ភ្នំពេញៈ ការ​នាំចេញ​សរុប​របស់​​កម្ពុជា​​​រយៈ​ពេល​​ ១២ ​ខែ ឆ្នាំ​ ២០១៨​​ នេះ ​កើន​ឡើង​ជាង​ ​២៣ ​ភាគរយ​ដល់​ជាង​ ១០,​៣៦ ​​ពាន់​លាន​ដុល្លារ​ ដែល​​នាំ​មុខ​ដោយ​ការ​នាំចេញ​សម្លៀក​​បំពាក់ ​និង​ផលិតផល​កសិកម្ម​។ ​នេះ​បើ​​​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ចេញ ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​​។​

របាយ​ការណ៍​បង្ហាញ​ថា ​ក្នុង​អំឡុង​ពេល​​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ ​ដល់​ ខែ​វិច្ឆិកា​ ឆ្នាំ​​ ២០១៨ ​កម្ពុជា​​​បាន​នាំ​ចេញ​ទំនិញ​​មាន​តម្លៃ​​សរុប ​១០,​៣៦ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​​ចំនួន ១,​៩៣ ​ពាន់​​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ដោយ​បាន​​នាំ​ចេញ​​ទៅ​​​ប្រទេស​ជា​​ទិស​ដៅ​ចំនួន​ ១៤៧ ​ប្រទេស​​។​

ក្នុង​អំឡុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​រយៈ​ពេល​​ ២ ថ្ងៃ​ កាល​ពី​ម្សិលមិញ​ ហើយ​ត្រូវ​បញ្ចប់​ថ្ងៃ​នេះ ​លោក​ ​​ប៉ាន ​សូរស័ក្ដិ ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជ​កម្ម ​បាន​ឲ្យ​ដឹង​ថា ​កំណើន​ឧស្សាហ​កម្ម​កាត់ដេរ​​​កំពុង​ជំរុញ​​ការ​នាំចេញ​របស់​​​ប្រទេស​នេះ​។​ ​​លោក​ថ្លែង​ថា​៖ «​ទំហំ​​ការ​នាំ​ចេញ​ស្មើ​នឹង​​ ៦០ ​​ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​​សរុប​​​របស់​យើង​»​។

លោក​​បាន​​បន្ថែម​ថា ​ក្រសួង​ពាណិជ្ជ​កម្ម​សម្រេច​​បាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ដូច​ជា​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ ការ​លើក​កម្ពស់​សេវា​សាធារណៈ និង​​ការ​កែ​​ប្រែ​នីតិ​វិធី​ និង​ច្បាប់​ ព្រម​ទាំង​ការ​ពង្រឹង​គោល​នយោបាយ​ពាណិជ្ជ​កម្ម​ផង​ដែរ​។​

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​បង្ហាញ​ថា ​រោង​ចក្រ​ ចំនួន​​ ៥១ ​ត្រូវ​បាន​ចុះ​បញ្ជី​ស្ថិត​ក្រោម​ការ​អនុគ្រោះ​ពន្ធ​ (GSP )ដែល​បាន​កើន​ឡើង​ចំនួន​ ១៩ ​រោងចក្រ​ ធៀប​នឹង​ឆ្នាំ ២០១៧​ ឬ​ស្មើ​នឹង​ ៥៩,​៣៧ ​ភាគរយ​។​

របាយ​ការណ៍​នេះ​បង្ហាញ​ថា ​មាន​រោងចក្រ​ និង​ក្រុមហ៊ុន​នាំចេញ​ផ្សេង​ទៀត​​​​ ១៥៦ ក៏​ត្រូវ​បាន ​ចុះ​បញ្ជី​ក្នុង​អំឡុង​​ពេល​​នេះ​ដែរ​​។ ​លោក​ថ្លែង​ថា​៖ «​គោល​នយោបាយ​​របស់​ក្រសួង​ពាណិជ្ជ​កម្ម ​គឺ​​ជួយ​គាំទ្រ​តម្លៃ​បន្ថែម​នៃ​ផលិតផល​កសិកម្ម ​សុវត្ថិ​ភាព​​ស្បៀង អាហារ ការ​បង្កើន​កូតា​អង្ករ​ទៅ​ប្រទេស​ ចិន​ ព្រម​ទាំង​ទីផ្សារ​ផ្សេង​ទៀត​ ដែល​​អនុវត្ត​តាម​​កិច្ច​ព្រមព្រៀង​​​ពាណិជ្ជ​កម្ម​សេរី​»​​។​ ​

លោក​បន្ថែម​ថា ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នេះ​នឹង​ឆ្លុះ​បញ្ចាំង​លទ្ធផល​ភារកិច្ច​​ក្នុង​ឆ្នាំ​ ២០១​៨ ​និង​​​ការ​ឆ្ពោះ​ទៅ​ភារកិច្ច​ថ្មី​ៗ​សម្រាប់​​ឆ្នាំ​ខាង​មុខ ​បន្ទាប់​ពី​ការ​​វាយ​តម្លៃ​ បញ្ហា​ប្រឈម ព្រម​​ទាំង​យុទ្ធ​សាស្ដ្រ​​របស់​រដ្ឋាភិបាល​​។​

លោក ​ងួន​ ម៉េង​តិច​ អគ្គនាយក​​សភា​ពាណិជ្ជ​កម្ម​​កម្ពុជា​​បាន​​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​តែ​​មាន​សក្ដានុ​ពល​សម្រាប់​ក្រុម​វិនិយោគិន ​ហើយ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​នឹង​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រសួង​ពាណិជ្ជ​កម្ម ដើម្បី​តាម​ដាន​ព័ត៌មាន​​ប្រកប​ដោយ​សក្ដានុពល​ទាំង​អស់​សម្រាប់​​ទាក់ទាញ​​ក្រុម​វិនិយោគិន​។ ​

លោក​ថ្លែង​ថា​​៖​ «​ការ​នាំចេញ​របស់​យើង​នៅ​តែ​មាន​ឱកាស​​​ច្រើន​ក្នុង​ការ​រីក​ចម្រើន ​យើង​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជា​​មួយ​ក្រសួង​ពាណិជ្ជ​កម្ម ដើម្បី​​ទាក់​ទាញ​​ក្រុម​វិនិយោគិន​កាន់​តែ​​ច្រើន​ ដោយ​សារ​តែ​យើង​​មាន​គោល​នយោបាយ​សម្រាប់​លើក​កម្ពស់​ការ​វិនិយោគ​»​។​

គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ជា​ច្រើន​​ ដែល​រួម​មាន​ ធនាគារ​ពិភព​លោក ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB)និង​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ ​(IMF)​ បាន​រក្សា​​ការ​​ព្យាករ​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ជា​មធ្យម​​ ៧ ​ភាគរយ​​​។ កំណើន​នេះ​ត្រូវ​បាន​ជំរុញ​ភាគ​ច្រើន​ ដោយ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ និង​ការ​នាំ​ចេញ​ដែល​​មួយ​ផ្នែក​ធំ​ត្រូវ​បាន​គាំទ្រ​ដោយ​តម្រូវ​ការ​ដ៏​​រឹងមាំ​​នៅ​អាមេរិក និង​សហភាព​អឺរ៉ុប​ (EU)​៕​LA