ភ្នំពេញៈ​ កម្ពុជា​​​អាច​នឹង​​មាន​ជើង​​ហោះហើរ​ត្រង់​ភ្ជាប់​ទៅ​ស្ទើរ​​​គ្រប់​ប្រទេស​ជា​សមាជិក​អាស៊ាន​​​នៅ​ឆ្នាំ​នេះ​លើកលែង​តែ​ប្រទេស ​ប៊្រុយណេ​​ ​ខណៈ​ជើង​​​ហោះ​ហើរ​ត្រង់​រវាង​កម្ពុជា ​ជា​​មួយ​ឥណ្ឌូនេស៊ី​ និង​ហ្វីលីពីន​​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ​នេះ​។

អាកាស​ចរណ៍​ Philippine Airlines (PAL) បាន​ប្រកាស​ថា ​ខ្លួន​នឹង​ដំណើរ​ការ​សេវា​ហោះហើរ​ទៅ​ទីក្រុង​ភ្នំពេញ ពី​ទីក្រុង​ម៉ានីល​នៅ​ខែ​មេសា​ ឆ្នាំ​នេះ​ ការ​ត​ភ្ជាប់​ការ​ហោះហើរ​​ត្រង់​លើក​ដំបូង​រវាង​ប្រទេស ​ហ្វីលីពីន ​និង​កម្ពុជា​ ខណៈ​កាល​ពី​សប្ដាហ៍​មុន ​ក្រុម​គណៈ​ប្រតិភូ​​មក​ពី​​ក្រុមហ៊ុន​​អាកាស​ចរណ៍​តម្លៃ​ទាប Citilink ​របស់​ប្រទេស ​ឥណ្ឌូនេស៊ី ​បាន​ជួប​​លោក ​ថោង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​កម្ពុជា ​និង​បាន​បង្ហាញ​ផែន​ការ​ ក្នុង​ការ​បើក​​ផ្លូវ​ហោះហើរ​ត្រង់​​ដែល​ត​ភ្ជាប់​​ប្រទេស​ទាំង​ ២​ ក្នុង​អំឡុង​ឆមាស​ទី​២ ​ឆ្នាំ​នេះ​។​

លោក​ ជា ​អូន ​អ្នក​នាំាពាក្យ​​រដ្ឋ​លេខាធិការ​​អាកាសចរណ៍​ស៊ីវិល ​(SSCA)​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​​ជា​មួយ​នឹង​ការ​រំពឹង​ទុក​ថា​ផ្លូវ​អាកាស​រវាង​ប្រទេស​ទាំង ​២ នេះ​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ ​កម្ពុជា​នឹង​បាន​ត្រូវ​ត​ភ្ជាប់​ដោយ​ផ្ទាល់​ដោយ​សេវា​ផ្លូវ​អាកាស​ ជា​​មួយ​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​ក្នុង​​ប្លុក​អាស៊ាន ​លើកលែង​តែ​ប៊្រុយណេ ​តែ​មួយ​គត់​។​ ​

លោក​ថ្លែង​ថា​៖ «​នៅ​ពេល​​ផ្លូវ​ហោះហើរ​ត្រង់​នេះ​អាច​ដំណើរការ នឹង​មាន​លំហូរ​ចូល​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ជា​ដំបូង​ ហើយ​ក្រុមហ៊ុន​វិនិយោគ​​នឹង​ចូល​​មក​តាម​ក្រោយ»​។ ​

លោក​បន្ថែម​ថា ​អវត្ត​មាន​ទីផ្សារ​​ផ្លូវ​ហោះហើរ​ត្រង់​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ ​ឬ​ក្រុមហ៊ុន​ពឹង​ផ្អែក​លើ​ប្រទេស​ទី​៣ សម្រាប់​ការ​ត​ភ្ជាប់​ជើង​​ហោះហើរ​ ដែល​​ប្រើប្រាស់​​ពេល​វេលា​ និង​ប្រាក់​។​

ក្រុមហ៊ុន​ PAL គ្រោង​​នឹង​ដំណើរការ​ជើង​ហោះហើរ​ភ្នំពេញ ​ម៉ានីល​ នៅ​ថ្ងៃ​ទី​​ ១​ ​ខែ​មេសា។​ ​

