The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា ​បាន​ចំ​ណូល​ $៦ លាន​ពី​ដី​សម្ប​ទាន​កសិ​កម្ម

កម្ពុជា ​បាន​ចំ​ណូល​ $៦ លាន​ពី​ដី​សម្ប​ទាន​កសិ​កម្ម

Content image - Phnom Penh Post
កសិករពិការជើង​ម្នាក់កំពុងឈរនៅលើដី​ជម្លោះ ដែល​រដ្ឋាភិបាលបាន​ផ្តល់ជាដី​សម្បទាន​​សម្រាប់​អភិវឌ្ឍ​ដំណំាកៅស៊ូ​​ឲ្យ​ក្រុមហ៊ុន DM Group របស់វៀតណាម​នៅ​ខេត្ត​រតនគិរី​កន្លងមក។ រូបថត ហេង ជីវ័ន

កម្ពុជា ​បាន​ចំ​ណូល​ $៦ លាន​ពី​ដី​សម្ប​ទាន​កសិ​កម្ម

ភ្នំពេញៈ ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ប្រ​មូល​​ប្រាក់​ចំ​ណូល​ជាង​ ៦ ​លាន​ដុ​ល្លារ​ពី​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​​ (ELC) ជាង ១ លាន​​ហិក​តា​។ ​នេះ​បើ​​​តាម​របា​យ​ការណ៍​​បាន​ពី​ក្រ​សួង​​កសិ​កម្ម​ចេញ​ផ្សាយ​នៅ​សប្ដា​ហ៍​នេះ​។​

ចំ​នួន​នេះ​ត្រូវ​បាន​រិះ​គន់​ដោ​យ​​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល (NGO) ដោយ​លើក​ឡើង​ថា វា​​ស្ទើរ​តែ​មិន​បាន​ផ្ដល់​អ្វី​សោះ​​ដល់​អត្ថ​ប្រ​យោ​​ជន៍​សេដ្ឋ​កិច្ច​​​។​

តួ​លេខ​ដែល​ចេញ​ផ្សាយ​ថ្មី​ៗ​នៅ​​សប្ដាហ៍​នេះ​បាន​ពី​ក្រ​សួង​កសិ​កម្ម ​បង្ហាញ​ថា រដ្ឋា​ភិ​បាល​បាន​អនុ​ម័ត​បន្ត​​សុ​ពល​ភាព​​ LEC ​សរុប​ ១ ១​៧៨ ៦៤៦​ ហិក​តា​ដល់​ក្រុម​ហ៊ុន ​២២៩​ ទូ​ទាំង​ប្រ​ទេស​ដែល​ប្រ​មូល​ចំ​ណូល​បាន​​ពី​ថ្លៃ​ជួល​ ៦,​៦៤ ​លាន​ដុ​ល្លារ​។​

មន្ដ្រី​ NGO បាន​ឲ្យ​ដឹង​ថា​ ប្រាក់​​ចំ​ណូល​បាន​ពី​​ដី​សម្ប​ទាន​​វា​ស្ទើរ​តែ​គ្មាន​តម្លៃ​ ​បើ​ប្រៀប​ធៀប​នឹង​តម្លៃ​នៃ​ផល​ប៉ះ​ពាល់ ឬ​ការ​ខាត​បង់​ធន​ធាន​ធម្ម​ជាតិ​ដោយ​ជំ​រុញ​ឲ្យ​ក្រ​សួង​​កសិ​កម្ម​ គួរ​តែ​បង្កើន​តម្លៃ​​ផ្អែក​​តាម​តម្លៃ​ទី​ផ្សារ​។​

លោក សន​ ជ័យ​ ប្រ​ធាន​សម្ព័ន្ធ​គណេយ្យ​ភាព​សង្គម​ NGO បាន​ឲ្យ​ដឹង​ថា​ ប្រ​សិន​បើ​ធ្វើ​​ការ​គណនា​ ចំ​នួន​នេះ​គឺ​ ៥ ​ដុល្លារ​ប៉ុ​ណ្ណោះ​ក្នុង​មួយ​ហិក​តា​​ជា​មធ្យម​ ដែល​ផ្ដល់​អត្ថ​ប្រយោ​ជន៍​​តិច​បំ​ផុត​​ដល់​សេដ្ឋ​​កិច្ច​ ខណៈ​ការ​ចំ​ណាក​ស្រុក​​​ចេះ​តែ​បន្ត​កើន​ឡើង​។​

