ភ្នំពេញៈ ការ​នាំ​ចេញ​ផលិតផល​​កាត់​ដេរ​ និង​ស្បែក​ជើង​​​របស់​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​យ៉ាង​គំហុក​កាល​ពី​ឆ្នាំ ​២០​១៨ ​រហូត​ដល់​ ​២៤ ភាគរយ​ ជា​អ្វី​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បញ្ជាក់​​ក្នុង​របាយការណ៍​​​ប្រចាំ​​ឆ្នាំ​​ថា​ ដោយ​សារ​ស្ថានភាព​​ល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​សកល​ ​ពិសេស ប្រទេស ​ដែល​ជា​ទីផ្សារ​សំខាន់​របស់​កម្ពុជា។

របាយ​ការណ៍​ឆ្នាំ ​២០១៨ របស់​ NBC បាន​ឲ្យ​ដឹង​ថា ការ​នាំចេញ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​​របស់​​កម្ពុជា​ ​មាន​​​តម្លៃ​ ​១០ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​ ២៤ ​ភាគរយ ធៀប​នឹង​ ៨​ ពាន់​​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ​២០១៧​។ អត្រា​កំណើន​​កាល​ពី​ឆ្នាំ ​២០១៧ មាន​ ៧,៦ ​ភាគរយ​ប៉ុណ្ណោះ​។​

របាយ​ការណ៍​​​បាន​ឲ្យ​ដឹង​ថា​៖ «​​កំណើន​នៃ​ការ​នាំចេញ​​ផលិតផល​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ត្រូវ​បាន​ជំរុញ​ដោយ​ភាព​ប្រសើរ​ឡើង​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​ ​ពិសេស​​ទិសដៅ​នាំចេញ​ចម្បង​ៗ​ ដូច​ជា​​ EU ដែល​មាន​ចំណែក​ទីផ្សារ​ ៤៦ ​ភាគរយ ​នៃ​ការ​នាំចេញ​​ផលិតផល​កាត់​ដេរ​សរុប អាមេរិក ​២៤ ​ភាគរយ​ កាណាដា ​៩ ​ភាគរយ​ និង​ជប៉ុន ​៨ ភាគរយ​​»។​

មន្ដ្រី​ NBC ​មិន​អាច​ទាក់ទង​​សុំ​ព័ត៌មាន​​លម្អិត​​បន្ថែម​បាន​ទេ​។​ តំណាង​​មក​ពី​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា (GMAC​)​ ក៏​​មិន​បាន​ឆ្លើយ​តប​នឹង​ការ​សុំ​អត្ថាធិប្បាយ​​ពី​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​​ ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។​

លោក​ អាត់ ​ធន់ ​ប្រធាន​សហភាព​​ការងារ​កម្ពុជា បាន​​ឲ្យ​​ដឹង​​​ថា អត្រា​កំណើន​ ២៤ ​ភាគរយ​សម្រាប់​​ការ​​នាំចេញ​ផលិតផល​សម្លៀក​បំពាក់​ ជា​កំណើន​ដ៏​ធំ​មួយ។ ​លោក​​​នៅ​មាន​ការ​សង្ស័យ​ថា តើ​តួលេខ​នេះ​​ឆ្លុះ​បញ្ចាំង​ភាព​ពិត​ដែរ​ឬ​ទេ​?

លោក ​អាត់ ​ធន់ បាន​​ឲ្យ​ដឹង​ថា ការ​​​​នាំចេញ​ទំនិញ​ធ្វើ​ដំណើរ​ ដែល​កម្ពុជា​​បាន​ទទួល​ឋានៈ​នាំចេញ​រួច​ពន្ធ​ពី​អាមេរិក​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៦ ​បាន​បង្កើន​ល្បឿន​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​វា​អាច​ជា​កត្តា​ដ៏​សំខាន់​មួយ​ ​ក្នុង​ការ​បង្កើន​ល្បឿន​​កំណើន​នៃ​ការ​នាំចេញ​សម្លៀក​​បំពាក់​ និង​ស្បែក​ជើង​​កាល​​ពី​ឆ្នាំ​មុន​។ ប៉ុន្តែ​​លោក​នៅ​តែ​ឆ្ងល់​លើ​អត្រា​កំណើន​ខ្ពស់​ដែល​មាន​​រហូត​ដល់​ ​២៤​ ភាគរយ​នេះ។​

លោក​ថ្លែង​ថា​៖ «​តាម​ការ​អង្កេត​ ចំនួន​នាំចេញ​ និង​តម្រូវ​ការ​ការងារ​សម្រាប់​វិស័យ​នេះ ​មិន​កើន​ឡើង​ខ្លាំង​ដូច​អត្រា​កំណើន ​[លើក​ឡើង​ដោយ NBC ​​នោះ​ទេ​]។

លោក​បន្ថែម​ថា​៖ «​ចំនួន​កម្មករ​ [នៅ​ក្នុង​វិស័យ​នេះ​] ​មិន​កើន​ឡើង​ច្រើន​នោះ​ទេ ​ការងារ​បន្ថែម​ម៉ោង ក៏​មិន​ច្រើន​ផង​ដែរ ​និង​មាន​រោងចក្រ​មួយ​ចំនួន​បិទ​ទ្វារ​ផង​ដែរ។ ដូច្នេះ​​ការ​នាំចេញ​របស់​វិស័យ​នេះ​ ​បើ​​​មាន​កំណើន​ វា​​មិន​គួរ​ច្រើន​ដល់​កម្រិត​នោះ​ទេ​ វា​​​សម​ហេតុផល​​​បើ​វា​កើន​ឡើង​ក្នុង​​ល្បឿន​ស្រដៀង​គ្នា​នឹង​ឆ្នាំ ​២០១​៧​»​។​​

តម្លៃ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​​កាល​ពី​ឆ្នាំ​​មុន មាន​ចំណែក​​ប្រហែល​ ៧៤​ ភាគរយ​នៃ​ការ​នាំចេញ​​សរុប​របស់​កម្ពុជា​។ វិស័យ​នេះ​​ផ្ដល់​ការងារ​ដល់​កម្មករ​​ប្រហែ​ល​ ៨០ ​ម៉ឺន​​​នាក់ និង​​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​​ការ​អនុ​គ្រោះ​ពន្ធ​​ EBA ​​ពី​សហភាព​អឺរ៉ុប។​

ប្លុក​នេះ​បាន​ព្រមាន​​កាល​ពី​ខែ​តុលា​ថា ​កម្ពុជា​នឹង​បាត់បង់​ EBA ជា​​ការ​ឆ្លើយតប​​ការ​ពិន័យ​ដល់​​ការងាក​ចេញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​។​

កាល​ពី​ដើម​ខែ​នេះ​ សមាជិក​ព្រឹទ្ធសភា​អាមេរិក ​២ រូប​ ​បាន​ស្នើ​ឲ្យ​​រដ្ឋបាល​​​ខ្លួន​​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ផ្តល់​ឲ្យ​កម្ពុជា​ដែល​​​​ទទួល​​​បាន​ការ​​អនុគ្រោះ​​ពន្ធ​ដែល​​បាន​ផ្ដល់​ ដោយ​​អាមេរិក ស្ថិត​​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ ​(GSP)​»៕LA