ភ្នំពេញៈ រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្តល់​ជំនួយ​ឥត​សំណង​លើ​គម្រោង​ចំនួន​ ​១៨ ​ដែល​មាន​តម្លៃ​​សរុប​ជិត ​៩០ ​ម៉ឺន​ដុល្លារ​ ដល់​កម្ពុជា ​សម្រាប់​ការ​អនុវត្ត​គម្រោង​ឆាប់​ទទួល​បាន​ផល ​(QIP) ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​​-គង្គា។​

រដ្ឋាភិបាល​ទាំង ​២ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​​យោគយល់​ស្តីពី​ ​ជំនួយ​ឥត​​សំណង​នេះ​នៅ​​ក្រសួង​ការ​បរទេស​កម្ពុជា​​កាល​ពី​ម្សិលមិញ​។

លោក ​លុយ ​ដាវីត​ រដ្ឋលេខាធិការ​​នៃ​ក្រសួង​ការ​បរទេស ​និង​​សហប្រតិបត្តិការ​អន្តរជាតិ ​បាន​​ឲ្យ​ដឹង​ថា ​MOU ​នេះ​ជា​ភ័ស្តុតាង​ដែល​​បញ្ជាក់​​ថា កិច្ច​សហប្រតិបត្តិការ​មេគង្គ​-គង្គា ​បាន​និង​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​រលូន​ជាមួយ​​នឹង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​​។

លោក​បន្ត​ថា៖ ​«តម្លៃ​ពិត​នៃ​គម្រោង​ខ្នាត​តូចៗ​ទាំង​នេះ គឺ​មាន​​សារៈសំខាន់​ណាស់​ចំពោះ​​​កម្ពុជា​ក្នុង​ការ​បង្កើត​នូវ​លទ្ធផល​​រូបីយ ​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ និង​រួម​ចំណែក​ដល់​​សុខុមាលភាព​ប្រជាជន​​ខ្មែរ​»​។

តាម​លោក ​លុយ ​ដាវីត ​គម្រោង​​ទាំង ​១៨ ​ដែល​មាន​តម្លៃ​​សរុប ​៨៩៥ ​១៤៥ ​ដុល្លារ ​គឺ​អនុវត្ត​សម្រាប់​ឆ្នាំ ​២០១៩​-​២០២០ ​ក្រោម​កិច្ច​សហប្រតិបត្ដិការ​មេគង្គ​-គង្គា​។

ឥណ្ឌា គឺ​ជា​ប្រទេស​ដំបូង​ដែល​បាន​យល់ព្រម​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​មេគង្គ ​ក្នុង​ការ​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ដំបូង​គេ​ដែល​បច្ចុប្បន្ន ​ហៅ​ថា ​«កិច្ច​សហប្រតិបត្តិការ​មេគង្គ-​គង្គា»​។​

គម្រោង​ទាំង ​១៨ ​នោះ ​រួមមាន ​៦ ​គម្រោង ​ស្ថិត​ក្រោម​ក្រសួង​សុខាភិបាល ​៤ ​គម្រោង​នៅ​ក្រោម​ក្រសួង​អភិវឌ្ឍន៍​ជនបទ ២ ​គម្រោង ​នៅ​ក្រោម​ក្រសួង​​ធនធាន​ទឹក ​និង​ឧតុនិយម ​២ ​គម្រោង ​នៅ​ក្រោម​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​២ ​គម្រោង ​នៅ​ក្រោម​ក្រសួង​កិច្ច​ការ​​នារី ​១ ​គម្រោង ​នៅ​ក្រោម​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​និង ​១​គម្រោង​នៅ​ក្រោម​ក្រសួង​​បរិស្ថាន​។

តាម​លោក ​ដាវីត ​ចាប់​តាំង​ពី​​ចាប់​ផ្តើម​គម្រោង​ឆាប់​ទទួល​បាន​​ផល (QIP) ក្រោម​កិច្ច​សហប្រតិបត្តិការ​មេគង្គ-គង្គា នៅ​​ឆ្នាំ ​២០១៥​ មក ​កម្ពុជា​ទទួល​បាន​គម្រោង​សរុប​ចំនួន ​៣៤ ដែល​មាន​វិសាលភាព​គ្រប​ដណ្តប់​លើ​សកម្មភាព​​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល ​កសិកម្ម ​អប់រំ បរិស្ថាន ​ការ​អភិវឌ្ឍ​ជំនាញ ការ​ផ្តល់​​សិទ្ធិ​អំណាច​ដល់​ស្ត្រី ​ការ​អភិវឌ្ឍ​ជនបទ​ ធនធាន​ទឹក និង​បច្ចេកទេស​ព័ត៌មានវិទ្យា។

លោក​បន្ត​​ថា សមិទ្ធផល​ជាក់​​ស្តែង​មួយ​ទៀត​ដែល​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​គឺ «សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី»​ ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ​២០១៤ ក្នុង​ខេត្ត​សៀមរាប​។ កម្ពុជា​ប្តេជ្ញា​ក្នុង​​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​នេះ​ ដោយ​ផ្អែក​លើ​សកម្មភាព​អនុវត្ត​​ជាក់​ស្តែង​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា​ និង​តំបន់​មេគង្គ​ទាំង​មូល​។

លោក​ស្រី​ Manika Jain ឯក​​អគ្គរដ្ឋទូត​​សាធារណរដ្ឋ​ឥណ្ឌា​​ប្រចាំ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិ​បាល​ឥណ្ឌា​មាន​គម្រោង​ជា​ច្រើន​ជាមួយ​​​កម្ពុជា ​ដូច​ជា​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។ ​លោក​ស្រី​បន្ត​​ថា ​​ឥណ្ឌា​បាន​​ផ្តល់​ជំនួយ​ចាប់​តាំង​ពី​ឆ្នាំ ២០១៥​។

លោកស្រី​បន្ត​​ថា ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ទាំង ១៨ ​នេះ​បាន​ធ្វើ​ឲ្យ​គម្រោង​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ជួយ​កម្ពុជា​តាមរយៈ ​QIP ពី​ឆ្នាំ​ ២០១៦ ​មក​កើន​ដល់​ ៣៤ ​គម្រោង​ដែល​​មាន​តម្លៃ​សរុប​ ១,៧ ​​លាន​ដុល្លារ​​។

លោកស្រី​​ថា៖​ «​រដ្ឋាភិបាល​ឥណ្ឌា​នឹង​បន្ត​គាំទ្រ ​និង​​សហការ​ជាមួយ​រដ្ឋាភិបាល​​កម្ពុជា​ក្រោម​ក្រប​ខ័ណ្ឌ​កិច្ច​​សហប្រតិបត្តិការ​មេគង្គ​-​គង្គា»៕LA