ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ដែលជាក្រុមហ៊ុនរុករកប្រេងនិងឧស្ម័នបានដំណើរការអណ្តូងបូមប្រេងឆៅចំនួន ៤ បន្ថែមទៀតកាលពីចុងខែកុម្ភៈ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមហ៊ុននេះបានដំណើរការអណ្តួងបូមប្រេងចំនួន ៤ បន្ថែមទៀតក្នុងអណ្តូងប្រេង A-01D នៃផ្លាតហ្វម នៅតំបន់ប្រេងអប្សរាក្នុងប្លុក A នៃបាសាំងខ្មែរ បន្ទាប់ពីអណ្តូងទី១ បានដំណើរកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំមុន។
លោក ជៀប សួរ បន្ថែមថា ការដំណើរការអណ្តូងប្រេងទាំង ៥ នេះ កម្ពុជាអាចផលិតប្រេងបានចំនួន ៧ ៥០០ បារ៉ែល ក្នុង ១ថ្ងៃ។
លោកថ្លែងថា៖ «ប្រសិនបើ អណ្តូងទាំង ៥ នេះ ដំណើរការល្អ គេនឹងធ្វើការខួងអណ្តួងបន្ថែមជាបន្តបន្ទាប់ ទៅតាមផែនការរបស់គេ»៕