ភ្នំពេញ: ការនាំចេញ​កង់​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ១ នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ បើទោះបី​ជា​ការនាំចេញ​នេះ​បាន​ធ្លាក់ចុះ​តិចតួច​ក្តី ខណៈ​ដែល​ឋានៈ​អនុគ្រោះ​ពន្ធ​លើ​ការនាំចេញ​កង់​នេះ​អាច​ប្រឈម​នឹង​ការបាត់បង់​។ នេះ​បើ​យោងតាម​គេហទំព័រ​ Bike-EU.com​។

គេហទំព័រ​ Bike-EU.com ​ដែលជា​គេហទំព័រ​ឯកទេស​ផ្នែក​ឧស្សាហកម្ម​កង់​បាន​ឲ្យ​ដឹងថា ការនាំចេញ​កង់​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​ធ្លាក់ចុះ ៤ ​ភាគរយ​ ដែល​ជា​ការធ្លាក់ចុះ​ដំបូង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​នេះ កង់​ចំនួន ៨៣៥ ០០០ ​គ្រឿង ​ត្រូវបាន​នាំ​ចេញ​ពី​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប ហើយ​ទំហំ​នាំ​ចេញ​នេះ​បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំចេញ​កង់​ធំជាងគេ​ទៅកាន់​ទីផ្សារ​នេះ​។

កោះ​តៃវ៉ាន់​បាន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​ ២ ដោយ​នាំចេញ​បាន​ចំនួន ៥៤៦ ០០០ ​គ្រឿង​ ស្រប​ពេលដែល​ប្រទេស​ចិន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​ ៣ ដែល​បាន​នាំចេញ​ចំនួន​ ៤៣៥ ០០០ គ្រឿង​ កើនឡើង​ជិត ១៦ ភាគរយ​។

គេហទំព័រ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ជាថ្មី​ម្តងទៀត​មាន​ការគំរាមកំហែង​ថា កម្ពុជា​អាច​នឹង​បាត់បង់​ឋានៈ​នាំចេញ​ដោយ​រួច​ពន្ធ​របស់ខ្លួន​សម្រាប់​ការនាំចេញ​កង់​ទៅកាន់​រដ្ឋ​សមាជិក​របស់​សហភាព​អឺរ៉ុប​»​។

គេហទំព័រ​ដដែល​បាន​ឲ្យ​ដឹងថា​៖ «​ឋានៈ​នោះ​កំពុង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា​មានប្រៀប​រួច​ពន្ធ​នាំចូល ១៤ ភាគរយ ​ធៀប​នឹង​ក្រុមហ៊ុន​ដែល​មិនមាន​ឋានៈ​អនុគ្រោះ​បែបនេះ​»​។

កាលពី​ខែ​កុម្ភៈ​ឆ្នាំនេះ សហភាព​អឺរ៉ុប​បាន​ជូនដំណឹង​ជា​​ផ្លូវការ​ដល់​កម្ពុជា​អំពី​ការចាប់ផ្តើម​ដំណើរការ​មួយ​ដែល​អាច​បង្ក​ឲ្យ​កម្ពុជា​បាត់បង់​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​ខ្លួន ដោយសារ​ការកត់ត្រា​បញ្ហា​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ខ្សោយ​។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​បាន​នាំចេញ​កង់​សរុប​ចំនួន ១,៥២ លាន​គ្រឿង​ ទៅ​ទីផ្សារ​អឺរ៉ុប​ដែលមាន​តម្លៃ ៣៣១ ​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​ ២០១៧ គេហទំព័រ Bike-EU.com បាន​រាយការណ៍​ថា កង់​ដែល​នាំ​ចេញពី​កម្ពុជា​មាន​ចំនួន​ជាង ១,៤២ ​លាន​គ្រឿង កើនឡើង ៩ ​ភាគរយ​ ពី​ចំនួន​ ១,២៩ លាន​គ្រឿង​កាលពី​ឆ្នាំ​ ២០១៦​។

បើ​យោងតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​ធ្លាក់ចុះ ៣,១៤ ​ភាគរយ​ ក្នុង​រយៈពេល​ ៦ ឆ្នាំ​ ២០១៩ ​នេះ​មក​នៅ​ត្រឹម​ជាង ២ ១៩០ លាន​ដុល្លារ​ ធៀប​នឹង ២ ២៦១ លាន​ដុល្លារ​ ដែល​បាន​នាំចេញ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ទំនិញ​ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​រួមមាន ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ អង្ករ​ក្នុង​រយៈពេល ៦ ​ខែ​នេះ​៕ LA