ភ្នំពេញៈ កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនប្រាំមួយជាមួយនឹងសាធារណរដ្ឋសីស្ហែល (Seychelles) ក្នុងបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ចជាមួយប្រទេសដែលសម្បូរទៅដោយកោះស្ថិតនៅក្នុងសហភាពអាហ្វ្រិក។
កិច្ចព្រមព្រៀងទ្វេភាគីទាំង ៦ នេះនឹងត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋមួយដែលមានរយៈពេលបីថ្ងៃពីថ្ងៃនេះរហូតដល់ថ្ងៃ ទី១៧ ដែលដឹកនាំដោយលោក Jean-Paul Adam រដ្ឋមន្ដ្រីក្រសួងការបរទេស របស់សាធារណរដ្ឋសីសែ្ហល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបានពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃអង្គារ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា «លោក Jean-Paul Adam នឹងមានកិច្ចប្រជុំមួយជាមួយនឹងលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស។ ក្រៅពីនោះលោកនឹងមានកិច្ចប្រជុំដោយឡែកជាមួយនឹងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ម៉ៅ ហាស់វណ្ណាល់ រដ្ឋលេខាធិការនៃអាកាសចរស៊ីវិលកម្ពុជា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោក ម៉ុម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម»។
កិច្ចព្រមព្រៀងចំនួន ៦ មានដូចជា MOU ស្ដីពីការបង្កើតការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេស របស់សាធារណរដ្ឋសីស្ហែល MOU ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍ប្រទេសទាំងពីរ MOU ស្ដីពីវិស័យកសិកម្មរវាងក្រសួងកសិកម្មប្រទេសទាំងពីរ MOU ស្ដីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាវិនិយោគ ប្រទេសសីស្ហែល កិច្ចព្រមព្រៀងស្ដីពីសេវាកម្មផ្លូវអាកាស និង MoU ស្ដីពីការផ្លាស់ប្តូរមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញនិង ទីក្រុងវិចតូរីយ៉ា។
សាធារណរដ្ឋ សីស្ហែល គឺជាទីប្រជុំកោះមួយនៅក្នុងមហាសមុទ្រឥណ្ឌា។ ប្រទេសនេះមានកោះចំនួន ១៥៥ ដែលមានទីក្រុងធំគឺ ទីក្រុងវិចតូរីយ៉ា ដែលស្ថិតនៅចម្ងាយ ១ ៥០០ គីឡូម៉ែត្រនៅភាគអាគ្នេយ៍ប្រទេសអាហ្វ្រិកដីគោក។
បណ្ដាប្រទេសដីកោះនិងទឹកដីនៅជិតផ្សេងទៀតរួមមាន ប្រទេស Zanzibar នៅខាងលិច និងប្រទេស Comoros ប្រទេស Mayotte ប្រទេស Madagascar ប្រទេស Réunion និងប្រទេស Mauritius នៅភាគខាងត្បូង។
ប្រទេសសីស្ហែល មានប្រជាជនចំនួន ៩០ ០២៤ នាក់ជាប្រទេសដែលមានប្រជាជនតិចជាងគេបំផុតក្នុងចំណោមរដ្ឋអាហ្វ្រិក។ ប្រទេសសីស្ហែល គឺជាសមាជិកម្នាក់របស់សហភាពអាហ្វ្រិក៕