ភ្នំពេញ: កម្ពុជា និង​វៀតណាម​បានសម្រេច​ឲ្យ​មានការ​ដោះដូរ​ទំនិញ​ត្រង់​តំបន់ ស នៃ​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត-ម៉ុកបៃ ដើម្បី​ផ្ទេរ​ទំនិញ​គ្នា​ទៅវិញទៅមក បន្ទាប់ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ បានសម្រេច​បិទ​ច្រក​ព្រំដែន​ដើម្បី​បង្ការ​ការរីករាលដាល​កូវីដ​ ១៩​។

សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​សប្តាហ៍​មុន​ដែល​ដឹកនាំ​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រម​ទាំង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ជាមួយ​នឹង​អាជ្ញាធរ​វៀតណាម​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​គយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ ២ ​សម្រេច​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ចូលមក​ដល់​តំបន់ ស ដោយ​ដូរ​អ្នកបើកបរ​ប្តូរ​ក្បាល​រថយន្ត​សណ្តោង ការផ្ទេរ​ទំនិញ ឬ​ផ្ទេរ​កុងតឺន័រ​។ វិធានការ​នេះ​នឹង​ត្រូវ​អនុវត្ត​រហូត​ដល់​បញ្ហា​នៃ​កូវីដ​ ១៩ មាន​ភាពល្អ​ប្រសើរឡើង​វិញ​។

ទន្ទឹម​នឹងនេះ​អាជ្ញាធរ​កម្ពុជា​ក៏​សម្រេច​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ពី​វៀតណាម​ចូលដល់​កំពង់ផែ​ស្ងួត​ណាមួយ​នៅក្បែរ​ព្រំដែន រួច​ធ្វើ​ការផ្ទេរ​ទំនិញ​ចេញ និង​ផ្ទុកទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ពី​កម្ពុជា​ដោយ​តម្រូវ​ឲ្យ​អ្នកបើកបរ​ស្លៀក​សម្លៀកបំពាក់​សុវត្ថិភាព​ការពារ​វីរុស​។

អាជ្ញាធរ​វៀតណាម​ក៏បាន​ស្នើសុំ​ឲ្យ​មាន​ការសហការ​ជាមួយ​អាជ្ញាធរ​ពាក់ពន្ធ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​អ្នកបើកបរ​គោរព​ទៅ​តាម​សេចក្តី​សម្រេច​ខាងលើ​នេះ​។

វិធានការ​នេះ​នឹងត្រូវ​អនុវត្ត​នៅ​គ្រប់​ច្រកព្រំដែន​ទាំងអស់​ដែល​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​តៃនិញ​របស់​ប្រទេស វៀតណាម និង​បាន​ឯកភាព​គ្នា​បន្ត​កិច្ចសហការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះមុខ​ដែល​អាច​កើត​មាន​ជាយថាហេតុ​។

សេចក្តី​ប្រកាស​ព័ត៌មាន​៖ «​ភាគី​ទាំង​ ២ ​បាន​ឯកភាព​ផ្សព្វផ្សាយ​នូវ​ដំណោះស្រាយ​ទាំងនេះ​ទៅ​ដល់​ធុរជន​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ទំនិញ ហើយ​ធុរជន​អាច​ជ្រើសរើស​យក​ជម្រើស​ណាមួយ​ក៏បាន ដែល​ងាយស្រួល​សម្រាប់​ពួកគេ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​៖ «​ដើម្បី​ដោះស្រាយ​ការកកស្ទះ​នៅ​ព្រំដែន ភាគី​ទាំង​ ២ បាន​សម្រេច​អនុញ្ញាត​ឲ្យ​អនុវត្ត​ភ្លាមៗ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​សមត្ថកិច្ច​ពាក់ពន្ធ​ទាំងសងខាង​បាន​អនុញ្ញាត​ឲ្យ​ប្រតិបត្តិការ​រហូត​ដល់​ម៉ោង ១០ ​យប់​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ-កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិធានការ​នេះ​បាន​ជួយសម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២​។ លោក​ថ្លែងថា​៖ «​សព្វថ្ងៃ​ភាគី​ទាំង​ ២ អាច​ធ្វើ​ការនាំចេញ-នាំចូល​ទំនិញ​បានជា​ធម្មតា ពិសេស​បាន​ជួយ​ដល់​ការដឹកជញ្ជូន​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នឹង​បញ្ជូន​មកដល់​រោងចក្រ​ទាន់ពេលវេលា​នៅ​ក្រុង​បាវិត​។

មេដឹកនាំ​ប្រទេស​ទាំង​ ២ បាន​សន្យាថា​នឹង​លើកកម្ពស់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​សម្រេច​ឲ្យ​បាន​ជាង ៥ ​ពាន់​លាន​ដុល្លារ​ នៅ​ត្រឹម​ចុងឆ្នាំ ២០២០ ​នេះ​។

ទិន្នន័យ​បាន​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​សរុប​សម្រាប់​ឆ្នាំ ២០១៨ បាន​កើនឡើង​ដល់ ៤,៧ ​ពាន់​លាន​ដុល្លារ​ កើនឡើង ២៣,៨ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧​។

រដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​បិទ​ច្រកព្រំដែន​មួយ​ចំនួន​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​ថៃ​ផងដែរ ដោយសារ​តែ​ករណី​កូវីដ​ ១៩ ​នេះ​៕