ភ្នំពេញ: កម្ពុជា និង​ជប៉ុន​បាន​ប្តេជ្ញា​រក្សា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង ២ ​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ បើទោះបី​ជា​ប្រឈម​នឹង​ការរីករាលដាល​ដោយសារ​កូវីដ​ ១៩ ​ក៏ដោយ​។ នេះ​បើតាម​លោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ឧត្តមមន្ត្រី​រវាង​កម្ពុជា និង​ជប៉ុន​លើក​ទី​ ៣ កាលពី​ថ្ងៃ​ចន្ទ​លោកស្រី​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ភាគី​ទាំង​ ២ ​មាន​សុទិដ្ឋិនិយម​ថា និន្នាការ​ល្អ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បាន​កើន​ដល់​ជាង​ ២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ដែល​ទំហំ​ពាណិជ្ជកម្ម​នឹង​បន្ត​រក្សា​កំណើន​របស់ខ្លួន​សម្រាប់​ឆ្នាំ​ ២០២០ ​នេះ បើទោះបី​ជា​កំពុង​ប្រឈម​នឹង​ការរាតត្បាត​ជាសកល​នៃ​កូវីដ​ ១៩ ​ក៏ដោយ​។

លោកស្រី​ថ្លែងថា​៖ «​ពួកគេ​ក៏បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​ពង្រីក​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ព្រមទាំង​បាន​ឯកភាព​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុង​គោលដៅ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​»​។

លោកស្រី​បន្តថា ចំពោះ​កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា​ថ្លែងអំណរគុណ​ភាគី​ជប៉ុន​ដែល​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ក្រោម​ជំនួយ​ជាច្រើន​របស់​ជប៉ុន​។ លោកស្រី​បន្ថែមថា​៖ «​ភាគី​ជប៉ុន​ក៏បាន​សន្យាថា​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ពិសេស​លើ​វិស័យ​អាទិភាព​រួមមាន ការអភិវឌ្ឍ​វិស័យ​ភ័ស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និង​ធនធាន​មនុស្ស​ជាដើម​»​។

ការនាំចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​សម្រេច​បាន ១៤៩ លាន​ដុល្លារ​ក្នុង​ខែមករា ឆ្នាំ​ ២០២០ កើនឡើង​ ០,២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​កម្ពុជា​នាំចូល​មកវិញ​មាន​តម្លៃ​ជាង ៣៣ ​លាន​ដុល្លារ​កើនឡើង ០,១ ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (Jetro)​។

លោក​ លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា តាមរយៈ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ជប៉ុន​នឹង​អាច​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​តាម​គោលដៅ​កំណត់​។ លោក​បាន​ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​នេះ​ជា​គន្លឹះ​សំខាន់​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា ខ្ញុំ​គិតថា វិស័យ​កសិឧស្សាហកម្ម​នៅតែ​មាន​ទំហំ​ធំ​សម្រាប់​វិនិយោគិន​ជប៉ុន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​»​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩៥ រហូតមកដល់​ខែកញ្ញា ឆ្នាំ​ ២០១៩ គម្រោង​វិនិយោគ​ជប៉ុន​មាន​ចំនួន ១៤១ គម្រោង​ដែល​មាន​ទុនវិនិយោគ​ ២,៥ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ក្នុងចំណោម​នោះ ៦៦ គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ប៉ាន់ប្រមាណ​ថា មាន​ទុនវិនិយោគ ៣៤០ លាន​ដុល្លារ​។ គម្រោង​ភាគច្រើន​វិនិយោគ​លើ​ថាមពល​គ្រឿង​បង្គុំ​អគ្គិសនី គ្រឿងបន្លាស់​យានយន្ត កសិឧស្សាហកម្ម ការកែច្នៃ​អាហារ មន្ទីរពេទ្យ សុខភាព និង​លក់រាយ​ជាដើម​។

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​សម្រេចបាន​ ១,៧ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ ៧,៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​ទិន្នន័យ​របស់ Jetro​។ ទិន្នន័យ​បង្ហាញថា កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ជប៉ុន​មានតម្លៃ​ជាង ៥៦២ លាន​ដុល្លារ កើន​ ៣៣,៤ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨៕