈ ដំណើរការផ្លូវដែកពីកម្ពុជាទៅថៃនឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការឆាប់ៗក្រោយការចរចាថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសទាំង ២ ដំណាក់កាលចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃនេះក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា ភាគីទាំង ២ ពិភាក្សាលើការរៀបចំឡើងវិញ និងពង្រីកនៃស្ថានីយរួមនៃប្រទេសទាំង ២។
លោកបានថ្លែងថា៖ «ជំនួបពិភាក្សានេះអាចនិយាយថាជាដំណាក់កាលចុងក្រោយមុនពេលរថភ្លើងអាចធ្វើប្រតិបត្តិការទៅវិញទៅមកបាន ខណៈការតភ្ជាប់ត្រូវបានបញ្ចប់រួចរាល់ហើយ»។ ទោះបីជាយ៉ាងនេះក្តីលោកបញ្ជាក់ថា ពេលវេលាជាក់លាក់មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ការដឹកជញ្ជូនទំនិញតាមរយៈផ្លូវរថភ្លើងមិនត្រឹមតែអាចជួយកាត់បន្ថយតម្លៃដឹកជញ្ជូន និងពេលវេលាប៉ុណ្ណោះទេ តែវាក៏នឹងមិនធ្វើឲ្យខូចខាតដល់ផ្លូវជាតិផងដែរ ខណៈបច្ចុប្បន្ននេះរថយន្តដឹកទំនិញធំតែងតែផ្ទុកទំនិញធ្ងន់លើសពីច្បាប់កំណត់យ៉ាងច្រើន។
លោក កេត វិបុល អ្នកនាំចូលក្រដាស និង ស្រោមសំបុត្រពីប្រទេសថៃ ១ រូបបានឲ្យដឹងថាបច្ចុប្បន្នលោកបាននាំចូលទំនិញចន្លោះ ១៥ ទៅ ២០ តោន ដែលត្រូវចំណាយពេលចន្លោះពី ៣ ទៅ ៤ ថ្ងៃ។
លោកថ្លែងថា៖ «ទំនិញរបស់ខ្ញុំគិតចាប់ពីចេញពីរោងចក្រនៅក្រុងបាងកកមកដល់រាជធានីអាចមានរយៈពេល ៣-៤ ថ្ងៃដោយត្រូវចំណាយថ្លៃបង់ពន្ធ និងដឹកជញ្ជូនអស់ជាង ២ ពាន់ដុល្លារ»។ លោកបន្តថាពេលប្រតិបត្តិការផ្លូវដែកកម្ពុជា-ថៃ លោកនឹងពិចារណា ការដឹកជញ្ជូនតាមផ្លូវដែកវិញដោយរំពឹងថានឹងចំណាយតិចជាង។
បច្ចុប្បន្ននេះប្រទេសកម្ពុជាមានផ្លូវដែក ២ ខ្សែគឺខ្សែទី ១ ចេញពីភ្នំពេញទៅក្រុងប៉ោយប៉ែតមានចម្ងាយ ៣៨៦ គីឡូម៉ែត្រត្រូវបានសាងសង់ចាប់ពីឆ្នាំ ១៩២៩ ដល់ ឆ្នាំ ១៩៤២ និងខ្សែទី ២ ចេញពីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុមានចម្ងាយ ២៦៦ គីឡូម៉ែត្រត្រូវបានសាងសង់ពីឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៦៩។
កំណាត់ផ្លូវដែកពីខេត្តពោធិ៍សាត់មកភ្នំពេញត្រូវបានបើកដំណើរការកាលពីថ្ងៃទី ៤ កក្កដា មានប្រវែង ១៦៦ គីឡូម៉ែត្រ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ខណៈការតភ្ជាប់ផ្លូវដែកនៅកម្ពុជាទៅថៃត្រូវបានបញ្ចប់ ១០០ ភាគរយ ប៉ុន្តែការបើកដំណើរការនឹងត្រូវសម្រេចក្រោយការពិភាក្សាគ្នានៅថ្ងៃសុក្រនេះ។ លោកថ្លែងថា៖ «ថ្ងៃសុក្រនេះ ខ្ញុំ និងក្រុមការងារបច្ចេកទេសនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃ និងក្រុមការងារបច្ចេកទេស ដើម្បីចរចាបញ្ចប់ការងារនេះ»៕LA