ភ្នំពេញ: ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា និង​អង្គភាព​កម្មសិទ្ធិបញ្ញា​កូរ៉េខាងត្បូង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទទួល​ស្គាល់​ប្រកាស​នីយបត្រ​តក្កកម្ម​ (​ប័ណ្ណ​ប៉ាតង់​) ដើម្បី​ជំរុញ​កំណើន​ការវិនិយោគ​កូរ៉េ​នៅ​កម្ពុជា​។

អនុស្សរណៈ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក Park Wonjoo ស្នងការ​អង្គភាព​កម្មសិទ្ធិបញ្ញា​នៃ​ប្រទេស​កូរ៉េ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ លោក​ ចម ប្រសិទ្ធ បាន​ឲ្យ​ដឹងថា​ការទទួល​ស្គាល់​ប័ណ្ណ​ប៉ាតង់​រវាង​ប្រទេស​ទាំង​ ២ ​នឹង​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​សកល​តាមរយៈ​ការលើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគ​។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​។ លោក​ថ្លែង​ថា​៖ «​ភាពចាំបាច់​ត្រូវ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ចំនួន​ពាក្យ​ស្នើសុំ [​ប៉ាតង់​] អន្តរជាតិ​របស់​កម្ពុជា​»​។

លោក​បាន​បន្ថែម​ថា កិច្ចព្រមព្រៀង​នេះ​ក៏​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរ​ការិយាល័យ និង​កិច្ចខិតខំ​ប្រឹងប្រែង​សហប្រតិបតិ្តការ​ទូទាំង​ពិភពលោក​ផងដែរ​។ លោក​បន្ត​ថា​៖ «​កិច្ចព្រមព្រៀង​នេះ​សម្រាប់​ជា​ផលប្រយោជន៍​រួម​ផ្នែក​សេដ្ឋកិច្ច​រវាង​កម្ពុជា-កូរ៉េ​តាមរយៈ​ការជំរុញ​វិស័យ​វិនិយោគ ការផ្លាស់ប្ដូរ​បទពិសោធ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​បច្ចេកវិទ្យា​ជាដើម​»​។

លោក មេធាវី ពេជ អង្គ អតីត​ប្រធាន​សមាគម​កម្មសិទ្ធិបញ្ញា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ពង្រឹង​ផ្នែក​បច្ចេកទេស និង​​ធនធាន​មនុស្ស​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​យើង​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​បច្ចេកទេស​ថ្មី​តាមរយៈ​ការពិនិត្យ និង​សិក្សា​ស្រាវជ្រាវ ហើយ​មន្ត្រី​យើង​កាន់តែ​មាន​លទ្ធភាព​ច្រើន​ក្នុងការ​ធ្វើការងារ​ផ្នែក​បច្ចេកទេស​នាំ​ឲ្យ​ធនធាន​យើង​កើនឡើង​ផងដែរ​»​។

លោក​បន្ថែម​ថា​ប្រទេស​កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ថែមទៀត​នៅពេល​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការការពារ​កម្មសិទ្ធិបញ្ញា​ប្រកប​ដោយ​ប្រសិទ្ធភាព​។ លោក​បន្ត​ថា​៖ «​បើ​យើង​ការពារ​កម្មសិទ្ធិ​បញ្ញា​គេ​បាន គេ​នឹង​ជឿថា​យើង​មាន​លទ្ធភាព​ការពារ​ការបង្កើត​ថ្មី​របស់​គេ គេ​អាច​មក​វិនិយោគ​កាន់តែច្រើន គេ​អាច​មក​បង្កើត​រោងចក្រ ហើយ​គេ​អាច​យក​ទំនិញ​ដែល​យើង​ការពារ​មក​​រកស៊ី​នៅ​ស្រុក​យើង​»​។

បើ​តាម​លោក ចម ប្រសិទ្ធ បាន​ឲ្យ​ដឹងថា​ប្រទេស​កម្ពុជា​មាន​កិច្ចសហប្រត្តិបត្តិការ​ជាមួយ​ប្រទេស​សិង្ហបុរី ជប៉ុន ចិន និង​សហគមន៍​អឺរ៉ុប ស្តីពី​ការចុះបញ្ជី និង​ការទទួល​ស្គាល់​សុពលភាព​ប្រកាស​នីយបត្រ​តក្កកម្ម​។

ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​បង្ហាញ​ថា​ចាប់​តាំងពី ២០១៥ មក​ទល់​នឹង​ពេលនេះ​ក្រសួង​ទទួល​បាន​ពាក្យស្នើសុំ​ចុះបញ្ជី​ប្រកាស​ប៉ាតង់​ចំនួន ៨១៦ ក្នុង​នោះ ១៥០ ត្រូវ​បាន​ពិនិត្យ​សម្រេច​។

អនុស្សរណៈ​យោគយល់​គ្នា​នេះ​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ និង​មាន​សុពលភាព​ ៥ ឆ្នាំ និង​អាច​បន្ត​ ៥ ​ឆ្នាំ​ទៀត​ដោយ​ស្វ័យប្រវត្តិ បើ​គ្មាន​ភាគី​ណាមួយ​ស្នើសុំ​មិន​បន្ត​សុពលភាព​៕LA