ភ្នំពេញៈ កម្ពុជា និង​រុស្ស៊ី​បាន​សន្យាថា បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​ពិសេស​ការបង្កើន​ការចូល​ទៅ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី (EAEU) សម្រាប់​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​ប្រទេស​នេះ​។

លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បាន​ជួប​ជាមួយ​លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ប្រទេស​ទាំង​ ២ ​មាន​ទំនាក់ទំនង​ការទូត​ល្អ ជាពិសេស​ការរួមចំណែក​ពី​ប្រទេស​រុស្ស៊ី​ក្នុង​ការជួយ​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​តាមរយៈ​ការបើកចំហ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង និង​ជំរុញ​ឲ្យ​មានការ​វិនិយោគ​កាន់តែច្រើន​ចូលមក​កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។

លោក​ថ្លែងថា​៖ «​ប្រទេស​ទាំង​ ២ ​របស់​យើង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​បំផុត និង​កិច្ចសហប្រតិបត្តិ​ការល្អ​នៅក្នុង​វិស័យ​ជាច្រើន​។ ចាប់តាំងពី​ឆ្នាំ​ ២០១៥ ប្រទេស​ទាំង​ ២ ​បាន​ចុះ​កិច្ចព្រមព្រៀង​ ៥១ ​ស្ដីពី​ការបង្កើន​ពាណិជ្ជកម្ម ការវិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត​»​។

លោក​បន្តថា​៖ «​កាលពី​ឆ្នាំមុន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​មាន​ចំនួន​ ៥៥,៣៩ ​លាន​ដុល្លារ ហើយ​យើង​សង្ឃឹមថា នឹង​បន្ត​កើនឡើង​នៅ​ឆ្នាំនេះ ខណៈ​កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​រុស្ស៊ី​ប្រហែល ៥៥ ៦៥៣ ​នាក់​ពី​ឆ្នាំ​ ២០១៩»​។

លោក​បន្តថា ថ្មីៗ​នេះ​ប្រទេស​ទាំង​ ២ ​កំពុង​ស្ថិត​ក្នុងការ​ចរចា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ប្រហែល​ ១៤ ដែល​រំពឹង​ថា​នឹង​ត្រូវ​ចុះហត្ថលេខា​ក្នុង​ពេល​ឆាប់ៗ​ដោយ​ផ្ដោតលើ​វិស័យ​ទេសចរណ៍ ការអប់រំ ច្បាប់ និង​យុវវ័យ​។ លោក​សង្ឃឹម​ថា ប្រទេស​រុស្ស៊ី​នឹង​គាំទ្រ​ប្រទេស​កម្ពុជា​លើ​ការចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប​អាស៊ី​។

លោក Dmitry Tsvetkov បាន​កត់សម្គាល់​អំពី​ការអភិវឌ្ឍ​យ៉ាង​រហ័ស​របស់​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​តំបន់​ប្រហែល​ ៧ ​ភាគរយ​កាលពី​ឆ្នាំមុន ទោះបី​ជា​កម្ពុជា​មិនមែន​ជា​ប្រទេស​ផលិត​ប្រេង​ដូចជា​បណ្ដា​ប្រទេស​ផ្សេងទៀត​ក៏ដោយ​។ លោក​បន្តថា ក្រុមការងារ​រវាង​ប្រទេស​កម្ពុជា និង​រុស្ស៊ី​បាន​ចាប់ផ្ដើម​ការចរចា​រួចហើយ​ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប​អាស៊ី​។

កាលពី​ខែតុលា​ឆ្នាំ​មុន​ក្រុមមន្ដ្រី​ប្រទេស​កម្ពុជា​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​រុស្ស៊ី ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី (EAEU) ដែល​ជា​ប្លុក​របស់​បណ្ដា​ប្រទេស​ជាច្រើន​នៅ​អាស៊ី​កណ្ដាល និង​ខាង​ជើង និង​អឺរ៉ុប​ខាងកើត​។

ប្លុក​នេះ​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) រួម​ចំនួន​ ៥ ​ពាន់​ពាន់​លាន​ដុល្លារ​។ EAEU គឺជា​អង្គការ​អន្តរជាតិ​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់​មាន​រដ្ឋ​ ៥ ​ជា​សមាជិក​គឺ​អាម៉េនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​រុស្ស៊ី​ដោយ​មាន​ប្រជាជន​រួម​ចំនួន​ ១៨៣ ​លាន​នាក់​។

កាលពី​ឆ្នាំ​ ២០១៦ ប្រទេស​កម្ពុជា និង EAEU បាន​ចុះកិច្ចព្រមព្រៀង MoU ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​។ ខណៈ​កម្ពុជា​នៅតែ​កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត (LDC) ផលិតផល​កម្ពុជា​ប្រហែល​ ៣៦ ​មុខ​អាច​ចូល​ទៅក្នុង​ទីផ្សារ​របស់ EAEU ដោយ​រួច​ពន្ធ​នៅក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ក្រោយ​។

ក្នុងចំណោម​បណ្ដា​ប្រទេស​អាស៊ាន​មាន​តែ​វៀតណាម​ប៉ុណ្ណោះ​ដែល​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EAEU ខណៈ​ប្រទេស​សិង្ហបុរី​កំពុង​រំពឹង​ថា​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ​នៅ​ឆ្នាំនេះ​។

បច្ចុប្បន្ន​ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ជា​ក្រុមហ៊ុន​ពហុផលិតផល​កសិកម្ម​ក្នុងស្រុក​កំពុង​រៀបចំ​ផែនការ​ក្នុង​ការពង្រីក​​ទីផ្សារ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​រុស្ស៊ី និង​ប្រទេស​ហុងគ្រី​។ លោក ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បាន​ឲ្យ​ដឹង​កាលពី​មុន​ថា ក្រុមហ៊ុន​របស់​លោក​គ្រោង​នឹង​នាំចេញ​ផ្លែស្វាយ​ប្រហែល​ ៥ ០០០ ​តោន​ ក្នុង​ ១ ​ឆ្នាំ​៕LA