ភ្នំពេញៈ កម្ពុជា និងតួកគី បន្តប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឲ្យកើនដល់ ១ ០០០ លានដុល្លារ នៅពេលខាងមុខ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ មានតម្លៃតែជាង ៥០០ លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
ការលើកឡើងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើក ២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា និងតួកគីកាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ នៅទីក្រុងអង់ការ៉ាប្រទេស តួកគី។
នៅក្នុងកិច្ចជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយលោក Bekir Pakdemirli រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់តួកគីភាគីទាំង ២ បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលពាក់ព័ន្ធដទៃទៀតនៅក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្មឲ្យឈានដល់ ១០០០ លានដុល្លារ។
តួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតួកគីមានប្រមាណ ៥១០ លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅតួកគី ៤៣៧,៨៤ លានដុល្លារ និងនាំចូលពីតួកគីមកវិញក្នុងតម្លៃ ៧២,១៦ លានដុល្លារ។
ជាមួយគ្នានេះលោក ប៉ាន សូរស័ក្តិ ក៏បានជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតួកគី លោកស្រី Ruhsar Pekcan ផងដែរ ដែលក្នុងជំនួបនោះកម្ពុជាបានស្នើឲ្យក្រុមហ៊ុន Turkish Airlines បើកការហោះហើរត្រង់មកកម្ពុជា និងស្នើសុំភាគីតួកគីផ្តល់ជំនួយបច្ចេកទេសម្ហូបហាឡាល់៕