ភ្នំពេញៈ កម្ពុជា និង​វៀតណាម​កំពុង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​តាមរយៈ​ការបង្កើត​តំបន់​ត្រួតពិនិត្យ​រួមគ្នា ដើម្បី​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ (​បាវិត-ម៉ុកបៃ​) ឲ្យ​កាន់​តែមាន​ភាព​ឆាប់រហ័ស ខណៈ​ការកកស្ទះ​ចរាចរណ៍​ទីនោះ​កំពុង​កើនឡើង​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​ដឹកនាំ​ក្រុម​គណៈប្រតិភូ​អន្តរក្រសួង និង​ក្រុម​អ្នកជំនាញ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​កកស្ទះ​ចរាចរណ៍​ផ្លូវជាតិ​លេខ​ ១ ចំណុច​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ព្រម​ទាំង​បាន​បន្តទៅ​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​លោក Nguyen Van The រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វៀតណាម​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​ វៀតណាម​។

លោក ស៊ុន ចាន់ថុល បាន​និយាយ​ថា​ការកកស្ទះ​ចរាចរណ៍​នៅ​ចំណុច​ព្រំដែន​អន្តរជាតិ​បាវិត គឺជា​រឿង​ដ៏សំខាន់​ដែល​ត្រូវ​ដោះស្រាយ ខណៈ​កន្លងមក​មិន​ត្រឹមតែ​វិស័យ​ឯកជន​នោះទេ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ភាគី​វៀតណាម​មាន​ដី​ប្រមាណ​ ៥០ ​ហិកតា​​ ដែល​អាច​បង្កើត​ជា​តំបន់​ត្រួតពិនិត្យ​រួមគ្នា​។ ការបង្កើត​តំបន់​ត្រួតពិនិត្យ​រួមគ្នា​នេះ​គឺជា​បំណង​របស់​ប្រទេស​ជា​សមាជិក​មហាអនុតំបន់​មេគង្គ ក៏ដូចជា​ទស្សនវិស័យ​របស់​អាស៊ាន​ដែល​ចង់​ឲ្យ​មាន​តំបន់​ត្រួតពិនិត្យ​រួមគ្នា ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ​ក្នុង​ការដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់​ព្រំដែន​»​។

តាមរយៈ​កិច្ចប្រជុំ ភាគី​ទាំង​ ២ បាន​ឯកភាព​គ្នា​លើ​ដំណោះស្រាយ​មួយចំនួន​ដូចជា ធ្វើការ​សិក្សា​លម្អិត​អំពី​ការបង្កើត​តំបន់​ត្រួតពិនិត្យ​រួមគ្នា ការពង្រីក​គន្លង​ចរាចរណ៍ និង​លំហូរ​រថយន្ត​ឆ្លងកាត់​នៅ​ច្រកទ្វារព្រំដែន បាវិត-ម៉ុកបៃ ការបង្កើន​ម៉ោង​ធ្វើការ​ចាប់ពី​ម៉ោង ៦:០០ ព្រឹក​ ដល់​ម៉ោង ១០:០០ ​យប់ និង​ពិនិត្យ​លទ្ធភាព​បង្កើន​ចំនួន​កូតា​រថយន្ត​ឆ្លងកាត់​ប្រទេស​ទាំង​ ២ ​ពី ៥០០ ​គ្រឿង ទៅ ៨០០ ​គ្រឿង​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ាស៊ឹមសុរិយា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅពេល​ខាងមុខ​ភាគី​វៀតណាម​នឹង​បញ្ជូន​សេចក្តី​ព្រាង​ប្លង់ និង​ផែនការ​យុទ្ធសាស្ត្រ​មក​ឲ្យ​កម្ពុជា​ជាមុនសិន ដើម្បី​កម្ពុជា​ពិនិត្យ​ពិភាក្សា​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ប្រាប់ថា ការបង្កើត​ឲ្យ​មាន​កន្លែង​ត្រួតពិនិត្យ​រួមគ្នា​នេះ ជា​ក្តីប្រាថ្នា​ចង់បាន​របស់​វិស័យ​ដឹកជញ្ជូន​ជាយូរ​មកហើយ​។ លោក​ថ្លែងថា​៖ «​យើង​មិន​ត្រឹមតែ​ចង់​បាន​ឲ្យ​មាន​តំបន់​ត្រួតពិនិត្យ​រួមគ្នា​ប៉ុណ្ណោះ​ទេ គឺ​យើង​ថែមទាំង​ចង់បាន​កន្លែង​នោះ​មាន​ទំហំ​ធំ​ដែល​អាច​ឲ្យ​រថយន្ត​ដឹកទំនិញ​ចូល​ចត​បាន​ច្រើន​ទៀតផង​»​។

តាម​លោក ចន្ទី ជា​រៀងរាល់​ថ្ងៃ​មាន​រថយន្ត​កុងតឺន័រ​ជា​មធ្យម​ពី ៣០០-៤០០ ​គ្រឿង​ឆ្លងកាត់​ព្រំដែន​កម្ពុជា-វៀតណាម ត្រង់​ច្រក​អន្តរជាតិ​បាវិត​៕