ភ្នំពេញៈ កម្ពុជា​ និង​ចិន​​​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​​គ្នា​លើ​កិច្ច​សហ​ប្រតិបត្តិការ​​ទេសចរណ៍ ​ឆ្នាំ ​២០១៩​-​២០២១ ​ក្នុង​គោល​បំណង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ​និង​វិនិយោគ​ជនជាតិ​​ចិន​កាន់​តែ​ច្រើន​មក​កម្ពុជា​។​

អនុស្សរណៈ​​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ ​លោក ​ថោង ​ខុន ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា​ និង​​លោក ​Lin Jingzhen អនុ​ប្រធាន​ប្រតិបត្តិ​របស់​ធនាគារ​ចិន (Bank of China) ក្នុង​អំឡុង​ពេល​នៃ​ការ​ចូលរួម​ក្នុង​​ «វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ» លើក​ទី​២ នៅ​​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​​ទី ​២៦​។

ខ្លឹមសារ​នៃ​អនុស្សរណៈ​រួមមាន ការ​បង្កើត​ផលិតផល ទីផ្សារ​ ការ​ផ្សព្វផ្សាយ និង​ការ​​ជួយ​​សម្រួល​ដល់​ការ​បង្កើត​ការ​​ទូទាត់​តាម​ប្រព័ន្ធ​អនឡាញ ឬ​​តាម​ប្រព័ន្ធ​ឌីជីថល​ដូចជា Union Pay, WeChat Pay និង AliPay ជា​ប្រាក់​យន់​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ជា​ដើម​។​

លោក តុប សុភ័ក អ្នក​នាំពាក្យ​​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​​ថា​ អនុស្សរណៈ​នេះ​​នឹង​ជួយ​ឲ្យ​កម្ពុជា​​កាន់​តែ​​មាន​សក្តានុពល​ក្នុង​​ការ​​​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ចិន​ ដើម្បី​កម្ពុជា​សម្រេច​បាន​តាម​​ការ​រំពឹង​ទុក​ក្នុង​ការ​ទទួល​​​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ ៣ ​លាន​នាក់​ ក្នុង​ឆ្នាំ ​២០២០ និង​​បន្ត​​កើន​ដល់ ​៥ ​លាន​នាក់​​នៅ​ឆ្នាំ ​២០២៥ ​និង ​៨ លាន​នាក់​នៅ​​ឆ្នាំ ​២០​៣០។

លោក​ថ្លែង​ថា៖​ «​ចិន​មក​កម្ពុជា មិនមែន​សុទ្ធ​តែ​អ្នក​ទេសចរ​ទាំង​អស់​នោះ​ទេ តែ​ក៏​មាន​អ្នក​វិនិយោគ​ផង​ដែរ។ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​នឹង​ជួយ​បង្កើត​ការងារ​ថ្មីៗ​ជា​ច្រើន​សម្រាប់​កម្ពុជា​»។​

ខ្លឹមសារ​នៃ MoU នោះ​ក៏​បាន​លើក​ឡើង​ពី​​ការ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​អាកាស​ទៅ​គោលដៅ​ទេសចរណ៍​សំខាន់ៗ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ការ​​អភិវឌ្ឍ​សមត្ថភាព​មន្រ្តី​សាធារណៈ ព្រម​ទាំង​​​សកម្មភាព​​មួយ​ចំនួន​​​ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ផង​ដែរ​។

ការ​ប្រើប្រាស់​សេវា​

មាន​ការ​លើក​ឡើង​ថា ការ​មក​ដល់​យ៉ាង​គំហុក​នៃ​អ្នក​ទេសចរ​ចិន​​ ហាក់​មិន​សូវ​ផ្តល់​​ផល​​វិជ្ជមាន​ច្រើន​សម្រាប់​​​អ្នក​នៅ​​​ក្នុង​ស្រុក​នោះ​ ដោយសារ​បច្ចុប្បន្ន​ភាគ​ច្រើន​គេ​សង្កេត​ឃើញ​​ជនជាតិ​ចិន​បាន​បង្កើត​សេវា​ស្ទើរ​សព្វ​គ្រប់​ក្នុង​ការ​បម្រើ​ដល់​ជនជាតិ​ចិន​ដែល​មក​ទស្សនា ​និង​រស់​នៅ​កម្ពុជា​។

ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​លើក​ឡើង​ថា ​ជា​ធម្មតា​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ​ទោះ​បី​​ប្រជាពលរដ្ឋ​​ក្នុង​​ស្រុក​មិន​ទទួល​បាន​ការងារ​ដោយ​​ផ្ទាល់ ក៏​​ទទួល​បាន​ដោយ​ប្រយោល​ដែរ​។ លោក​ថ្លែង​​​ថា៖​ «ខ្ញុំ​ទទួល​ស្គាល់​កន្លែង​​ខ្លះ​ចិន​​​បើក​អាជីវកម្ម​សម្រាប់​ចិន​គ្នា​គាត់​ខ្លះ ​តែ​ក៏​មាន​សម្រាប់​ខ្មែរ​ផង​ដែរ»​​។

លោក​ ធួន ​ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​បាន​សាទរ​ចំពោះ​ការ​ចុះ​ MoU​ នេះ​ថា​ជា​ការ​​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជា​​អន្តរជាតិ​ជាមួយ​​ចិន។ ប៉ុន្តែ​លោក​អះអាង​ថា ​ដើម្បី​ឲ្យ​ការ​រីក​ចម្រើន​បាន​​ដល់​ប្រជាជន​ក្នុង​​ស្រុក​គ្រប់​ស្រទាប់​នោះ អាជ្ញាធរ​ត្រូវ​​ពង្រឹង ​និង​បង្កើត​ច្បាប់​បន្ថែម ​ដើម្បី​​កំណត់​ពី​ប្រភេទ​អាជីវកម្ម ​និង​ទំហំ​ទឹក​ប្រាក់​វិនិយោគ​សម្រាប់​ជន​បរទេស​​ ដោយ​មិនមែន​គ្រាន់​តែ​​មាន​ប្រាក់​បន្តិចបន្តួច​យក​ទៅ​បើក​អាជីវកម្ម​តាម​ការ​នឹក​ឃើញ​នោះ​ទេ​។​

លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​មិន​បាត់បង់​ប្រយោជន៍​ពី​ការ​សហការ​ជាមួយ​ចិន​​ទេ ប្រសិន​បើ​យើង​អនុវត្ត​បាន​ទៅ​តាម​ច្បាប់​ដែល​ខ្លួន​មាន​»។

លោក​ លូ​ ម៉េង សហ​ប្រធាន​​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ឯកជន​រដ្ឋាភិបាល ​បាន​ប្រាប់​ថា ​កំណើន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ដោយ​ស្រប​ច្បាប់​ គឺ​ជា​រឿង​ល្អ ព្រោះ​វិស័យ​ទេសចរណ៍​ អាច​ជួយ​កែប្រែ​កម្រិត​ជីវភាព​ប្រជាជន ​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​​រីក​ចម្រើន​។ ទោះ​យ៉ាង​ណា​លោក​លើក​ឡើង​ថា៖​ «កម្ពុជា​ក៏​គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​ការ​គ្រប់គ្រង​ និង​ការ​ប្រកប​អាជីវកម្ម​របស់​ជន​បរទេស​​ផង​ដែរ​»​។​

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ​២០១៨ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ​៦,២ ​លាន​នាក់​ កើន​ឡើង ​១១ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៧ ​ហើយ​ភ្ញៀវ​​ទេសចរ​ចិន​ នៅ​តែ​បន្ត​ឈាន​មុខ​គេ ​២ ឆ្នាំ​ជាប់​គ្នា​ ជាមួយ​នឹង​ចំនួន​សរុប​ចំនួន​ប្រមាណ ​២ ​លាន​នាក់៕​LA