ក្រុមហ៊ុន​នេះ​នឹង​ប្រតិបត្តិ​ការ ​៥ ដង​​ក្នុង​ ​១ ​សប្ដាហ៍ ​ចាប់​​ពី​ថ្ងៃ​ចន្ទ​ដល់​​ថ្ងៃ​សៅរ៍។​ ជើង​ហោះហើរ​ដំបូង ​PR 521 នឹង​​ចាក​ចេញ​ពី​ទីក្រុង​ម៉ានីល ​នៅ​ម៉ោង ​១០:​១០ នាទី​យប់​ ហើយ​រំពឹង​ថា ​នឹង​​មក​ដល់​​ព្រលាន​យន្តហោះ​​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​ ១១:​៤៥ ​នាទី​យប់​។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​មួយ​គណៈ​ប្រតិភូ​របស់​​ក្រុមហ៊ុន​អាកាស​ចរណ៍​ Citilink របស់​ប្រទេស ​ឥណ្ឌូនេស៊ី ​កាល​ពី​ថ្ងៃ​សុក្រ​មុន ​​លោក​ ថោង​ ខុន​ រដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​​កម្ពុជា​ស្វាគមន៍​​ក្រុមហ៊ុន​អាកាស​ចរណ៍ ​ Citilink ​សម្រាប់​ការ​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ប្រតិបត្តិការ​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា ​ដោយ​លើក​ឡើង​ថា ជើង​ហោះហើរ​ត្រង់​កាន់​តែ​ច្រើន​រវាង​​កម្ពុជា និង​ប្រទេស​ជា​សមាជិក​អាស៊ាន ​មាន​សារៈ​សំខាន់​។​

លោក​ថ្លែង ​ដោយ​យោង​ទៅ​ដល់​ផែនការ​នៃ​ការ​បើក​ដំណើរការ​របស់​​ក្រុមហ៊ុន​អាកាស​ចរណ៍​ Citilink សម្រាប់​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា​ថា​​៖ «​នេះ​នឹង​ធ្វើ​ឲ្យ​ក្ដី​ស្រម័យ​របស់​យើង​ក្លាយ​ជា​ការ​ពិត​ ដោយ​សារ​តែ​យើង​​បាន​រង់ចាំ​វា​រយៈ​ពេល​ជា​យូរ​មក​ហើយ​»​។​

លោក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​ អ្នក​​ដំណើរ​​រវាង​​កម្ពុជា​ និង​​ឥណ្ឌូនេស៊ី ត្រូវ​ឆ្លង​កាត់​​​ប្រទេស​ ​សិង្ហបុរី ទីក្រុង​គូឡាឡាំពួ ​ទីក្រុង​បាងកក​ ឬទីក្រុង​​ហូជីមិញ ​ដើម្បី​មក​ដល់​កម្ពុជា​។​

តួលេខ​​បាន​ពី​ក្រសួង​ទេសចរណ៍ ​បាន​​បង្ហាញ​ថា ​ប្រជាជន​ឥណ្ឌូនេស៊ី​ប្រហែល​ ៤៧ ២៥៦​ នាក់​បាន​មក​ទស្សនា​ប្រទេស ​កម្ពុជា ​កាល​ពី​ឆ្នាំ ​២០១៨ ​កើន​ឡើង ​៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧​​។ ប្រជាជន​ហ្វីលីពីន ​បាន​ទស្សនា​កម្ពុជា មាន​ចំនួន​សរុប ​៧៦​ ០២៤ នាក់​កាល​ពី​ឆ្នាំ ​២០១៨​ ធ្លាក់​ចុះ ​១៤ ​ភាគរយ​ធៀប​នឹង​ ៨៨ ​៩០៦ ​នាក់​កាល​ពី​ឆ្នាំ ​២០១៧​។​

លោកស្រី​ ឆៃ ស៊ីវលីន ​ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA)​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ជើង​ហោះហើរ​ត្រង់​កាន់​តែ​ច្រើន​រវាង​កម្ពុជា ​និង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ មាន​សារៈ​សំខាន់​​​ក្នុង​ការ​បង្កើន​​ទេសចរណ៍​ទ្វេ​ភាគី ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​។​

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​ហ្វីលីពីន ​និង​ឥណ្ឌូនេស៊ី ​គឺ​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ទេសចរណ៍​កម្ពុជា ​ដោយ​សារ​តែ​ភ្ញៀវ​ទេសចរ​​ក្រៅ​ស្រុក ​នៅ​ក្នុង​​ប្រទេស​ទាំង ​២ ​កើន​ឡើង​ប្រចាំ​ឆ្នាំ​ និង​តំណាង​ទីផ្សារ​​ដ៏​ធំ​មួយ​។​

លោក​ស្រី​​ថ្លែង​​ថា​៖ «​ក្នុង​ពេល​កន្លង​មក ​បញ្ហា​ក្នុង​ការ​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ទាំង ​២ នេះ ​គឺ អវត្តមាន​​ផ្លូវ​​ហោះហើរ​ត្រង់​»។ ​លោក​ស្រី​បន្ត​ថា​៖ «​យើង​ជឿជាក់​ថា ​ជា​មួយ​នឹង​ការ​ហោះហើរ​ត្រង់​នេះ វា​នឹង​​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ឧស្សាហកម្ម​ទេសចរណ៍​​កម្ពុជា​»៕LA