ម៉ានីលៈ គណៈប្រតិភូ​កម្ពុជា​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​សេដ្ឋកិច្ច​ក្នុង​តំបន់​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ទោះបី​សេដ្ឋកិច្ច​ក្នុង​តំបន់​អាច​នឹង​រង​ផលប៉ះពាល់ ដោយសារ​ការបង្កើន​ការ​គាំពារ​និយម​របស់​អាមេរិក​ក៏ដោយ ក៏​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​មើល​ឃើញ​កំណើន​បន្តិចបន្តួច​ដែរ​។

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​អាស៊ាន​បូក​ ៣ លើក​ទី​ ២១ និង​ប្រធាន​ធនាគារ​កណ្ដាល​ដែល​បាន​រៀបចំ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​ទីក្រុង​ម៉ានីល​បាន​ពិភាក្សា​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​ពិភពលោក និង​ក្នុង​តំបន់​ដែល​រួម​ទាំង​ការបារម្ភ​ដោយសារ «​សង្គ្រាម​ពាណិជ្ជកម្ម​» ដែល​ដឹកនាំ​ដោយ​អាមេរិក​។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួម​ជាមួយ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា កិច្ចប្រជុំ​នេះ​បាន​លើក​ឡើង​ពី​ការបារម្ភ​ជុំវិញ​ការបង្កើន​វោហារស័ព្ទ​គាំពារ​និយម​របស់​អាមេរិក ដែល​បាន​បណ្ដាល​ឲ្យ​ការចរចា​មាន​ភាព​តានតឹង​រវាង​មន្ដ្រី​របស់​អាមេរិក និង​ចិន​នៅ​ទីក្រុង​ប៉េកាំង​កាលពី​សប្ដាហ៍​មុន​។

លោក វង្សី វិស្សុត ថ្លែង​ថា​៖ «​ការគាំពារ​និយម​របស់​អាមេរិក គឺជា​សង្គ្រាម​ពាណិជ្ជកម្ម​។ វា​នឹង​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អាស៊ាន​បូក​ ៣ ដោយសារ​ភាគច្រើន​នៃ​ប្រទេស​ទាំងនោះ​ធ្វើ​ពាណិជ្ជកម្ម​ធំៗ​ជាមួយ​អាមេរិក​»​។ លោក​បន្ត​ថា​៖ «​វា​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់​»​។ លោក​បន្ថែម​ថា អាស៊ាន​បូក​ ៣ កំពុង​ស្វែងរក​យុទ្ធសាស្ដ្រ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ទាំង​នេះ​។

លោក វង្សី វិស្សុត ថ្លែង​ថា ប៉ុន្តែ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) វាយតម្លៃ​ថា ប្រទេស​កម្ពុជា​ទំនង​ត្រូវ​បាន​គេច​ផុត​ពី​ការខូចខាត​នេះ​ក្នុង​ជំហាន​ដំបូង យ៉ាង​ហោច​ណាស់​នៅក្នុង​ជុំ​ទី​ ១ ​របស់​ខ្លួន​។

ទីផ្សារ​អាមេរិក​មាន​ចំនួន​ ២២ ភាគរយ​នៃ​ការនាំ​ចេញ​របស់​កម្ពុជា​ ៨០ ​ភាគរយ​ក្នុង​ចំណោម​នោះ​គឺ​សម្លៀកបំពាក់​។ ប៉ុន្តែ​សម្លៀកបំពាក់​មិន​ត្រូវ​បាន​កំណត់​ទិសដៅ​ដោយ​ឧបសគ្គ​ពាណិជ្ជកម្ម​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ​។

លោក​ថ្លែង​ថា​៖ «IMF ទើប​នឹង​ធ្វើការ​វាយតម្លៃ​កម្ពុជា​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ការកែទម្រង់​ពន្ធ​របស់​អាមេរិក​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្ពុជា​ដោយ​ព្យាករ​ថា​នឹង​បន្ត​មាន​កំណើន​តិចតួច​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ខាង​មុខ​»​។ លោក​បន្ថែម​ថា ការកាត់បន្ថយ​ពន្ធ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើឲ្យ​មាន​ការ​កើនឡើង​នៅក្នុង​ការទិញ​ពី​កម្ពុជា​។

ប៉ុន្តែ​លោក Stephen Groff អនុប្រធាន ADB ទទួល​បន្ទុក​អាស៊ី​ខាង​កើត អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ថ្លែង​ថា​វា​ឆាប់​ពេក​ក្នុង​ការ​សន្មត​ថា​ផលប៉ះពាល់​កើត​ចេញ​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន​នោះ​។

លោក​ថ្លែង​ថា​៖ «​ការ​រឹតបន្តឹង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ពួកគេ​នៅ​តែ​ពិភាក្សា និង​ការចរចា​នៅ​ឡើយ​»៕LA