ភ្នំពេញ​: រដ្ឋាភិបាល​​ប្តេជ្ញា​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​លើក​ស្ទួយ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែក​ជើង​នៅ​កម្ពុជា​តាមរយៈ​ការ​គាំទ្រ​ និង​បន្ត​សហការ​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ របស់​អង្គការ​ការងារ​អន្តរជាតិ​ (ILO)។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ​ប៉ាន​ សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ជាមួយ​នឹង​លោកស្រី​ Ha Nguyen Hong នាយិកា​កម្មវិធី​ BFC ​កាល​ពី​ថ្ងៃ​​ពុធ។

លោក ប៉ាន​ សូរស័ក្តិ​ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​លើក​ស្ទួយ​​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែក​ជើង​ និង​ប្តេជ្ញា​ជួយ​ជំរុញ​ឲ្យ​​រោងចក្រ​ផលិត​សម្ភារ​ធ្វើ​ដំណើរ​​ចូលរួម​​ក្នុង​កម្មវិធី ​BFC នេះ​ផង​ដែរ​។​

លោក​​ថ្លែង​ថា​៖ «ក្រសួង​ពាណិជ្ជកម្ម ​បាន​ទទួល​ការ​ឯកភាព​ពី​​រដ្ឋាភិបាល​ ដើម្បី​បន្ត​អនុវត្ត​កម្មវិធី​ BFC រយៈពេល ​៣ ឆ្នាំ​ទៀត​​ចាប់​ពី​ឆ្នាំ​ ២០២០​-២០២២​ ហើយ​​​ត្រៀម​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅ​​ខែ​​តុលា»។

លោក​ កំាង​ ម៉ូនីកា​ អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(GMAC) ​​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ BFC​ ពិត​ជា​ជួយ​ឲ្យ​វិស័យ​កាត់ដេរ​មាន​ភាព​រីក​ចម្រើន​តាមរយៈ​ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ​រោងចក្រ​។

លោក​បន្ត​ថា៖ «យើង​ក៏​ជា​ផ្នែក​មួយ​នៃ​​ហត្ថលេខី​ [កម្មវិធី​ BFC​] ដែល​នឹង​បន្ត​កិច្ច​សហការ​ដ៏​មាន​តម្លៃ​»។ លោក​បន្ត​ថា៖ «នេះ​ជា​អ្វី​ដែល​យើង​បាន​ធ្វើ​រួមគ្នា​ដោយ​ជោគជ័យ​រយៈពេល ​១៨ ​​ឆ្នាំ​មក​ហើយ​ ដើម្បី​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​ ហើយ​យើង​ក៏​បន្ត​ពង្រឹង​កិច្ច​សហការ​កម្មវិធី​បន្ថែម​ទៀត​»​។​

កម្មវិធី​ BFC​ មាន​គោល​បំណង​កែលម្អ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ដែល​មាន​​ការ​ត្រួត​ពិនិត្យ​ដោយ​ឯករាជ្យ​ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​តាម​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ និង​យោបល់។

ទោះ​​យ៉ាង​នេះ​ក្តី លោក ​ប៉ាវ ​ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ឲ្យ​ដឹង​ថា ​កម្មវិធី​ BFC នេះ​មិន​ទាន់​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​ ខណៈ​នៅ​មាន​រោងចក្រ​មួយ​ចំនួន​​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ ដែល​មាន​ន័យ​ថា BFC គ្មាន​ឥទ្ធិពល​អ្វី​ទៅ​ដាក់​សម្ពាធ​និយោជក​ទេ។

លោក​​​បន្ត​ថា​៖ «បើ​យើង​ចង់​ឲ្យ​រោងចក្រ​មួយ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​លុះត្រា​តែ​មាន​ការ​ធ្វើ​អធិការកិច្ច​ការងារ​ពី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​​ជីវៈ ដែល​ជា​អ្នក​កាន់​​ដាវ​អាជ្ញាសឹក ដាក់​កំហិត​ ឬ​ផាក​ពិន័យ​ទៅ​កាន់​រោងចក្រ​សហគ្រាស​ដែល​​ធ្វើ​មិន​បាន​ត្រឹមត្រូវ​ស្រប​តាម​បទដ្ឋាន​ការងារ​»។

លោកស្រី Ha Nguyen Hong ប្រធាន​កម្មវិធី​ BFC បាន​សន្យា​​ថា ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដល់​អ្នក​វិនិយោគ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ពួកគេ​មក​បោះ​ទុន​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ និង​ស្បែក​ជើង​នៅ​កម្ពុជា។​

នៅ​ឆមាស​ទី​១ ឆ្នាំ​នេះ​មាន​រោងចក្រ​ស្បែក​​ជើង​ និង​រោងចក្រ​ផលិត​កាបូប​​ថ្មី​​ចំនួន​ ៣៤ ត្រូវ​បាន​បើក​ក្នុង​នោះ​មាន​​រោងចក្រ​ស្បែក​ជើង​ចំនួន​ ​២ ប៉ុណ្ណោះ​។ ចំនួន​នេះ​​កើន​ឡើង​ចំនួន​ ១៥ ​រោងចក្រ​ពី​រយៈពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ ២០១៨​។ នេះ​បើ​យោង​តាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី​របាយការណ៍​បង្ហាញ​ថា ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ​ក៏​មាន​រោងចក្រ​កាត់​ដេរ​ចំនួន​ ១០ ត្រូវ​​បាន​បិទ​ទ្វារ​ផង​ដែរ​។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​កម្ពុជា​​បាន​នាំចេញ​ទំនិញ​ទៅ​អាមេរិក​ ចាប់​ពី​ខែ​មករា​ ដល់​ខែ​មីនា​ឆ្នាំ​នេះ​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ១,១២ ​ពាន់​លាន​ដុល្លារ​កើន​ឡើង ២៤​ ភាគរយ​ ពី​ចំនួន​ ៩០៣ លាន​ដុល្លារ​​ កាល​​ពី​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០១៨៕