ភ្នំពេញ: ប្រទេស​គុយបា​បាន​សន្យាថា​នឹង​ជំរុញ​ឲ្យ​វិនិយោគិន​របស់ខ្លួន​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ក្រោយពី​ស្ថានភាព​នៃ​ការរីករាលដាល​របស់​ជំងឺ​កូវីដ​១៩ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​។

ការលើកឡើង​នេះ​បាន​ធ្វើ​នៅក្នុង​ជំនួប​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជាមួយ​នឹង​លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត​ប្រទេស​គុយបា​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​។

ដោយ​សម្លឹង​ឃើញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​នៅពេល​អនាគត បើទោះបីជា​បច្ចុប្បន្ន​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ក៏ដោយ លោកស្រី Barrios ​បាន​សន្យាថា​នឹង​ជួយ​ជំរុញ​វិនិយោគិន​របស់​ខ្លួន​ឲ្យ​មក​កម្ពុជា​បន្ថែមទៀត​ដើម្បី​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​ប្រទេស​គុយបា​នៅតែ​បន្ត​ការគាំទ្រ និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ហើយ​នៅពេល​វិបត្តិ​កូវីដ​១៩ រសាយ​ផុត​ចេញពី​ពិភពលោក គុយបា​នឹង​ជំរុញ​ឲ្យ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​របស់ខ្លួន​ឲ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​»​។

ក្នុងជំនួប​នោះ​លោក ថោង ខុន បាន​ថ្លែងថា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​គុយបា​ភាគី​ទាំង​ ​២ ​គ្រោង​នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៦០ ក្រោយ​វិបត្តិ​កូវីដ​១៩ ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​របស់​វិនិយោគិន​គុយបា​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្ពុជា​នាពេល​កន្លងមក​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា នៅ​កម្ពុជា​ការវិនិយោគ​ដោយ​វិនិយោគិន​គុយបា​មាន​ចំនួន​តិចតួច​នៅឡើយ​។ ទោះយ៉ាងណា​កម្ពុជា​ស្វាគមន៍​គ្រប់​អ្នក​វិនិយោគិន​បរទេស​ដែល​មាន​បំណង​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​។ លោក​បាន​ថ្លែង​​ថា​៖ «​វិនិយោគិន​គុយបា​មាន​ចំនួន​តិចតួច​ដែល​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ដូច្នេះ​ជា​រឿង​ល្អ​ដែល​គុយបា​សន្យា​ថា​នឹង​ជំរុញ​វិនិយោគិន​ខ្លួន​មក​កម្ពុជា​ក្រោយពី​ជំងឺ​កូវីដ​១៩ មាន​ភាព​ធូរស្រាល​ឡើងវិញ​»​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​ចំនួន ៤០ ​គម្រោង​ក្នុង​រយៈពេល ៣ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ​ដែល​មាន​ទុនវិនិយោគ​សរុប​ជាង ៩០០ ​លាន​ដុល្លារ​។ គម្រោង​វិនិយោគ​ទាំងនោះ រួមមាន​ការសាងសង់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​រោងចក្រ​ដំឡើង​គ្រឿងសង្ហារិម សម្ភារ​ផ្ទះបាយ គ្រឿង​ផ្គុំ​អគ្គិសនី សណ្ឋាគារ និង​ផ្សារទំនើប ជាដើម​។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AKP៕ LA