ភ្នំពេញៈ ការនាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​កំណើន​យ៉ាង​ខ្លាំង​ដល់​ប្រមាណ​ ៤ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​ជា​កំណើន​ ២ ​ខ្ទង់​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ NBC​។

ជាមួយ​នឹង​កំណើន​ដ៏ខ្លាំង​នេះ​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​លើក​ឡើង​ថា ប្រហែល​ដោយសារ​តែ​ការលក់​កាន់តែ​រឹងមាំ​ទៅ​កាន់​ទីផ្សារ​អាមេរិក​។

របាយការណ៍​ពាក់​កណ្ដាល​ឆ្នាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បង្ហាញ​ថា ការនាំ​ចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​របស់​កម្ពុជា​រួម​បញ្ចូល​គ្នា​មាន​តម្លៃ​ប្រមាណ ៤ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ១១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៦​។ ល្បឿន​កំណើន​នេះ​កើនឡើង​ជិត​ ២ ​ដង​ធៀបនឹង​កំណើន​ ៦,៩ ​ភាគរយ​កាលពី​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៧​។ នេះ​បើ​តាម​របាយការណ៍​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី​របាយការណ៍​របស់ NBC មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​មូលហេតុ​នៃ​កំណើន​នេះ​ទេ​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ថ្លែង​ថា កំណើន​នេះ​អាច​រួមចំណែក​ដោយសារ​ប្រតិបត្តិការ​កាន់តែ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ពិភពលោក ជាពិសេស​ទិស​ដៅ​ទីផ្សារ​កម្ពុជា​ដូចជា អាមេរិក និង​សហភាព​អឺរ៉ុប​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​មើលឃើញ​កំណើន​ដ៏រឹងមាំ​នៃ​ការនាំចេញ​សម្លៀកបំពាក់ និង​ផលិតផល​ស្បែកជើង​ទៅ​ទីផ្សារ​អាមេរិក​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​»​។

លោក​ ម៉ូនីកា បន្ត​ថា​ការនាំចេញ​ទំនិញ​ធ្វើ​ដំណើរ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) នាំ​ចេញ​ដោយ​រួច​ពន្ធ​ទៅ​អាមេរិក​ចាប់​តាំងពី​ខែ​កក្កដា ឆ្នាំ​ ២០១៦​។ ​

លោក​បាន​ថ្លែង​ថា​៖ «​មុនពេល​យើង​ទទួល​បាន​ប្រព័ន្ធ GSP ការនាំ​ចេញ​ទំនិញ​ធ្វើ​ដំណើរ​ទៅ​អាមេរិក​មាន​តម្លៃ​ប្រហែល ៥០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​»​។ លោក​បាន​បន្ត​ថា​៖ «​គ្រាន់តែ​ក្នុង​រយៈពេល​ ៦ ​ខែ​នៅ​ឆ្នាំ​នេះ​ប៉ុណ្ណោះ [​បន្ទាប់ពី​ទទួល​បាន GSP] យើង​អាច​នាំ​ចេញ​ទំនិញ​ដែល​ទាក់ទង​នឹង​ការធ្វើ​ដំណើរ​ក្នុង​តម្លៃ ១៦០ ​លាន​ដុល្លារ​»​។

ទោះបី​ជា​យ៉ាង​នេះ​ក្តី​ការ​នាំ​ចេញ​មាន​កំណើន​យឺត​ទៅ​​ទីផ្សារ​សហភាព​អឺរ៉ុប ដោយសារ​អត្រា​កំណើន​ដែល​ទទួល​បាន​មាន​តែមួយ​ខ្ទង់​ប៉ុណ្ណោះ​ធៀប​នឹង​ ២ ​ខ្ទង់​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​លោក ម៉ូនីកា​។ លោក​ថ្លែង​ថា ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​កាណាដា ជប៉ុន និង​ចិន​ក៏​កើនឡើង​ផង​ដែរ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ចំណែក​តូច​នៅ​ឡើយ​។

ក្នុង​អំឡុង​បេសកកម្ម​ស្វែងរក​ការពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុប​បាន​ព្រមាន​កាលពី​សប្ដាហ៍​មុន​ពី​លទ្ធភាព​ដក​កម្ពុជា​ពី​ផែនការ​អនុគ្រោះ​ពាណិជ្ជកម្ម ដែល​ជា​វិធានការ​ចុងក្រោយ ប្រសិន​បើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​លើ​ការដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​នៅ​កម្ពុជា បរាជ័យ​។

លោក ច័ន្ទ សុផល ប្រធាន​វិទ្យាស្ថាន​ដើម្បី​សិក្សា​គោលនយោបាយ​បាន​ថ្លែង​ថា ប្រសិនបើ​ហេតុការណ៍​នេះ​កើតឡើង​វា​ពិតជា​មាន​ផលប៉ះពាល់​សម្រាប់​វិស័យ​វាយនភ័ណ្ឌ​នៅ​កម្ពុជា ប៉ុន្តែ​មិនមែន​ជា​ក្តីបារម្ភ​នោះ​ទេ​។

លោក​ថ្លែង​ថា៖ «​បើ​សហភាព​អឺរ៉ុប​ដក​កម្ពុជា​ចេញ​ពី​ក្រុម​ប្រទេស​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA នោះ​ផលប៉ះពាល់​ពិតជា​កើត​មាន តែ​ខ្ញុំ​គិត​ថា​វា​មិន​មាន​អ្វី​ធំដុំ​ទេ​សម្រាប់​កម្ពុជា ព្រោះ​វា​នឹង​មាន​ផលប៉ះពាល់​ដល់​រោងចក្រ​មួយ​ចំនួន​ដែល​នាំចេញ​ទំនិញ​នៅ​កាន់​ទីផ្សារ​អឺរ៉ុប​តែ​ប៉ុណ្ណោះ​»​។

ទោះបី​យ៉ាង​នេះ​ក្តី​វិស័យ​នេះ​មាន​ចំនួន​ជាង ៧០ ​ភាគរយ​នៃ​ការនាំ​ចេញ​សរុប​របស់​កម្ពុជា​ដែល​ភាគច្រើន​បំផុត​ត្រូវ​បាន​នាំចេញ​ទៅ​សហភាព​អឺរ៉ុប អាមេរិក និង​កាណាដា​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​កាលពី​ដើម​ឆ្នាំ​នេះ​បាន​បង្ហាញថា ការនាំចេញ​សម្លៀកបំពាក់​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ២០១៧ បាន​កើនឡើង ៤ ភាគរយ​រហូត​ដល់ ៧,៦ ​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​មាន ៧,៣ ពាន់​លាន​ដុល្លារ​៕ LA

រាយការណ៍​បន្ថែម ដោយ ហ៊ីន ពិសី