
ភ្ញៀវទេសចរបរទេសកំពុងដើរកម្សាន្តនៅក្នុងបរិវេណប្រាសាទអង្គរវត្តកាលពីឆ្នាំ ២០១៧។ ហុង មិនា
ភ្នំពេញៈ កម្ពុជា និងបារាំង រំពឹងថាកំណើនភ្ញៀវទេសចររវាងប្រទេសទាំង ២ នឹងកើនឡើងកាន់តែច្រើន បន្ទាប់ពីគណ:ប្រតិភូរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ទេសចរណ៍បារាំង (Atout France) បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា។ នេះបើយោងតាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
ក្រុម Atout France គឺជាស្ថាប័នដែលមានការចូលរួមពីរដ្ឋាភិបាល និងវិស័យឯកជននៅប្រទេស បារាំង ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដ៏សម្បូរបែបនៅប្រទេស បារាំង បានមកបំពេញទស្សនកិច្ចលើកដំបូងនៅកម្ពុជារយៈពេល ២ ថ្ងៃពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ មិថុនា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា កាលពីម្សិលមិញបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ទេសចរណ៍បារាំង ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ព្រោះតាមរយៈនេះសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជានឹងត្រូវគេយកទៅផ្សព្វផ្សាយកាន់តែធំទូលាយនៅក្នុងប្រទេស បារាំង។
លោកស្រីបន្តថា នៅក្នុងដំណើរទស្សនកិច្ចរបស់ Atout France ជាលើកទី១ មកកម្ពុជានេះ មានការចូលរួមពីតំណាងក្រុមហ៊ុនធំៗរបស់បារាំងជាច្រើន ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Air France ក្រុមហ៊ុនទេសចរណ៍ Club Med និងក្រុមហ៊ុនកម្សាន្តតាមនាវា CroisiEurope ជាដើម។
លោកស្រីថ្លែងថា៖ «តាមរយៈដំណើរទស្សនកិច្ចនេះ យើងសង្ឃឹមថា ចំនួនភ្ញៀវទេសចរនៃប្រទេសទាំង ២ នឹងកើនឡើងកាន់តែច្រើនបន្ថែមទៀត។ ភ្ញៀវទេសចរបារាំងត្រូវគេចាត់ទុកថា ជាក្រុមដែលចូលចិត្តធ្វើដំណើរមកកម្ពុជារយៈពេលយូរថ្ងៃ និងចំណាយច្រើន ដោយមានចំណាប់អារម្មណ៍ច្រើនចំពោះតំបន់ប្រាសាទ តំបន់វប្បធម៌ ប្រពៃណីរបស់ខ្មែរ»។
លោកស្រីលើកឡើងថា បច្ចុប្បន្នចំនួនជនជាតិខ្មែរដែលធ្វើដំណើរទៅកម្សាន្តនៅប្រទេស បារាំង បានកើនឡើងជាលំដាប់ ព្រោះក្រុងប៉ារីស គឺជាកន្លែងដែលមានកន្លែងទស្សនាកម្សាន្ត និងទិញទំនិញច្រើន។
តាមរយៈជំនួបនេះ កម្ពុជាក៏បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍បារាំង Air France ដែលបានផ្អាកការហោះហើរត្រង់ជាមួយកម្ពុជាប្រមាណ ៦ ឆ្នាំ មកហើយនោះ ឲ្យសិក្សាពីលទ្ធភាពក្នុងការបើកជើងហោះហើរផ្ទាល់មកកម្ពុជាឡើងវិញផងដែរ។ នេះបើតាមលោកស្រី ស៊ីវលីន។
របាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវបរទេសសរុបជាង ១,៨ លាននាក់ កើនឡើង ៩,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ ដោយឡែកភ្ញៀវទេសចរបារាំង មានចំនួន ៥៩ ៤០១ នាក់ កើនឡើង ៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមានចំនួន ៥៦ ៥៥៩ នាក់។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បាននិយាយថា ការមកដល់របស់ Atout France នឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជា។ លោកថ្លែងថា៖ «Atout France នឹងចូលរួមចំណែកក្នុងការពង្រឹងវិស័យទេសចរណ៍នៅកម្ពុជា ព្រោះ Atout France មិនត្រឹមតែជួយធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជានៅប្រទេស បារាំង ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយជំរុញឲ្យគុណភាពសេវាកម្មនៅកម្ពុជាកាន់តែប្រសើរផងដែរ»។
ខណៈមានការលើកឡើងថា ចំនួនមគ្គុទេ្ទសក៍ផ្នែកភាសាបារាំងនៅកម្ពុជា កំពុងមានការធ្លាក់ចុះនោះ លោក ជំនោរ បាននិយាយថា ជារៀងរាល់ឆ្នាំក្រសួងតែងធ្វើការបណ្តុះបណ្តាលផ្នែកចំណេះដឹង និងភាសាសម្រាប់មគ្គុទេ្ទសក៍ទេសចរណ៍ ដូច្នេះកម្ពុជាមិនមានបញ្ហានេះកើតឡើងទេ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា ប្រទេស បារាំង គឺជាគោលដៅទេសចរណ៍ទី១ នៅតំបន់អឺរ៉ុបសម្រាប់ប្រជាជនខ្មែរ ដោយចំនួនអ្នកសុំទិដ្ឋាការបានកើនឡើង ២៥ ភាគរយ នៅឆ្នាំ ២០១៩ នេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨៕LA