ភ្នំពេញៈ កម្ពុជា និង​ឥណ្ឌូនេស៊ី បាន​សន្យា​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ការ​​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ ឲ្យ​​បាន​កាន់​តែ​លឿន​ ខណៈ​​អ្នក​​ក្នុង​វិស័យ​នេះ​មាន​ជំនឿ​ថា ការ​ភ្ជាប់​ការ​ហោះហើរ​ត្រង់​នេះ​អាច​កើត​ឡើង​នៅ​ឆ្នាំ​ ២០១​៩ ​នេះ​​។

ការ​សន្យា​របស់​ភាគី​ទាំង​ ២ ​ធ្វើ​ឡើង​ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​ ធ្វើ​ដំណើរ​មក​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៨ ​បង្ហាញ​ពី​កំណើន​​ជិត​ ១២ ​ភាគរយ​។ ​នេះ​បើ​​​តាម​ក្រសួង​ទេសចរណ៍​កម្ពុជា​។

តួលេខ​ពី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​ ២០១៨​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង ​៦,២ ​លាន​នាក់ ​ក្នុង​នោះ​​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ ឥណ្ឌូនេស៊ី​ មាន​តែ​ចំនួន​ ៥៥ ៧៥៣ ​នាក់​ប៉ុណ្ណោះ​ កើន​ឡើង ១​១,៨ ​ភាគរយ​បើ​ធៀប​​ឆ្នាំ​ ២០១​៧​​។

ក្នុង​​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០១៩ ​ដែល​រៀបចំ​នៅ​ទីក្រុង​ហាឡុង ​ប្រទេស​ វៀតណាម​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​ លោក ​ថោង​ ខុន​ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជា​មួយ​លោក ​Arief Yahya ​រដ្ឋមន្ត្រី​ទេសចរណ៍​​ឥណ្ឌូនេស៊ី ​ដើម្បី​ពិភាក្សា​ពី​ការ​ជំរុញ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ ២ កាន់​តែ​មាន​កំណើន​បន្ថែម​ទៀត​ដើម្បី​​ចូល​រួម​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើក​ទី​ ៦០​ នៃ​ចំណង​ការ​ទូត​របស់​ប្រទេស​ទាំង​ ២។

នៅ​ក្នុង​ពេល​ជួប​ពិភាក្សា​នោះ ​ថ្នាក់​ដឹកនាំ​ទាំង​ ២ ក៏​បាន​ឯកភាព​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​ង្កើត​ក្រុម​ការងារ​ចម្រុះ​អនុវត្ត​​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ក្នុង​វិស័យ​ទេសចរណ៍ ការ​ពង្រីក​សមត្ថភាព​ដល់​មន្ត្រី​ជំនាញ​កម្ពុជា​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​កំណត់​ទីតាំង​ទេសចរណ៍​ និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​​លើ​​ការ​រៀបចំ​ពិធី​វប្បធម៌​នានា​សំដៅ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ទេសចរណ៍ ជា​ដើម​។​

វិស័យ​ឯក​ជន​រំពឹង​ថា ​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ អាច​នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​។

លោក​ស្រី ​ឆាយ ​ស៊ីវ​លីន ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​និយាយ​ថា​ ឥណ្ឌូនេស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន និង​មាន​ទម្លាប់​ចេញ​ដើរ​កម្សាន្ត​នៅ​ប្រទេស​ជិត​ខាង ប៉ុន្តែ​ដោយ​សារ​មិន​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​ កន្លង​មក​កម្ពុជា​មិន​សូវ​ទទួល​​បាន​ភ្ញៀវ​ទេសចរ​ពី​ឥណ្ឌូនេស៊ី​ទេ​​។ ឆ្នាំ​ ២០១៩​ នេះ​គឺ​ជា​ខួប​ទី​ ៦០ ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា​ ជា​មួយ​ប្រទេស​ ឥណ្ឌូនេស៊ី​។​

លោក​ស្រី​អះអាង​ថា៖​ «​ប្រសិន​បើ​ការ​​ហោះហើរ​ត្រង់​ជា​មួយ​ឥណ្ឌូនេស៊ី​អាច​​កើត​មាន​ក្នុង​ពេល​ឆាប់​ៗ ​កម្ពុជា​នឹង​​អាច​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ជា​​​ច្រើន​ ពិសេស​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សណ្ឋាគារ ​និង​បដិសណ្ឋារ​កិច្ច​»​​​។

