ភ្នំពេញ: កម្ពុជា និង​សហរដ្ឋ​អាមេរិក​ទីបំផុត​សម្រេច​នូវ​កិច្ចសហការ​គ្នា​ជា​ផ្លូវការ​លើ​ការលើក​កម្ពស់​ពន្លឿន​ការផ្តល់​ប្រកាស​នីយបត្រ​តក្កកម្ម​ (​ប៉ាតង់​) ​នៅ​កម្ពុជា ដោយ​ភាគី​ទាំង​ ២ រំពឹង​ថា ការសហការ​គ្នា​នេះ​នឹង​ជួយ​ជំរុញ​ការទាក់ទាញ​វិនិយោគ​បន្ថែម​ពី​អាមេរិក​មកកាន់​កម្ពុជា បន្ទាប់ពី​កម្ពុជា​ធ្លាប់​អនុវត្ត​កិច្ចការ​នេះ​ជាមួយ​បណ្ដា​ប្រទេស​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) តាមរយៈ​វីដេអូ​អនឡាញ​ជាមួយ​លោក Andrei lancu នាយក​អង្គភាព​ប្រកាស​នីយបត្រ​តក្កកម្ម និង​ពាណិជ្ជសញ្ញា​សហរដ្ឋអាមេរិក​ (USPTO)​នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ដោយមាន​វត្តមាន​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ចូលរួម​ធ្វើជា​សាក្សី​ផង​។

លោក ចម ប្រសិទ្ធ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​ការចុះ​ MoU ​នេះ​ជា​សក្ខីភាព​មួយទៀត​នៃ​ការជំរុញ​ភាពរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ទំនុកចិត្ត​ផ្នែក​វិនិយោគ​បន្ថែមទៀត​ជាមួយ​សហរដ្ឋអាមេរិក​។

លោក​បាន​បន្តថា នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ដែល​បានធ្វើឱ្យ​កម្ពុជា​សម្រេច​បាន​កិច្ចសហប្រតិបត្តិការ​ពន្លឿន​ការផ្តល់​ប្រកាស​នីយបត្រ​តក្កកម្មរ​វាង​កម្ពុជា​ជាមួយ​នឹង​ប្រទេស​មួយចំនួន រួមមាន សិង្ហបុរី ជប៉ុន ចិន កូរ៉េខាងត្បូង និង​សហគមន៍​អឺរ៉ុប​ជាដើម​។

លោក​ថ្លែងថា​៖ «​ភាគី​ទាំង​ ២ ​បានបង្ហាញ​នូវ​ទឹកចិត្ត​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រហូត​ឈានដល់​ចុះហត្ថលេខា​នា​ថ្ងៃនេះ ដើម្បី​ជា​ផ្នែក​មួយ​រួមចំណែក​ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ​ពី​សហរដ្ឋ អាមេរិក​មក​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើនឡើង ហើយ​វា​នឹង​ផ្តល់​ជំនឿ​ទុកចិត្ត​សម្រាប់​ស្នាដៃ​បច្ចេកវិទ្យា និង​របក​គំហើញ​ផ្សេងៗ​ដែល​ចង់​មក​ផលិត​វិនិយោគ និង​ផ្តល់​សេវា​នៅ​កម្ពុជា​ត្រូវ​បាន​ទទួល​កិច្ចការពារ​នូវ​កម្មសិទ្ធិបញ្ញា​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម​ស្ថិត​ក្នុង​សុពលភាព​របស់ខ្លួន​»​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានឱ្យ​ដឹងថា តាមរយៈ​ MoU នេះ​នឹង​ជួយ​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។

លោក​និយាយ​ថា​៖ «​សហរដ្ឋអាមេរិក​នឹង​ចុះផ្សាយ​ពី​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ២ ​តាមរយៈ​វេបសាយ​ក៏​ដូចជា​តាម​បណ្តាសារ​ព័ត៌មាន​ផ្សេងៗ ដើម្បីឱ្យ​សាធារណជន និង​ជាពិសេស​តក្កករ​នៅ​សហរដ្ឋអាមេរិក​ឱ្យមក​ចុះបញ្ជី​ប្រកាស​នីយបត្រ​តក្កកម្ម​នៅ​កម្ពុជា​សម្រាប់​មុខសញ្ញា​នៃ​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា​»​។

លោក Murphy បានឱ្យ​ដឹងថា អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​របស់​កម្ពុជា​ដោយ​ការនាំចេញ​កាលពី​ឆ្នាំ​ ២០១៩ មានតម្លៃ​ជិត ៥,៤ ពាន់​លាន​ដុល្លារ​កើនឡើង​ពី ៣ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​ ២០១៥​។

អាមេរិក​បានផ្ដល់​ឱ្យ​កម្ពុជា​នូវ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ស្ថិតក្រោម​កម្មវិធី​ប្រព័ន្ធ GSP ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា​អាច​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​របស់​អាមេរិក​ដោយ​រួច​ពន្ធ​សម្រាប់​ផលិតផល​ជាង​ ៥ ០០០ ​មុខ​។

ស្ថិតក្រោម​ប្រព័ន្ធ GSP នេះ ទំនិញ​ធ្វើដំណើរ​ពី​កម្ពុជា​ជិត​ ១ ​ពាន់​លាន​ដុល្លារ​ត្រូវបាន​នាំ​ចេញ​ទៅ​អាមេរិក​កាលពី​ឆ្នាំ ២០១៩៕ LA