ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានបដិសេធសំណើសុំនាំជ្រូកចូលពីប្រទេស វៀតណាម របស់ក្រុមហ៊ុន CP Vietnam ខណៈប្រទេស វៀតណាម កំពុងប្រឈមនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលកំពុងផ្ទុះខ្លាំង។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ក្នុងជំនួបកាលពីថ្ងៃចន្ទ ទី ២៤ តំណាងក្រុមហ៊ុនស៊ីភីវៀតណាម បានស្នើទៅ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសុំអនុញ្ញាតនាំជ្រូកពីវៀតណាមមកកម្ពុជា ប៉ុន្តែលោករដ្ឋមន្ត្រី បានបដិសេធសំណើនេះ ព្រោះស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះខ្លាំងនៅវៀតណាម។
លោកថ្លែងថា៖ «ដោយសារយើងបិទការនំាចូលជ្រូកពីប្រទេស វៀតណាម ហើយគាត់ចង់ឲ្យមានការនំាចូលជ្រូករបស់គាត់ ជ្រូកស៊ីភីរបស់គាត់ គាត់ធានាថាអត់មានជំងឺទេ ប៉ុន្តែ [យើង] មិនអនុញ្ញាត»។
បើតាមលោក តាន់ ផាន់ណារ៉ា ពេលបច្ចុប្បន្នខេត្តរបស់វៀតណាមចំនួន ៦០ ក្នុងចំណោមខេត្តទាំងអស់ ៦៣ បានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ចាប់តាំងពីក្រសួងកសិកម្មបិទការនាំចូលជ្រូកពីប្រទេស វៀតណាម មកកម្ពុជាបាននំាចូលជ្រូកតែពីប្រទេស ថៃ ប៉ុណ្ណោះ។
លោកបន្តថា៖ «យើងត្រូវតែចិញ្ចឹមឡើងវិញ សម្រាប់កសិដ្ឋានចិញ្ចឹមជ្រូកធំៗក្នុងស្រុកនៅមានចិញ្ចឹមប្រមាណ ៧០ ភាគរយ តម្រូវការក្នុងស្រុកយើងខ្វះប្រមាណ ៣០ ភាគរយទៀត ដែលពេលនេះត្រូវបាននាំចូលទាំងស្រុងពីប្រទេស ថៃ»។
យោងតាមលោក ស្រ៊ុន ពៅ សព្វថ្ងៃតម្លៃជ្រូករស់នំាចូលពីប្រទេស ថៃ បានឡើងដល់ជាង ១ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ដោយកម្ពុជាបាននំាចូលចន្លោះពី ១ ៥០០ ក្បាលទៅ ២ ០០០ ក្បាល ក្នុងមួយថ្ងៃ។ លោកបន្តថា តម្រូវការសាច់ជ្រូកក្នុងស្រុកប្រមាណ ៥ ០០០ ក្បាលក្នុងមួយថ្ងៃ។
លោក លី ឡាវីល នាយកចាត់ការទូទៅក្រុមហ៊ុន M''s Pig របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឲ្យដឹងថា លោកសាទរចំពោះការច្រានចោលរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម។ លោកបានបញ្ជាក់ថា៖ «ប្រទេសដែលមានជំងឺប៉េស្តជ្រូកអាហ្រិកហើយ ប្រទេសណាក៏គេអត់ឲ្យនំាចូលដែរ វៀតណាមគួរយល់ខ្លួនឯង មិនអាចចេះតែស្នើមកប្រទេសណាគេមិនអនុញ្ញាតទេ»។
លោក ឡាវីល យល់ថា ដើម្បីដោះស្រាយការខ្វះខាតតម្រូវការក្នុងស្រុក ក្រសួងត្រូវទប់ស្កាត់ការនំាចូលពីវៀតណាមនៅពេលនេះ តែគួរនំាចូលពីប្រទេស ថៃ ជំនួសវិញ។
លោក ផាន់ណារ៉ា បញ្ជាក់ថា គ្រាន់តែអគ្គនាយកដ្ឋានលោកបានបង្រ្កាបបទល្មើសខុសច្បាប់នៃការនំាចូលជ្រូកពីវៀតណាមចំនួន ៣០ ករណី ស្មើនឹង ៦០០ ក្បាល ចាប់តំាងពីមានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅខេត្តរតនគិរី កាលពីអំឡុងខែ មីនា ឆ្នាំនេះ៕ LA