
ភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប នាពេលកន្លងមក។
ភ្នំពេញៈ កម្ពុជា-ថៃ នឹងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀតលើវិស័យទេសចរណ៍ ដើម្បីជំរុញឲ្យលំហូរភ្ញៀវទេសចររវាងប្រទេសទាំង ២ និងការឆ្លងកាត់របស់ទេសចរពីប្រទេសទី ៣។ នេះបើយោងតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីទេសចរណ៍ទាំង ២ នៅខេត្តកំពតកាលពីថ្ងៃពុធ។
តាមរយៈកិច្ចប្រជុំនេះ ភាគីទាំង ២ បានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនដូចជា ការពង្រឹងទំនាក់ទំនងជាមួយគ្នា ការជួយសម្រួលការធ្វើដំណើរ ទិដ្ឋាការ ការប្រើប្រាស់បណ្ណឆ្លងដែន ការជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឲ្យគ្នាទៅវិញទៅមក ការប្រើប្រាស់ទិដ្ឋាការរួម និងការចូលរួមតាំងពិព័រណ៍ទេសចរណ៍ជាដើម។
ក្នុងជំនួបនេះកម្ពុជាក៏ស្នើឲ្យថៃជួយបណ្តុះបណ្តាលជំនាញទេសចរណ៍ ការគ្រប់គ្រងគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងបដិសណ្ឋារកិច្ចផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេស ថៃ ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ព្រោះប្រទេស ថៃ ទទួលបានភ្ញៀវទេសចរយ៉ាងច្រើនជារៀងរាល់ឆ្នាំ។
លោកស្រីបានថ្លែងថា៖ «ប្រទេស ថៃ មានប្រជាជនច្រើន និងមានជើងហោះហើរផ្ទាល់ពីអន្តរជាតិច្រើន ដូច្នេះបើយើងមានកិច្ចសហការល្អ និងមានការប្រើប្រាស់ទិដ្ឋាការរួម ទៀតនោះ វានឹងជួយធ្វើឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរកាន់តែច្រើន»។
លោកស្រីបន្តថា បច្ចុប្បន្នកម្ពុជា និងថៃ កំពុងស្វះស្វែងក្នុងការរៀបចំឲ្យមានការប្រើប្រាស់ទិដ្ឋាការទេសចរណ៍រួមនេះ។
ទិន្នន័យពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៨ នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរ ជាតិជាង ៣,៩ លាននាក់ កើនឡើង ១១,៧ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ក្នុងនោះទេសចរថៃមានប្រមាណ ២១០ ៨២៦ នាក់ធ្លាក់ចុះ ៣,៩ ភាគរយ៕LA