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​រដ្ឋា​ភិ​បាល​កំ​ពុង​ធ្វើ​លើ​ការ​ផ្តល់​ដី​សម្ប​ទាន​​​អភិ​វឌ្ឍ​កសិ​កម្ម ​មិន​បាន​ផ្ដល់​​ផល​ចំ​ណេញ​ដល់​អ្វី​ដែល​យើង​បាន​ខាត​បង់​នោះ​ទេ ហើយ​​​មិន​ផ្ដល់​អត្ថ​ប្រ​យោជន៍​សម្រាប់​ប្រជា​ជន​កម្ពុជា​​ផង​ដែរ​ ខណៈ​​ប្រជា​ជន​​របស់​យើង​​បន្ត​ទៅ​ធ្វើ​ការ​ងារ​​នៅ​បរ​ទេស​»។

លោក ​ជ័យ​ បាន​បន្ថែម​ថា​៖ «​​ក្រុម​​ហ៊ុន​មួយ​ចំ​នួន គ្រាន់​តែ​​មក​​ឈូស​ឆាយ​ដី​ព្រៃ​ ដើ​ម្បី​រក​ប្រាក់​ចំ​ណេញ​ប៉ុ​ណ្ណោះ ហើយ​បន្ទាប់​មក​បញ្ឈប់​ប្រតិ​បត្តិ​ការ​តែម្ដង​»​។​

ទោះ​បី​យ៉ាង​នេះ​ក្តី​មន្ដ្រី​ក្រ​សួង​ បាន​ច្រាន​ចោល​ចំ​ពោះ​ការ​លើក​ឡើង​នេះ ដោយ​បញ្ជាក់​ថា ​​ប្រ​យោជន៍​​មិន​មែន​គ្រាន់​តែ​តម្លៃ​ជួល​នោះ​ទេ​ ហើ​យ​​​រដ្ឋា​ភិ​បាល​បាន​ទទួល​អត្ថ​​ប្រយោ​ជន៍​ច្រើន​ពី​​​ប្រតិ​បត្តិ​ការ​ពា​ណិជ្ជ​កម្ម​របស់​​ក្រុម​ហ៊ុន​ទាំង​នោះ​​។​

លោក ស្រី វុឌ្ឍី អ្នក​នាំ​ពាក្យ​ក្រ​សួង​កសិ​កម្ម​បាន​​ថ្លែងថា​៖ «​​មាន​អត្ថ​ប្រ​យោជន៍​ពន្ធ​ច្រើន​ដល់​ប្រ​ទេស​ ដែល​​មិន​មែន​​ពឹង​ផ្អែក​លើ​ដី​សម្ប​ទាន​តែ​មួយ​នោះ​ទេ​»​។

លោក​បាន​បន្ត​ថា​៖ «​តម្លៃ​ឈ្នួល​ពី​ដី​សម្ប​ទាន​ត្រូវ​​​ផ្អែក​លើ​សកម្ម​ភាព​​នៃ​​ប្រតិ​បត្តិ​ការ​ពា​ណិជ្ជ​កម្ម​ ហើយ​មិន​ត្រឹម​​​ត្រូវ​នោះ​ទេ ​បើ​យើង​គណ​នា​​ដោយ​​ផ្អែក​លើ​ទំ​ហំ​​ដី និង​ប្រាក់​នោះ​​»​។​

លោក​​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ ២២៩ ​ដែល​បាន​ទទួល​ ELC ពី​រដ្ឋា​ភិ​បាល​គឺ​ជា​​​ក្រុម​ហ៊ុន​ស​កម្ម​​ខ្លាំង​បំ​ផុត​ក្នុង​ប្រតិ​បត្តិ​ការ​អា​ជីវ​កម្ម​របស់​ពួក​គេ។

លោក​បន្ថែម​ថា ក្រុម​ហ៊ុន​ទាំង​នេះ​បាន​ដាំ​ដុះ​រួច​ហើយ​​លើ​​ផ្ទៃដី ៤៣៨ ​២៥០ ​ហិក​តា​ និង​​ឈូស​ឆាយ​ដី​ ៥១៥ ៧០​១ ហិក​តា​ ដោយ​ផ្ដល់​ការ​ងារ ៦៤ ១១៩ នាក់​។​

