
កម្មការិនីកំពុងធ្វើការក្នុងរោងចក្រកាត់ដេរមួយ ក្នុងរាជធានីភ្នំពេញ។
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនមន្ដ្រីការបរទេសរបស់ខ្លួន ១ ក្រុមទៅកាន់សហភាពអឺរ៉ុបរយៈពេល ២ សប្ដាហ៍ដើម្បីបញ្ចុះបញ្ចូល និងទប់ស្កាត់ប្លុកសេដ្ឋកិច្ចមួយនេះកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធដែល EU ផ្ដល់ឲ្យកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
បេសកកម្មនេះត្រូវបានរៀបចំឡើងដោយលោក សុក ស៊ីផាន់ណា មេធាវី និងទីប្រឹក្សារដ្ឋាភិបាលពីថ្ងៃទី ១៨ មិថុនា ដល់ថ្ងៃទី ១ កក្កដា។
បេសកកម្មនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី ៣០ ខែមេសាបានដាក់របាយការណ៍មួយស្តីពី «បញ្ជីបញ្ហា» មករដ្ឋាភិបាលកម្ពុជាដែលមានមូលដ្ឋានសំខាន់ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលបានហៅ «បញ្ជីបញ្ហា» នេះថាបានមើលរំលងការកែទម្រង់ជាបន្តបន្ទាប់ និងការរីកចម្រើនដែលបានធ្វើឡើងដោយរដ្ឋាភិបាលក្នុងអំឡុងអាណត្តិឆ្នាំ ២០១៣-២០១៨។
នៅក្នុងឯកសារដោះបន្ទុក ៤ ទំព័រដែលមាន ១១ ចំណុចរបស់កម្ពុជាបានលើកឡើងថា៖ «ដោយស្មារតីតម្លាភាព និងគណនីយភាព បេសកកម្មរបស់រដ្ឋាភិបាលនេះមានបំណងនាំយកការធ្វើបច្ចុប្បន្នភាពចាំបាច់ស្ដីពីការអភិវឌ្ឍចុងក្រោយក្នុងស្ថានការណ៍របស់កម្ពុជា»។
ឯកសារបន្ថែមថាការបារម្ភចម្បងដែលមាននៅលើ «បញ្ជីបញ្ហា» គឺជារបាយការណ៍ដ៏វែងដែលបានប្រភពពីអ្នករាយការណ៍ពិសេសរបស់ UN ស្ដីពីស្ថានការណ៍សិទ្ធិមនុស្ស។
ឯកសារនេះបន្ថែមថារបាយការណ៍នេះមិនយកចិត្តទុកដាក់នឹងរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារលើគម្រោង «រោងចក្រកាន់តែប្រសើរនៅកម្ពុជា» នោះទេដែលបានលើកឡើងពីការរីកចម្រើនវិជ្ជមាននៃលក្ខខណ្ឌការងារនៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលបានហៅការវិនិច្ឆ័យបែបនេះថាជារឿងអយុត្តិធម៌សម្រាប់ខ្លួន។ នេះបើតាមការលើកឡើងនៅក្នុងឯកសារ។ រដ្ឋាភិបាលបន្តថា៖ «គួរឲ្យសោកស្ដាយ និងអយុត្តិធម៌ខ្លាំងណាស់នៅក្នុងករណីជាច្រើន រដ្ឋាភិបាលគិតមានអារម្មណ៍ដូចជាជនរងគ្រោះដោយសារការចោទប្រកាន់ដោយគ្មានមូលដ្ឋាន»។
លោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីឆ្នាំមុនបានផ្ដល់យោបល់ដល់លោកនាយករដ្ឋមន្ដ្រី បញ្ជូនគណៈប្រតិភូកម្ពុជាទៅបញ្ចុះបញ្ជូល EU កុំឲ្យលុបចោលការនាំចេញរួចពន្ធដែលបានផ្ដល់ដល់កម្ពុជា ខណៈលោកបានជូនដំណឹងថា ការលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះនឹងធ្វើឲ្យកម្ពុជាខាតបង់ ៦៧៦ លានដុល្លារលើពន្ធនាំចូលនៃការនាំចេញ ៦,២ ពាន់លានដុល្លារទៅ EU កាលពីឆ្នាំ ២០១៦។
ទាំងលោក សុក ស៊ីផាន់ណា ដែលដឹកនាំគណៈប្រតិភូទៅ EU និងអ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
EBA អនុញ្ញាតឲ្យកម្ពុជានាំចូលដោយរួចពន្ធទៅប្លុកសេដ្ឋកិច្ចមួយនេះ ក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ផលិតផលសម្លៀកបំពាក់កម្ពុជាគឺជាទំនិញដ៏សំខាន់ដែលកម្ពុជាទទួលបានអត្ថប្រយោជន៍ពីឋានៈ EBA។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងកាលពីម្សិលមិញថា ផែនការអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដែលបានផ្ដល់ដោយ EU ដល់កម្ពុជាមកដល់ពេលនេះបានជួយអភិវឌ្ឍវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
លោកថ្លែងថា ការសម្រេចចិត្តពីរដ្ឋាភិបាលក្នុងការបញ្ជូនក្រុមការងារទៅចរចា និងពន្យល់បញ្ហាប្រឈមពិតប្រាកដរបស់ប្រទេសនេះគឺជាជម្រើសដ៏ត្រឹមត្រូវមួយ។
លោកបញ្ជាក់ថា៖ «EU តែងតែមានហេតុផលសមរម្យ និងយោគយល់ច្រើនអំពីស្ថានការណ៍ពិតប្រាកដរបស់កម្ពុជា ដូច្នេះខ្ញុំសង្ឃឹមថា ពួកគេនឹងធ្វើការសម្រេចចិត្តដែលរក្សាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថាវិស័យការងារកម្ពុជាបានបង្ហាញពីភាពរីកចម្រើនដែលមិនអាចប្រកែកបាន។
លោកថ្លែងថា៖ «យើងអាចនិយាយបានថាគ្មានមនុស្សយុត្តិធម៌ណាម្នាក់នឹងបដិសេធការអភិវឌ្ឍវិជ្ជមានរបស់កម្ពុជាលើវិស័យការងារនោះទេ ពិសេសលើលក្ខខណ្ឌការងារ និងការគោរពសិទ្ធិការងារ»៕LA