លោក​ស្រី​បន្ត​ថា ​ទន្ទឹម​នឹង​ការ​ត្រៀម​​ទទួល​ការ​ហោះហើរ​ដោយ​ត្រង់​ពី​​ប្រទេស​ឥណ្ឌូនេស៊ី​នេះ ​កម្ពុជា​ក៏​ត្រូវ​ខិតខំ​​ផង​ដែរ​ទាក់ទង​នឹង​ការ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ពិសេស​គឺ​អាហារ​ប្រភេទ «​ហា​ឡាល់» ​ដែល​បច្ចុប្បន្ន​គេ​ពិបាក​រក​ណាស់​នៅ​តាម​បណ្តា​ខេត្ត​។​

បើ​តាម​លោក​ស្រី ស៊ីវលីន ភាគ​ច្រើន​នៃ​​ទេសចរ​ឥណ្ឌូនេស៊ី​​គឺ​ជា​ទេសចរណ៍​វប្បធម៌​ និង​​ប្រវត្តិសាស្រ្ត​។ លោក​ស្រី​លើក​ឡើង​ថា៖​ «ខ្ញុំ​សូម​រំឭក​ឲ្យ​ប្រតិបត្តិករ​នៅ​កម្ពុជា​ ត្រូវ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវទេសចរ​ដែល​បាន​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​​​ទាំង​ផ្នែក​ភាសា​បរទេស សីលធម៌​វិជ្ជាជីវៈ ​កន្លែង​ស្នាក់​នៅ​ និង​ប្រភេទ​មុខ​ម្ហូប​»​​។

លោក ​ធួន ​ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ា​ស៊ីហ្វិក​កម្ពុជា​ឲ្យ​ដឹង​​ថា បើ​កម្ពុជា​មាន​​​ភ្ជាប់​ការ​ហោះហើរ​ត្រង់​ជា​មួយ​ឥណ្ឌូនេស៊ី ​នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​ផល​ចំណេញ​ជា​ច្រើន ខណៈ​​បច្ចុប្បន្ន​មាន​វិនិយោគិន​ឥណ្ឌូនេស៊ី​ជា​ច្រើន​បាន​ចេញ​ទៅ​បោះ​ទុន​វិនិយោគ​​តាម​បណ្តា​ប្រទេស​ជិត​ខាង​​។ ​

លោក​បញ្ជាក់​ថា​៖ «ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ​ពិសេស​វិស័យ​ឧស្សាហកម្ម​ និង​​កសិកម្ម ​ដូច្នេះ​បើ​មាន​ការ​ភ្ជាប់​​ជើង​ហោះហើរ​ត្រង់​ វា​មិន​ត្រឹមតែ​ជួយ​កម្ពុជា​លើ​ការ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​​ទេ តែ​វា​នឹង​ជួយ​ឲ្យ​បាន​ការ​ចូល​មក​វិនិយោគ​ផ្ទាល់​កាន់​តែ​ច្រើន​ផង​ដែរ​»។​

បើ​តាម​លោក ​ស៊ីណាន ​ផែនការ​ត​ភ្ជាប់​​ជើង​ហោះហើរ​ត្រង់​ជា​មួយ​ឥណ្ឌូនេស៊ី​នេះ​មាន​ជា​យូរ​មក​ហើយ តែ​​លោក​សង្ឃឹម​ថា ការ​តភ្ជាប់​ពិត​ប្រាកដ​នឹង​លេច​ឡើង​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​។ ​លោក​ថ្លែង​ថា៖​ «​​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ នឹង​ជំរុញ​ឲ្យ​បាន​ការ​តភ្ជាប់​ត្រង់​ជា​មួយ​គ្នា​នេះ​លេច​ឡើង​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ តែ​សម្រាប់​ពេល​ជាក់​​ស្តែង​នោះ​ខ្ញុំ​មិន​ទាន់​ដឹង​នោះ​ទេ​»​។

ទំហំ​ពាណិជ្ជកម្ម​រវាង​​ប្រទេស​ទាំង​ ២ បាន​​កើន​ឡើង​ដល់​ជាង​ ៣១៨ ​លាន​ដុល្លារ ​នៅ​រយៈ​ពេល​ ៧ ខែ​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៨​ កើន​ឡើង​ ៨,៣ ​ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៧​។

បើ​យោង​តាម​របាយ​ការណ៍​​បាន​ពី​ស្ថានទូត​​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​​​ តួលេខ​នេះ​បាន​បង្ហាញ​ថា​ ការ​​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌូនេ​ស៊ី​ ​កើន​ឡើង​ដល់​ជាង​​ ១៧ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១៧ កើន​ឡើង​ ១២,​៤១ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦​ ​ខណៈ​ការ​នាំចូល​មក​ពី​​ឥណ្ឌូនេស៊ី​ មាន​ជាង​ ៣០១ លាន​ដុល្លារ​ កើន​ឡើង​​ ៨,​០៧ ​ភាគរយ​៕LA