ភ្នំពេញៈ កម្ពុជា​រំពឹងថា​នឹង​អាច​នាំចេញ​សម្បុក​ត្រចៀកកាំ​ទៅ​ទីផ្សារ​ចិន​ជា​ផ្លូវការ​នៅ​ឆ្នាំក្រោយ ខណៈ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​កំពុង​រៀបចំ​នីតិវិធី និង​ធ្វើការ​ជាមួយ​អាជ្ញាធរ​គយ​របស់​ចិន​។ នេះ​បើ​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​។

កាលពី​ចុងខែ​តុលា​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទៅ​ជួបពិភាក្សា​ជាមួយ​ភាគី​ចិន​ក្នុង​គោលបំណង​ជំរុញ​ការនាំចេញ​សម្បុក​ត្រចៀកកាំ​ទៅកាន់​ប្រទេស​ចិន​ជា​ផ្លូវការ​។

យោងតាម​ការចុះផ្សាយ​របស់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ឆ្នាំ​ ២០១៦ បាន​ឲ្យ​ដឹងថា តម្លៃ​ពាណិជ្ជកម្ម​សម្បុក​ត្រចៀកកាំ​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៥ ​ពាន់​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ​។ ចិន​គឺជា​ទីផ្សារ​ធំជាងគេ ខណៈ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី គឺជា​ប្រទេស​ផ្គត់ផ្គង់​ឈានមុខ​គេ​ក្នុង​ពិភពលោក​។

លោក ងិន ឆាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​ជំនាញ​ក្រសួងកសិកម្ម​កំពុង​រៀបចំ​បកប្រែ​ឯកសារ​ភាសា​ចិន​ស្តីពី​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវបំពេញ​មុន​នឹង​ផ្ញើ​ទៅ​ក្រុម​អ្នកជំនាញ​ចិន​ឲ្យ​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​កន្លែង​ចិញ្ចឹម គុណភាព​ផលិតផល និង​ភូតគាម​អនាម័យ​ជាដើម​។

លោក​ថ្លែងថា​៖ «​អគ្គនាយកដ្ឋាន​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការជួប​ចរចា​ជាមួយ​ភាគី​ចិន​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​របស់​យើង​អាច​នាំចេញ​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​»​។

បច្ចុប្បន្ន​ទិន្នន័យ​ឧស្សាហកម្ម​សម្បុក​ត្រចៀកកាំ​របស់​កម្ពុជា​មិន​ត្រូវ​បាន​កត់ត្រា​ជា​ផ្លូវការ​ទេ ខណៈ​ការផលិត​ភាគច្រើន​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន ឬ​បុគ្គល​។ ការជួញដូរ និង​នាំចេញ​ក៏​ត្រូវ​បានធ្វើ​ឡើង​ក្រៅ​ប្រព័ន្ធ​ផងដែរ​។

តាម​លោក ងិន ឆាយ លក្ខខណ្ឌ​ដែល​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​រួមមាន បរិស្ថាន​ផ្ទះ​ចិញ្ចឹម និង​កន្លែង​ជុំវិញ​ត្រូវ​ស្អាត និង​រោងចក្រ​កែច្នៃ​ជាដើម​។

លោក ណាង សុធី ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា​បាន​និយាយ​ថា បើ​កម្ពុជា​អាច​នាំចេញ​សម្បុក​ត្រចៀកកាំ​ជា​ផ្លូវការ​ទៅ​ចិន​នោះ គឺជា​ការល្អ ខណៈ​កន្លង​មក​ការនាំចេញ​ត្រូវបាន​ធ្វើឡើង​ដោយ​ឈ្មួញ​ជា​លក្ខណៈ​ឯកជន​។ លោក​ថ្លែងថា​៖ «​នៅពេល​មាន​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការ វា​នឹង​ជួយ​ធ្វើឲ្យ​អ្នក​ចិញ្ចឹម​កាន់តែ​មាន​ទំនុកចិត្ត ហើយ​ការសម្រិតសម្រាំង​គុណភាព ព្រមទាំង​តម្លៃ​ក៏​នឹង​អាច​មាន​ស្ថិរភាព​ល្អ​ផងដែរ​»​។

លោក​បន្តថា ​កាលពី​ដំបូង​ត្រចៀកកាំ​ត្រូវ​បាន​គេ​ចិញ្ចឹម​ភាគច្រើន​នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ តែ​បច្ចុប្បន្ន​ត្រូវបាន​គេ​ចិញ្ចឹម​ស្ទើរតែ​គ្រប់​ខេត្ត​។ លោក​បញ្ជាក់ថា​៖ «​កំណើន​នេះ​ភាគច្រើន​ដោយសារ​អ្នក​ចិញ្ចឹម​ពួកគាត់​មាន​ក្តីរំពឹង​ទៅលើ​ទីផ្សារ​ប្រទេស​ចិន ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ការចិញ្ចឹម​ក៏​មាន​ភាពងាយស្រួល​ជាង​មុន​ផងដែរ​»​។

បច្ចុប្បន្ន​សម្បុក​ត្រចៀកកាំ មិន​ទាន់​សម្អាត​មាន​តម្លៃ​ចន្លោះ​ពី ៧៥០ ទៅ ៨៥០ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម ចំណែក​សម្បុក​ដែល​សម្អាត​រួច​អាច​មាន​តម្លៃ​ពី ១ ៥០០ ​ដុល្លារ ដល់ ៣ ៥០០ ដុល្លារ អាស្រ័យ​ទៅ​លើ​គុណភាព​។ នេះ​បើ​តាម​លោក ណាង សុធី ។

លោក​បន្តថា បច្ចុប្បន្ន​ក្នុង​ ១ ​ខែ​កម្ពុជា​អាច​ប្រមូលផល​សម្បុក​ត្រចៀកកាំ បាន​យ៉ាង​តិច​ចន្លោះ​ពី ១ ០០០ ទៅ​ ១ ៥០០ ​គីឡូក្រាម ​ក្នុង​នោះ​តម្រូវការ​ក្នុង​ស្រុក​មាន​ប្រមាណ ៣០ ​ភាគរយ និង​ ៧០ ​ភាគរយ​ ត្រូវបាន​ឈ្មួញ​នាំចេញ​ទៅ​ក្រៅប្រទេស​ដែល​ភាគច្រើន​នាំចេញ​ក្រៅផ្លូវការ​ទៅ​ចិន​៕ LA