ភ្នំពេញៈ កម្ពុជា និងសាធារណរដ្ឋឆែក កាលពីថ្ងៃសុក្របានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការធនធានរ៉ែ ដើម្បីជាការបើកផ្លូវសម្រាប់វិនិយោគិនជនជាតិឆែកក្នុងការចូលមកវិនិយោគនៅកម្ពុជា។
MoU នេះត្រូវបានចុះហត្ថលេខារវាងលោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល និងលោក Pavel Kavina អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយធនធានរ៉ែនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសាធារណរដ្ឋឆែក។
លោក យស មុនីរ៉ាត់ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា MoU នេះគឺការបើកផ្លូវនៃកិច្ចសហប្រតិបត្តិការផ្នែកធនធានរ៉ែ រវាងប្រទេស កម្ពុជា ជាមួយសាធារណរដ្ឋឆែកមុននឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងផ្សេងៗទៀត។
លោកបន្តថា ឆែកជាប្រទេសរីកចម្រើនមានអ្នកជំនាញ និងក្រុមហ៊ុនវិនិយោគនៅក្រៅប្រទេសច្រើន ហេតុនេះកម្ពុជារំពឹងថាវានឹងអាចជួយទាក់ទាញវិនិយោគិនឆែកឲ្យចូលមកបណ្តាក់ទុននៅកម្ពុជា។ លោកថ្លែងថា៖ «តាមរយៈ MoU នេះយើងសង្ឃឹមថានឹងអាចទាក់ទាញវិនិយោគិនឆែកឲ្យចូលមកបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យធនធានរ៉ែ»។
ចំណុចសំខាន់ៗក្នុង MoU នោះមានដូចជា ការកសាងសមត្ថភាពមន្ត្រី ការអភិវឌ្ឍវត្ថុធាតុដើមធនធានរ៉ែ អាជីវកម្មរ៉ែបៃតង និងការប្រើប្រាស់ធនធានរ៉ែបៃតង ការផ្តល់ជំនួយបច្ចេកទេសក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មរ៉ែ ការផ្តល់ជំនួយបច្ចេកទេសក្នុងការវាយតម្លៃសក្តានុពលធនធានរ៉ែ និងការសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងការអភិវឌ្ឍធនធានរ៉ែ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែកពីថ្ងៃទី ១៣ ដល់ទី ១៤ ខែតុលា៕LA