លោក​ ស្រី វុឌ្ឍី ​បាន​ឲ្យ​ដឹង​ថា ក្រ​សួង​​បាន​លុប​ចោល​អា​ជ្ញា​ប័ណ្ណ​​​ក្រុម​ហ៊ុន ២៤៨​ ដែល​អ​ស​កម្ម បន្ទាប់​ពី​ការ​ទទួល​​បាន ELC។​ ​លោក​បញ្ជាក់​ថា​៖ «​យើង​តែង​តែ​អង្កេត​ និង​តាម​ដាន​​មើល​ការ​រីក​ចម្រើន​របស់​ក្រុម​ហ៊ុន​ដែល​បាន​ដី​សម្ប​ទាន​ដូច​ម្ដេច​ហើយ​?»​។ ​

លោក​បន្ត​ថា​៖ «​ប្រ​សិន​បើ​ក្រុម​ហ៊ុន​មួយ​ចំ​នួន​ជួប​នឹង​បញ្ហា​ប្រ​ឈម​ ឬ​បញ្ហា​មូល​ហេតុ​ហិរញ្ញ​វត្ថុ​ យើង​អាច​សម្រប​សម្រួល​ ប៉ុន្តែ​​ក្រុម​ហ៊ុន​មួយ​ចំ​នួន​អ​ស​កម្ម​ យើង​​បាន​ដក​អា​ជ្ញា​ប័ណ្ណ​រួច​ហើយ​»​។

​លោក​បាន​បន្ថែម​ថា​៖ «​យើង​ត្រូវ​ការ​​ក្រុម​វិ​និ​យោ​​គិន​អន្តរ​ជាតិ ​ដើ​ម្បី​ធ្វើ​ការ​ងារ​ជា​មួយ​​ក្រុម​វិ​និ​យោ​គិន​​ក្នុង​ស្រុក​​របស់​យើង​ ហើយ​ដី​សម្ប​ទាន​ទាំង​អស់​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ចែក​រំ​លែក​ពី​​វិ​និ​យោ​គិន​ក្នុង​ស្រុក​ផង​ដែរ​»​។​

លោក ​សន​ ជ័យ​ បាន​ឲ្យ​ដឹង​ថា រដ្ឋា​ភិ​បាល​គួរ​តែ​រៀប​ចំ​ ឬ​គ្រប់​គ្រង​ឡើង​វិញ ដើ​ម្បី​បង្កើន​តម្លៃ​សម្រាប់ ELC ខណៈ​ដី​នៅ​កម្ពុជា​​មាន​ស​ក្ដា​នុ​ពល​ខ្ពស់​សម្រាប់​វិ​ស័យ​កសិ​កម្ម​។​​ ​

លោក​​បញ្ជាក់​ថា​៖ «​រដ្ឋា​ភិ​បាល​គួរ​តែ​បង្កើន​មូល​ដ្ឋាន​តម្លៃ​លើ​​ផល​​ប៉ះ​​​ពាល់​បរិ​ស្ថាន​ និង​ការ​អង្កេត​ទី​ផ្សារ​បច្ចុ​ប្បន្ន​ និង​​បើក​ចំ​ហ​ការ​​ដេញ​ថ្លៃ​ជា​សា​ធារណៈ​ សម្រាប់​​ការ​ស្វែង​រក​​ក្រុម​វិ​និ​យោ​​គិន​មាន​សក្ដានុ​ពល​ ដើ​ម្បី​ធ្វើ​​ឲ្យ​វិ​ស័យ​នេះ​​អភិ​វឌ្ឍ​ល្អ​ប្រ​សើរ​ និង​ផ្ដល់​ប្រាក់​ចំ​ណេញ​សម្រា​ប់​​ប្រ​ជា​ជន​»។ ​

លោក​​ថ្លែង​ថា​៖ «​ក្រុម​វិនិ​យោ​គិន​ក្នុង​ស្រុក​ ក៏​មា​ន​​សក្ដា​នុពល​សម្រា​ប់​ការ​​វិ​និ​យោ​គ​ផ្នែក​កសិ​កម្ម​ផង​​ដែរ​ ដែល​យើង​គួរ​តែ​​លើក​ទឹក​ចិត្ត​​​»៕​LA

អត្ថបទគួរចាប់អារម្មណ៍