ភ្នំពេញ: កម្ពុជា និង​ថៃ​ បាន​ឯកភាព​បន្ត​ពិភាក្សា​ឡើងវិញ​ពី​គម្រោង​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​អះអាង​ត្រួតស៊ីគ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ​ជាប់​ព្រំដែន​ទឹក​រវាង​ប្រទេស​ទាំង​ ២​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​។

លោក ជៀប សួរ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ ៣៧ នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​ ៦ ខែ​ កញ្ញា តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា​បន្ត​ពិភាក្សា​ឡើងវិញ​ពី​គម្រោង​អភិវឌ្ឍន៍​ថាមពល​នៅ​តំបន់​ដែល​អះអាង​ថា​ត្រួតស៊ី​គ្នា​ដែល​បាន​ពន្យារពេល​ជា​យូរ​មក​ហើយ​។

លោក​ថ្លែងថា​៖ «​ភាគី​ទាំង​ ២ ​បាន​ឯកភាព​គ្នា​ក្នុង​ការបន្ត​ពិភាក្សា​រក​ដំណោះស្រាយ​នៅ​តំបន់ [​អះអាង​] ត្រួតស៊ី​គ្នា​រវាង​កម្ពុជា និង​ថៃ​ដោយ​​រដ្ឋមន្ត្រី​ថាមពល​ថៃ​បាន​បង្ហាញ​ឆន្ទៈ​ធ្វើការ​ជាមួយ​កម្ពុជា​ក្នុង​ការស្វែងរក​ដំណោះស្រាយ​»​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក ជៀប សួរ ថ្លែង​ថា​ភាគី​ទាំង​ ២ ​មិន​ទាន់​បាន​កំណត់ពេល​ជាក់លាក់ ដើម្បី​ពិភាក្សា​នៅ​ឡើយ​ទេ​។

សិទ្ធិ​អភិវឌ្ឍន៍​នៅ​លើ​តំបន់​អះអាង​ត្រួតស៊ីគ្នា ទំហំ ២៦ ០០០ គីឡូម៉ែត្រ​ការ៉េ​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ក្នុង​ឈូង​សមុទ្រ​ថៃ​ជា​តំបន់​ជម្លោះ​ដែល​ភាគី​ទាំង​ ២ ​បាន​ទាមទារ​រៀងៗ​ខ្លួន​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​។

អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​រុករក​រួម​គ្នា​ក្នុង​តំបន់​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០០១ ប៉ុន្តែ​ក្រោយ​មក​រដ្ឋាភិបាល​ថៃ​បាន​ទុកចោល​នៅ​ឆ្នាំ​ ២០០៩​។ ប៉ុន្តែ​កិច្ចពិភាក្សា​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​រុករក​ប្រេង និង​ឧស្ម័ន​បាន​កើតឡើង​វិញ នៅពេល​ដែល​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រី​របស់​លោក ថាក់ស៊ីន បាន​ឡើងកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​ ២០១១​។ ប៉ុន្តែ​ត្រូវ​ផ្អាក​វិញ​ចាប់​តាំងពី​លោកស្រី យីងឡាក់ អស់​តំណែង​កាលពី​ខែ​ ឧសភា ឆ្នាំ ២០១៤​។ តំបន់​អះអាង​ត្រួតស៊ីគ្នា​នេះ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ប្រេង និង​ឧស្ម័ន ៥០០ ​លាន​បារ៉ែល ​នៅ​ក្រោម​បាតសមុទ្រ​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក ជៀប សួរ សង្ឃឹម​ថា​ការជួបពិភាក្សា​លើក​នេះ​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​បន្ទាប់ពី​គម្រោង​នេះ​ត្រូវ​បាន​ពន្យារពេល​ជាច្រើន​ឆ្នាំ​។ លោក​បាន​ថ្លែងថា​៖ «[​ការអភិវឌ្ឍ​នោះ​] ដើម្បី​បាន​ផលប្រយោជន៍​ពី​ធនធាន​យក​មក​ប្រើប្រាស់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង ហើយ​ជា​សន្តិសុខ​ថាមពល​សម្រាប់​យើង​»​។

លោក​បន្តថា​៖ «​បន្ទាប់ពី​មាន​ការឯកភាព​គ្នា ភាគី​ទាំង​ ២ ​នឹង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តំបន់​ [​ត្រួតស៊ីគ្នា​] ព្រោះ​តំបន់​នោះ​មិន​ទាន់​មាន​នរណា​ហ៊ាន​ធ្វើការ​សិក្សា​នោះទេ​»​។

នៅក្នុង​ចក្ខុវិស័យ​ថាមពល​អាស៊ីអាគ្នេយ៍​កាលពី​ឆ្នាំ​ ២០១៣ របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​ឲ្យ​ដឹងថា​ត្រឹម​ឆ្នាំ​ ២០៣៥ ការផលិត​ឧស្ម័ន​របស់​ប្រទេស​ថៃ​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្លាក់ចុះ​ ៧៥ ​ភាគរយ ខណៈ​តម្រូវការ​ក្នុង​ស្រុក​សម្រាប់​ឧស្ម័ន​ធម្មជាតិ​នឹង​កើនឡើង​ក្នុង​អំឡុង​ពេលនោះ​។ IEA បាន​លើក​ឡើង​ថា OCA នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ចក្ខុវិស័យ​ថាមពល​របស់​ប្រទេស​ថៃ​ទៅ​ដល់​ឆ្នាំ​ ២០៣៥​។

លោក Sontirat Sontijirawong រដ្ឋមន្ត្រី​ថាមពល​ប្រទេស​ថៃ​បាន​ប្រាប់​កាសែត The Nation ដោយ​សង្ឃឹមថា កម្ពុជា និង​ថៃ​ អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដែល​ស្រដៀង​គ្នា​នឹង​តំបន់​អភិវឌ្ឍន៍​រួមគ្នា​រវាង​ម៉ាឡេស៊ី និង​ថៃ​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​នីមួយៗ​អាច​ទាញ​យក ៥០ ​ភាគរយ​ នៃ​ទិន្នផល​ឧស្ម័ន​សរុប​ក្នុង​តំបន់​នោះ​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ស្វាគមន៍​ចំពោះ​ភាគី​ទាំង​ ២ ដែល​បាន​ឯកភាព​គ្នា​បន្ត​ពិភាក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ថាមពល​នៅ​តំបន់​អះអាង​ត្រួតស៊ី​គ្នា​នេះ ហើយ​ថា​វា​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ​។ លោក​ថ្លែង​ថា​៖ «​នេះ​ជា​រឿង​ល្អ​មាន​ភាព​វិជ្ជមាន​ព្រោះ​ភាគី​ទាំង​ ២ ​យល់ស្រប​ការបែងចែក​ខ្សែ​ខណ្ឌសីមា​រវាង​ប្រទេស​ទាំង​ ២ បន្ទាប់​ពីនេះ​ទៅ​គេ​បែងចែក​ផល​គ្នា​អាស្រ័យ​លើ​ការពិភាក្សា​គ្នា​»​។

បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​ស្វែងរក និង​ការទាញ​យក​ប្រេង​នៅក្នុង​សមុទ្រ​របស់ខ្លួន​នៅក្នុង​ប្លុក A ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន KrisEnergy Ltd មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស ​សិង្ហបុរី​។ ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា ខ្លួន​នឹង​អាច​សម្រេច​បាន​តាម​ការ​គ្រោងទុក​ក្នុង​ការទាញ​យក​ដំណក់​ប្រេង​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​ ២០១៩ ​នេះ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​កាលពី​ខែ​ សីហា ឆ្នាំ​ ២០១៧ ​ថា ប្លុក A ត្រូវបាន​គេ​ជឿជាក់​ថា​នឹង​មាន​ប្រេង​ប្រហែល​ ៣០ ​លាន​បារ៉ែល​ ដែល​អាច​ទាញ​យក​បាន​រហូត​ដល់​រយៈពេល​ ៩ ​ឆ្នាំ​៕LA