ភ្នំពេញៈ ខណៈ​មាន​ការ​​បង្ហាញ​ពី​គម្រោង​សាងសង់​ឃ្លាំង ​និង​ឡ​សម្ងួត​ស្រូវ​កាន់​តែ​​ច្រើន​នៅ​កម្ពុជា ​តំណាង​នៅ​ក្នុង​​ឧស្សាហកម្ម​នេះ​មាន​សុទិដ្ឋិនិយម​ថា​ កម្ពុជា​នឹង​មិន​ជួប​បញ្ហា​​ប្រឈម​ដោយសារ​កង្វះ​ខាត​ ឃ្លាំង​ស្តុក​ និង​ឡ​សម្ងួត​ច្រើន​ទេ​នៅ​​ឆ្នាំ ​២០១៩​ នេះ។

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា (CRF)​ លោក ​នង​ វាសនា ​បាន​ឲ្យ​ដឹង​ថា ដោយសារ​​ការ​ខិតខំ​អភិវឌ្ឍ​​សមត្ថភាព​​របស់​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិន​ស្រូវ​នីមួយៗ​រួម​ផ្សំ​នឹង​ការ​ជួយ​គាំទ្រ​ពី​ស្ថាប័ន​រដ្ឋ​ផង​នោះ​ ​រដូវ​កាល​ប្រមូល​ផល​ឆ្នាំ​នេះ​​នឹង​មិន​មាន​បញ្ហា​ដូច ​២-៣ ឆ្នាំ​មុន​​ទៀត​ទេ​​ ខណៈ​បច្ចុប្បន្ន​មាន​​​ឡ​សម្ងួត ​និង​ឃ្លាំង​ស្តុក​ស្រូវ​​ត្រូវ​បាន​ដាក់​ដំណើរការ​ស្ទើរ​​តែ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​។

លោក​ថ្លែង​ថា៖​ «​ខ្ញុំ​គិត​ថា​យើង​​នឹង​​មិន​មាន​បញ្ហា​ទៀត​ទេ ​ព្រោះ​កន្លង​មក​រោង​ម៉ាស៊ីន​តូចៗ​​ជា​ច្រើន​បាន​អភិវឌ្ឍ​ខ្លួន​ជា​ម៉ាស៊ីន​បែប​ទំនើប​ ដែល​មាន​​សមត្ថភាព​ខ្លាំង​អាច​សម្ងួត​​ស្រូវ​​បាន​រាប់រយ ឬ​ពាន់​​តោន​ក្នុង ​១ ​ថ្ងៃ»។

លោក ​វាសនា បាន​​អះអាង​ថា ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​សរុប​ជាង ​៣០០​ ដែល​ជា​រោង​ម៉ាស៊ីន​ធំៗ​​អាច​មាន​សមត្ថភាព​ស្តុក​ដល់​រាប់​ម៉ឺន​តោន​។

ទោះ​យ៉ាង​ណា​លោក​លើក​ឡើង​ថា អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ​អាច​ដោយសារ​តម្លៃ​ស្រូវ​អង្ករ​​នៅ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ខណៈ​ដែល​​ការ​ផលិត​ស្រូវ​នៅ​តាម​បណ្តា​ប្រទេស​​នាំ​ចេញ​ស្រូវ​បាន​កើន​ឡើង​ស្ទើរ​គ្រប់​ប្រទេស​។​

បើ​តាម​លោក​ វាសនា​ កាល​ពី​ឆ្នាំ ​២០១៨ ​កម្ពុជា​ទទួល​បាន​ទិន្នផល​ស្រូវ​សរុប​ក្នុង​រង្វង់​ ១០,២ ​លាន​តោន។​

ឃ្លាំង​ស្តុក​ស្រូវ​ និង​ឡ​សម្ងួត​​​ចំនួន ​៣​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ចុង​ឆ្នាំ​ ​២០១៨​ ដែល​មាន​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​ព្រៃវែង ​និង​តាកែវ ​ ដែល​​ឃ្លាំង​ស្តុក ​និង​ឡ​សម្ងួត​នីមួយៗ​អាច​ផ្ទុក​ស្រូវ​បាន​ ៥០ ​ម៉ឺន​​តោន ​និង​សម្ងួត​ស្រូវ​បាន​ ១ ៥០០ ​តោន​ក្នុង ​១ ​ថ្ងៃ។​

កាល​ពី​ឆ្នាំ ​២០១៨​ ឃ្លាំង​ស្តុក​នៅ​ខេត្ត​កំពង់ចាម ​ដែល​ជា​ជំនួយ​របស់​កូរ៉េ​ខាង​ត្បូង ​តម្លៃ ​២,៨ ​លាន​ដុល្លារ​ក៏​ត្រូវ​បាន​​ដាក់​ឲ្យ​ដំណើរការ​ ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន ​៨០ ​តោន​ក្នុង ​១ ថ្ងៃ ​និង​អាច​ស្តុក​ស្រូវ​បាន ​៦០០ ​តោន​។

លោក ​សុង ​សារ៉ន ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ CEO of Amru Rice (Cambodia) Co., Ltd ​ដែល​មាន​ឃ្លាំង​ស្តុក ​និង​ឡ​សម្ងួត​ស្រូវ​ធំៗ ​ក្នុង​ខេត្ត​​កំពង់​ធំ ​និង​បាត់ដំបង ​បាន​​និយាយ​ថា លោក​គិត​ថា​ ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ​នឹង​មិន​មាន​បញ្ហា​កង្វះ​ខាត​ឡ​សម្ងួត ​និង​ឃ្លាំង​ស្តុក​ទេ​។ លោក​បាន​​បន្ត​ថា នៅ​រដូវ​កាល​ប្រមូល​ផល​ស្រូវ​វស្សា​ខាង​មុខ​ ក្រុមហ៊ុន​លោក​មាន​ផែនការ​ប្រមូល​ទិញ​ស្រូវ​ឲ្យ​បាន​ក្នុង​រង្វង់​ចន្លោះ​ពី ​១០ ​ម៉ឺន ​២០ ​ម៉ឺន​តោន​​។​

លោក​ថ្លែង​ថា៖ ​«​ក្រុមហ៊ុន​ខ្ញុំ​មិន​មាន​បញ្ហា​ទេ ព្រោះ​យើង​​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​រដូវ​ប្រមូល​ផល​ខាង​មុខ​»​។

ទោះ​បី​យ៉ាង​ណា​លោក​បញ្ជាក់​​ថា​ ដើម្បី​ឲ្យ​ការ​ប្រមូល​ផល​ស្រូវ​អាច​ដំណើរការ​ទៅ​មុខ​ដោយ​រលូន គេ​ក៏​ត្រូវ​គិត​ទៅ​លើ​បញ្ហា​មួយ​​ចំនួន​ដូច​ជា កត្តា​ធម្មជាតិ​តម្រូវ​ការ​ហិរញ្ញប្បទាន ​ការ​សហការ​រវាង​អ្នក​វិនិយោគ​ និង​ប្រជាកសិករ​ ក្នុង​ការ​ធ្វើ​ផែនការ​ច្រូត​កាត់​ (ចៀសវាង​ប្រមូល​​​ផល​ក្នុង​ពេល​តែ​មួយ​​) ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ការ​ដឹក​ជញ្ជូន និង​​ផែនការ​សម្រាប់​ការ​នាំចេញ​ជា​ដើម​៕ LA