
ភ្ញៀវទេសចរបរទេសថតរូបអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី ២៤ កុម្ភៈ ២០២០។ អ៉ាប់ឌុល រ៉ាស់ហ៊ីម ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាទទួលបានចំណូលពីវិស័យទេសចរណ៍អន្តរជាតិប្រមាណជិត ៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ កើនឡើងជាង ១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមក្រសួងទេសចរណ៍។
ទិន្នន័យពីក្រសួងទេសចរណ៍ផ្សព្វផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា ក្នុងឆ្នាំ ២០១៩ កម្ពុជាទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិ ៤,៩១ លានដុល្លារកើនឡើង ១២,៤ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៤,៣៧ លានដុល្លារ។ កាលពីឆ្នាំ ២០១៨ ចំណូលពីវិស័យទេសចរណ៍អន្តរជាតិមានកំណើន ២០,៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៧។ ចំណូលពីវិស័យទេសចរណ៍បានរួមចំណែកប្រមាណ ១២,១ ភាគរយនៅក្នុងផលិតផលក្នុងស្រុក។
ទិន្នន័យបានឲ្យដឹងទៀតថាក្នុងឆ្នាំ ២០១៩ កន្លងមកភ្ញៀវទេសចរអន្តរជាតិ ដែលបានចូលមកប្រទេសកម្ពុជាមានចំនួន ៦,៦១ លាននាក់កើនឡើង ៦,៦ ភាគរយពីចំនួន ៦,២ លាននាក់ក្នុងឆ្នាំ ២០១៨។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរមកកម្ពុជាក្នុងឆ្នាំ ២០១៩ គឺភ្ញៀវទេសចរមកពីប្រទេសចិនមានចំនួនច្រើនជាងគេ គឺ ២,៣៦ លាននាក់ វៀតណាម ៩០៨ ៨០៣ នាក់ ថៃ ៤៦៦ ៤៩៣ នាក់ និងឡាវ ៣៦៣ ៩៥១ នាក់។ តាមរយៈវិស័យទេសចរណ៍កម្ពុជាបានបង្កើតការងារបានចំនួន ៦៣ ម៉ឺននាក់។
ទន្ទឹមនឹងនេះភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរទៅក្រៅប្រទេសក្នុងឆ្នាំ ២០១៩ មានចំនួន ២,០៤ លាននាក់កើនឡើង ២,១ ភាគរយពីចំនួន ២ លាននាក់កាលពីឆ្នាំ ២០១៨។ នេះបើតាមរបាយការណ៍។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរមកកម្ពុជាបានកើនឡើងតិចតួចកាលពីដើមឆ្នាំ ២០១៩ បើធៀបនឹងឆ្នាំ ២០១៨ ប៉ុន្តែចាប់ពីពាក់កណ្តាលឆ្នាំរហូតដល់ចុងឆ្នាំ សញ្ញានៃការធ្លាក់ចុះបានលេចចេញកាន់តែខ្លាំង។
លោកបន្តថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជាអាចបណ្តាលមកពីកត្តារួមផ្សំជាច្រើនដូចជា ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាមេរិក វិបត្តិនយោបាយ ជម្លោះការទូតរវាងប្រទេសជាច្រើនលើពិភពលោក និងការផ្ទុះឡើងនៃមេរោគ COVID-19 ជាដើម។ លោកថ្លែងថា៖ «ផ្អែកលើកត្តាទាំងនេះខ្ញុំគិតថា នៅឆ្នាំ ២០២០ នេះស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជានឹងធ្លាក់ចុះ ហើយប្រាក់ចំណូលក៏អាចប្រែប្រួលទៅតាមនោះដែរ»។
ការព្យាករក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឆ្នាំ ២០២០ នេះកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៤៥ លាននាក់ និងប្រាក់ចំណូល ៥ ពាន់លានដុល្លារ។
លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសា ចិន-កម្ពុជា បាននិយាយ ថាតួលេខដែលបង្ហាញថាចំនួនភ្ញៀវទេសចរអន្តរជាតិ និងទឹកប្រាក់ដែលកម្ពុជាទទួលបានក្នុងឆ្នាំ ២០១៩ បានកើនឡើងតិចតួច បើធៀបនឹងឆ្នាំ ២០១៨ នោះគឺជាតួលេខនៅទូទាំងប្រទេស តែសម្រាប់តំបន់សៀមរាបអង្គរ គឺមិនមានកំណើនទេកាលពីឆ្នាំមុន។ ការធ្លាក់ចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាបបានកើតឡើងចាប់តាំងពីបុណ្យចូលឆ្នាំខ្មែររហូតមកដល់ពេលនេះតែម្តង ជាពិសេសភ្ញៀវជនជាតិចិន។
លោកប្រាប់ថា៖ «សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាប ពិសេសជនជាតិចិនគឺបានធ្លាក់ចុះជាលំដាប់»។
ទាក់ទងនឹងវិស័យទេសចរណ៍ឆ្នាំ ២០២០ លោកនិយាយថានឹងមានការធ្លាក់ចុះច្រើន។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាក្នុងឆ្នាំ ២០២០ នេះចំនួនភ្ញៀវទេសចរមកកម្ពុជា ពិសេសខេត្តសៀមរាបនឹងធ្លាក់ចុះខ្លាំង ព្រោះចាប់ពីថ្ងៃទី ២៧ ខែមករា មកដល់ពេលនេះចំនួនភ្ញៀវទេសចរចិនដែលមកខេត្តសៀមរាបបានធ្លាក់ចុះប្រមាណ ៩៥ ភាគរយ»។
លោកបន្តថា ដើម្បីបង្កើនភាពទាក់ទាញវិន័យទេសចរណ៍ឲ្យមកកម្សាន្តនៅកម្ពុជាបានច្រើន ការរួមគ្នារវាងអាជ្ញាធរ និងស្ថាប័នគឺមានភាពចាំបាច់ណាស់។
លោកបន្តថា ទន្ទឹមនឹងកិច្ចខិតខំនោះប្រជាជនក្នុងស្រុកក៏គួរតែបង្កើតភាពរាក់ទាក់ និងមិនគួរមានការរើសអើងចំពោះភ្ញៀវទេសចរជនជាតិមួយចំនួននោះទេ ពិសេសជនជាតិចិនដែលជាប្រភពដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ មិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕LA