កំពង់ចាមៈ កម្ពុជា​បាន​នាំ​ចេញ​សន្លឹក​ថ្នាំ​ស្ងួត​ជាង ១ ០០០​ តោន​ទៅវៀត​ណាមកាល​ពី​ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ​ជាង ២ លាន​ដុល្លារ​ កើន​ឡើង ២៤ ភាគ​រយ​។ ​នេះ​បើ​យោង​តាម​តួ​លេខ​បាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម​។​

ទិន្ន​ន័យ​ដែល​បាន​ផ្ដល់​ដោយ​ លោក ឡុង កែម​វិចិត្រ អ្នក​នាំ​ពាក្យ​​ក្រសួង​​ពាណិជ្ជ​កម្ម​ បង្ហាញ​ថា ​កម្ពុជា​បាន​នាំ​ចេញ​​ថ្នាំ​ជក់​សរុប ១ ២០០ ​តោន​ទៅ​វៀត​ណាម​ ស្មើ​នឹង ២,៣៧ លា​នដុល្លារ​ ធៀប​​នឹង ៩៨៩, ៧៥ តោន​កាល​ពី​ឆ្នាំ ២០១៦ ដែល​មាន​តម្លៃ ១,៩១ លាន​ដុល្លារ​។​

កម្ពុជា និង​វៀត​ណាម​ បាន​យល់​ព្រម​​ក្នុង​ការ​​ផ្ដល់​ការ​អនុ​គ្រោះ​ពន្ធ​លើ​ផលិត​ផល​កសិ​កម្ម​ ចូល​ក្នុង​ប្រទេស​ទាំង​២​​ទៅ​វិញ​ទៅមក ​ដោយ​មិន​គិត​ពន្ធ​កាល​ពី​ឆ្នាំ ២០១៦​។​

ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ វៀត​ណាម បាន​អនុញ្ញាត​​ឲ្យ កម្ពុជា នាំ​ចេញ​ស្លឹក​ថ្នាំ​ជក់​ដោយ​រួច​ពន្ធ ​៣ ​០០០​ តោន​ក្នុង ១ ឆ្នាំ ទៅ​វៀត​ណាម​ចាប់​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៧​។​

ប៉ុន្តែ​ មក​ដល់​ពេល​នេះ​គេ​នៅ​​មិន​ច្បាស់​នៅ​ឡើយ​ទេ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​បន្ត​ទៀត​ឬ​យ៉ា​ង​ណា​​? នេះ​បើ​យោង​តាម​​លោក ឡុង កែម​វិចិត្រ​។​ ​លោក​លើក​ឡើង​ថា​៖​ «​យើង​មិន​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​នៅ​ឡើយ​ទេ​ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​ថ្នាំ​ជក់​ជា​មួយ​វៀត​ណាម​មក​ដល់​ពេល​នេះ​»​។​

​កម្ពុជា បាន​ផលិត​ថ្នាំជក់ ៩ ០៨៩ ​តោន​កាល​ពី​រដូវ​​ប្រមូល​ផល​មុន ​កើន​ឡើង ៣៧ ភាគ​រយ​ ធៀប​នឹង​រដូវ​ប្រមូល​ផល​​ឆ្នាំ ២០១៦​។ នេះ​បើ​យោ​ង​តាម​តួ​លេខ​បាន​ពី​ក្រសួង​កសិ​កម្ម។ តំបន់​ដាំ​ដុះ​ក៏​កើន​ឡើង​ដល់ ៦ ៨៥៩ ហិក​តា​ផង​ដែរ ​ដែល​កើន​ឡើង​១៩​ភាគ​រយ​ធៀប​នឹង​ឆ្នាំ ២០១៦​​។​

​កំពង់​ចាម​ គឺជា​កន្លែង​ដាំ​ដុះ​ថ្នាំ​ជក់​ច្រើន​ជាង​គេ។ ក្រៅ​ពី​ការ​នាំ​ចេញ ថ្នាំ​ជក់​ត្រូវ​បាន​​ផ្គត់​ផ្គង់​ដល់​​ក្រុម​ហ៊ុន​ថ្នាំ​ជក់ អង់​គ្លេស អាមេរិក (BAT) មាន​មូល​ដ្ឋាន​នៅ​កម្ពុជា​ ស្ថិត​ក្រោម​ប្រព័ន្ធ «​ការ​ធ្វើ​កសិ​កម្ម​តាម​កិច្ច​សន្យា​»​។ នេះ​បើ​យោង​តាម​លោក គីម សាវឿន ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត កំពង់​ចាម​។​​លោក​បន្ត​ថា ខេត្ត​នេះ​ មាន​ផ្ទៃ​ដី​ដាំ​ដុះ​ថ្នាំ​ជក់​សរុប​​ចន្លោះ​ពី ១ ៦០០ ​ហិកតា ទៅ ១ ៨០០ ហិក​តា​។​

​លោក​ថ្លែង​ថា៖ «​ទំហំ​ផ្ទៃ​ដី​ដាំ​ដុះ​ មិន​ផ្លាស់​ប្តូរ​ច្រើន​នោះ​ទេ​ កសិករ​នៅ​ទី​នេះផលិត​ថ្នាំ​ជក់​ សម្រាប់​ឲ្យ​ក្រុម​ហ៊ុន​​បារី​​​មួយ​នៅ​ភ្នំពេញ ​ហើយ​​ផ្នែក​នៅ​​សល់ត្រូវ​លក់​ឲ្យ​ប្រទេស វៀត​ណាម តាម​រយៈ​ឈ្មួញ​»។​

លោក នាង ប្រុស ជា​ឈ្មួញ​ម្នាក់​​នៅ​ក្នុង​​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត កំពង់​ចាម ដែល​​បាន​ប្រមូល​ទិញ​ថ្នាំ​ជក់​ពី​កសិករ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ថ្នាំ​ជក់​ស្ងួតដែល​លោក​ទិញ​​ពី​កសិករ​ មាន​តម្លៃ​ប្រហែល ៨ ០០​០ ​រៀល​ក្នុង ១ គីឡូក្រាម​ ​អា​ស្រ័យ​​លើ​គុណ​ភាព​ របស់​សន្លឹក​ថ្នាំ​ស្ងួត​។​ លោក​ថ្លែង​ថា៖​ «​​មាន​អ្នក​ទិញ​ជា​ច្រើន​បាន​មក​ទិញ​បន្ត​ពី​ខ្ញុំ​។ ទី​ផ្សារ​នេះ​​​ប្រសើរ​ជាង ១ ឆ្នាំ​មុន​ ប៉ុន្តែ​តម្លៃ​​មិន​ខុស​គ្នា​ខ្លាំង​នោះ​ទេ​»៕​ LA