ភ្នំពេញៈ កម្ពុជា​បាន​រំកិល​ចំណាត់ថ្នាក់ ៣ ​លេខ​ទាក់ទង​នឹង​ភាព​ច្នៃប្រឌិត​នៅ​ឆ្នាំ​ ២០១៨ ខណៈ​របាយការណ៍​ថ្មី​មួយ​ស្តីពី​សន្ទស្សន៍ភាព​ច្នៃប្រឌិត​ពិភពលោក​ ២០១៨ (GII) បាន​ចាត់ថ្នាក់​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​ ៩៨ ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​សិក្សា​ចំនួន​ ១២៦​។

លទ្ធផល​នេះ​បង្ហាញ​ពី​ការកែលម្អ​តិចតួច​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ កាលពី​ឆ្នាំ​ ២០១៧ របាយការណ៍​របស់ GII បាន​ចាត់ថ្នាក់​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​ ១០១ ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​សិក្សា​សរុប​ ១២៧ ប្រទេស​។

របាយការណ៍ GII ត្រូវ​បាន​ចេញ​ផ្សាយ​រួម​គ្នា​ជាមួយ​សាលា​ពាណិជ្ជសាស្ត្រ Insead សាកល​វិទ្យាល័យ Cornell និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។

ការវាយ​តម្លៃ​នេះ​ផ្អែក​លើ​កត្តា​ផ្សេងៗ​ដែល​ជាប់​ទាក់ទង​នឹង​ការច្នៃប្រឌិត​ដូចជា ការអប់រំ កម្មវិធី​រក្សា​សិទ្ធិ ការទទួល​យក​បច្ចេកវិទ្យា កិច្ចសហការ​ស្រាវជ្រាវ​ឧស្សាហកម្ម លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ការងារ​ផ្អែក​លើ​ចំណេះដឹង និង​កត្តា​ផ្សេងៗ​ទៀត​។

របាយការណ៍​នេះ​បាន​កត់សម្គាល់​ថា​៖ «​កម្ពុជា​ជា​ប្រទេស​ថ្មី​ក្នុង​ទិដ្ឋភាព​នវានុវត្តន៍​ពិភពលោក​។ នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន [​កម្ពុជា​] ជាប់​លំដាប់​ទី​ ២ បន្ទាប់ពី​ប្រទេស​សិង្ហបុរី​ខាង​លំហូរ​ចូល និង​ពិន្ទុ FDI ល្អប្រសើរ​នៅ​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ជា​ចង្កោម​»​។ របាយការណ៍​នេះ​បន្ថែម​ថា កម្ពុជា​នៅ​តែ​ខ្វះ​សូចនាករ​ផ្សេង​ទៀត​ជាច្រើន​ដែល​ត្រូវ​បាន​សិក្សា​។

ឆ្នាំ​នេះ​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ត្រូវ​បាន​ផ្ដល់​ចំណាត់ថ្នាក់​ក្រោម​លេខ​ ១០០ ក្នុង​របាយការណ៍ GII​។ ប៉ុន្តែ​ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​គឺ​ទាប​បំផុត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​អាស៊ី ទោះបី​ជា​មីយ៉ាន់ម៉ា និង​ឡាវ​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​នៅក្នុង​របាយការណ៍​នេះ​ក៏ដោយ​។

ប្រទេស​សិង្ហបុរី​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​ក្នុង​ចំណោម​សមាជិក​អាស៊ាន​។ សិង្ហបុរី​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៥ ក្នុង​ចំណោម ១២៦ ​ប្រទេស​។ ម៉ាឡេស៊ី បាន​រំកិល​ឡើង​ ២ ​លេខ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ធៀប​នឹង​ឆ្នាំ​ ២០១៧ ដែល​ជាប់​ចំណាត់ថ្នាក់​ទី​ ៣៥ ខណៈ​ប្រទេស​ថៃ​រំកិល​ឡើង​ ៧ ​លេខ និង​ទទួល​បាន​ចំណាត់ថ្នាក់​ទី​ ៤៤ ជា​រួម​៕LA