ភ្នំពេញៈ ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​របស់​ថៃ ​(DFT) ​នឹង​រៀបចំ​ព្រឹតិ្តការណ៍​ភាព​ជា​ដៃ​​គូ​សេដ្ឋកិច្ច​ថៃ-​​កម្ពុជា ​ដែល​រដ្ឋាភិបាល​​ប្រទេស​ទាំង ​២ និង​វិស័យ​​ឯកជន​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​​ការ​វិនិយោគ​។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត ​The ​Nation​។

ព្រឹត្តិការណ៍​នេះ​នឹង​មាន​កម្មវិធី​សកម្មភាព​ផ្គូផ្គង​អាជីវកម្ម​សម្រាប់​វិស័យ ​៤ ដែល​គេ​​រំពឹង​ថា​នឹង​​ធ្វើ​​ឲ្យ​មាន​កើត​មាន​ពាណិជ្ជកម្ម​ភា្លមៗ ​ដែល​មាន​តម្លៃ​ជាង​ ៣០ ​លាន​បាត ​និង​ការ​ផ្ដល់​យោបល់​​ស្ដីពី​របៀប​​ក្នុង​ការ​ចូល​ទីផ្សារ​កម្ពុជា​។

លោក ​Adul ​Chotinisakorn ​អគ្គនាយក ​DFT ​ឲ្យ​ដឹង​ថា ​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​តាម​ព្រំដែន​ថៃ​-​កម្ពុជា​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​២៥​ និង ​២៦ ​ខែ​មីនា ​ដោយ​មាន​គោល​បំណង​បង្កើន​​ទំនាក់ទំនង​ទ្វេ​ភាគី​ ​ក្នុង​​កម្រិត​​​មូលដ្ឋាន​ និង​ការ​ពង្រីក​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​។ ​ព្រឹត្តិការណ៍​នេះ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​កំណើន​នៃ​កិច្ច​សហ​ប្រតិបត្តិការ​របស់​ខេត្ត​តាម​ព្រំដែន​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ដ្រី​ក្រសួង​​ពាណិជ្ជកម្ម​ថៃ ​និង​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​។​

ឆ្នាំ​នេះ​ មន្ដ្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស ​​កម្ពុជា​ ព្រម​ទាំង​​តំណាង​​ជា​ច្រើន​​មក​ពី​រដ្ឋាភិបាល និង​​វិស័យ​ឯកជន​ មក​ពី​ខេត្ត​ជាប់​ព្រំដែន​ នៅ​​ក្នុង​ប្រទេស​ទាំង ​២​ ត្រូវ​បាន​រំពឹង​ថា ​នឹង​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​នេះ​។ ភារកិច្ច​របស់​ពួក​គេ​​នឹង​កំណត់​​ដំណោះ​​ស្រាយ​ល្អ​បំផុត​​ក្នុង​ការ​ជំរុញ​ និង​​ការ​លើក​កម្ពស់​ ពាណិជ្ជកម្ម និង​ការ​​វិនិយោគ​តាម​ព្រំដែន ​ព្រម​ទាំង​​កិច្ច​សហ​ប្រតិបត្តិ​ការ​ លើ​ទិដ្ឋភាព​ផ្សេង​ៗ។​

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​នូវ​​សកម្មភាព​មួយ​ចំនួន​​ រួម​កិច្ច​ប្រជុំ​ផ្គូរផ្គង​អាជីវកម្ម​រវាង​សហគ្រិន​របស់​ប្រទេស ​ថៃ ​និង​សហគ្រិន​របស់​ប្រទេស ​កម្ពុជា​ មក​ពី​វិស័យ ​៤ ​គឺ ​អាហារ ​និង​ភេសជ្ជៈ ​ទំនិញ​ប្រើប្រាស់ (​​​ផលិតផល​សុខភាព ​និង​សម្ជស្ស​) ​គ្រឿង​ចក្រ​កសិកម្ម​ និង​រថយន្ត ​(រួម​ទាំង​គ្រឿង​បន្លាស់​ម៉ូតូ ​និង​គ្រឿង​បន្លាស់​រថយន្ត​)។​

លោក ​រំពឹង​ថា ​សកម្មភាព​នេះ​​នឹង​នាំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​ភ្លាមៗ​ មាន​តម្លៃ ​៣០ ​លាន​បាត​ ដែល​បង្ហាញ​នៅ​ក្នុង​វិស័យ​អាហារ ​និង​ភេសជ្ជៈ ​និង​ទំនិញ​ប្រើប្រាស់ ​ដោយ​សារ​តែ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​។​

ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង ​២ ​នេះ ​បាន​ទទួល​កំណើន​ខ្លាំង​​ក្នុង​រយៈ​ពេល ​២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ​។ កាល​ពី​ឆ្នាំ​មុន ​ពាណិជ្ជកម្ម​តាម​ព្រំដែន​របស់​ថៃ និង​កម្ពុជា​ មាន​តម្លៃ ​៤៥​,​៧៩​ ពាន់​លាន​បាត​ កើន​ឡើង​ ​១៦ ​ភាគរយ​។ ​

DFT​ ជឿជាក់​ថា ​ព្រឹត្តិការណ៍​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តាម​ព្រំដែន​ថៃ និង​កម្ពុជា នឹង​មិន​គ្រាន់​តែ​ជំរុញ​​សេដ្ឋកិច្ច​របស់​​ប្រទេស​ទាំង​ ​២ ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​​នឹង​បង្កើន​តម្លៃ​ពាណិជ្ជកម្ម​តាម​​ព្រំដែន​​ផង​ដែរ៕​LA