
កម្មករ កម្មការិនីដេរសម្លៀកបំពាក់ក្នុងរោងចក្រមួយ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៤។ ផា លីណា
ភ្នំពេញៈ ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៧ មានតម្លៃជាទឹកប្រាក់ ៧,៦ ពាន់លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់កាលពីម្សិលមិញរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួង។
នេះជាលើកដំបូងដែលទិន្នន័យផ្លូវការពីវិស័យនេះសម្រាប់ឆ្នាំ ២០១៧ ត្រូវបង្ហាញ ខណៈរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញត្រឹមទិន្នន័យនាំចេញនៅ ៩ ខែដំបូងឆ្នាំ ២០១៧។
លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ពីការប្រែប្រួលនៃតម្លៃនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងធៀបនឹងឆ្នាំមុនៗឡើយ។ យ៉ាងណាក៏ដោយយោងតាមទិន្នន័យផ្លូវការពីស្ថាប័នរដ្ឋាភិបាលកាលពីឆ្នាំ ២០១៦ តម្លៃទឹកប្រាក់នាំចេញមានចំនួន ៧,៣ ពាន់លានដុល្លារ ដូច្នេះតួលេខនៅឆ្នាំ ២០១៧ ដែលមាន ៧,៦ ពាន់លានដុល្លារគឺកើនឡើង ៤ ភាគរយធៀបនឹងឆ្នាំ ២០១៦។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាធ្លាប់បានលើកឡើងកាលពីខែតុលាឆ្នាំមុនថា ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងអត្រាកំណើនទាបជាងឆ្នាំ ២០១៦។
លោកថ្លែងថាការថមថយកំណើននៃការនាំចេញនាពេលនេះមិនមែនដោយសារការធ្លាក់ចុះផលិតកម្ម ឬ បញ្ហានយោបាយទេ ប៉ុន្តែវាគឺជាករណីធម្មតាពេលមូលដ្ឋានឧស្សាហកម្មកាន់តែធំ។
លោកថ្លែងថា៖ «ខណៈមូលដ្ឋានរបស់អ្នកកាន់តែធំឡើងៗទាក់ទងនឹងកំណើនជាភាគរយ អ្នកមិនអាចរំពឹងថានឹងមានកំណើនក្នុងអត្រាខ្ពស់រហូតទេ»៕