ភ្នំពេញ: កម្ពុជា និង​ទីម័រ​ខាងកើត​បាន​ប្តេជ្ញា​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​តាមរយៈ​ការភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ ​ស្ងប់ស្ងាត់​។ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។

ការថ្លែង​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ជាមួយ​នឹង​លោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូត​ទីម័រ​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃ​ពុធ​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ក្នុងជំនួប​នេះ​ថា ភាគី​ទាំង​ ២ ​បាន​បង្ហាញ​គោលបំណង​ដូចគ្នា​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​។

លោក​បន្តថា កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការវិលត្រឡប់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ក្រោយ​វិបត្តិ​វីរុស​នេះ​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​។

លោក​ថ្លែងថា​៖ «​កម្ពុជា​បាន​ជំរុញ​ឲ្យ​ភាគី​ទីម័រ​ពន្លឿន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២»​។

លោក ទ្រី ឈីវ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន បាន​ឲ្យ​ដឹងថា អនុស្សរណៈ​នេះ​បាន​ផ្ដោត​លើ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ការអភិវឌ្ឍ​ធនធាន មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើន​ការទាក់ទាញ​ទេសចរ​ពី​គ្នា​ទៅវិញ​ទៅមក​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​៖ «​នៅពេល​ចប់​វិបត្តិ​ជំងឺ​កូវីដ​ ១៩​ នេះ ភាគី​ទាំង​ ២ ​ក៏​នឹង​ពិនិត្យ​លើ​លទ្ធភាព​ក្នុង​ការតភ្ជាប់​ជើង​ហោះហើរ​ត្រង់​កម្ពុជា-ទីម័រ​»៕LA