ភ្នំពេញ: លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ថា កម្ពុជា​នឹង​ប្រឈម​កង្វះ​អគ្គិសនី​ប្រើប្រាស់​ជាថ្មី​ម្តងទៀត​នា​រដូវប្រាំង​ខាងមុខ​នេះ​ដោយសារ​ប្រភព​ថាមពល​បាន​ពី​វារីអគ្គិសនី​ត្រូវបាន​កាត់បន្ថយ ខណៈ​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​បង្កើនល្បឿន​បញ្ចប់​ការដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​កម្លាំង ៤០០ មេហ្គាវ៉ាត់ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អគ្គិសនី​នេះ​។

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ និង​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩-២០២៣ កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា ពី​ចុង​ឆ្នាំនេះ​ទៅ​កម្ពុជា​នឹង​ប្រឈម​កង្វះ​ថាមពល​អគ្គិសនី​ជាថ្មី​។

តាម​លោក ហ៊ុន សែន កង្វះ​អគ្គិសនី​នេះ​ដោយសារ​ទឹកទន្លេ​មេគង្គ​មាន​កម្រិត​ទាប​ដែល​មិន​អាច​ធ្វើឲ្យ​វារីអគ្គិសនី​ផលិត​ថាមពល​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ សុំទោស​ [​ប្រជាពលរដ្ឋ​] ទុកជាមុន​ ឆ្នាំនេះ​យើង​មាន​បញ្ហា​ទៀត​ហើយ ឆ្នាំនេះ​កម្រិត​ទឹក​ន្លេ​មេគង្គ​ទាប​វារី​អគ្គិសនី​កំពុង​ជួប​ការខ្វះខាត​ទឹក​ទៀតហើយ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្រភព​វារីអគ្គិសនី​នៅ​កម្ពុជា​អាច​ផលិត​ថាមពល​បាន​សរុប ១ ៣២៨ មេហ្គាវ៉ាត់ ប៉ុន្តែ​នឹង​ធ្លាក់​ចុះមក​ត្រឹម​ ១៨៤ មេហ្គាវ៉ាត់ ​ទៅ ៦៨៧ មេហ្គាវ៉ាត់ ​ដោយសារ​កម្រិត​ទឹក​ទាប​។

លោក​បន្តថា​៖ «​ខ្ញុំ​ណែនាំ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ឲ្យ​បង្កើន​សកម្មភាព​សាងសង់ និង​រៀបចំ​ការដំឡើង​ម៉ាស៊ីន​ផលិត​ថាមពល​អគ្គិសនី​កម្លាំង ៤០០ ​មេហ្គាវ៉ាត់​ ឲ្យ​បាន​រួចរាល់​បាន​ឆាប់​មុន​ការគ្រោងទុក ដោយ​បន្ថែម​កម្លាំង​កម្មករ និង​ធ្វើការ​ទាំងថ្ងៃ​ទាំងយប់​»​។

រដ្ឋាភិបាល​បាន​ចំណាយ​ ៤០០ ​លាន​ដុល្លារ​ក្នុង​ការបញ្ជាទិញ​ម៉ាស៊ីនភ្លើង​ចំនួន​ ២ ​គ្រឿង​ ពី​ប្រទេស​ អាល្លឺម៉ង់ និង​ហ្វ្រាំងឡង់​ ដែល​តាម​ផែនការ​គ្រោង​នឹង​បញ្ចប់​ការដំឡើង​ម៉ាស៊ីន​នៅ​ឆ្នាំក្រោយ​។

លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល បាន​ឲ្យ​ដឹងថា រោងចក្រ​ផលិត​ថាមពល​អគ្គីសនី​ដើរ​ដោយ​ប្រេង​ខ្មៅ ឬ​ឧស្ម័ន ដែលមាន​សមត្ថភាព​ផលិត​ថាមពល​ ៤០០ ​មេហ្គាវ៉ាត់​ស្ថិត​នៅ​ស្រុក​​ល្វាឯម ខេត្ត​កណ្តាល​ដែល​តាម​ផែនការ​គ្រោង​ប្រតិបត្តិការ​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២០​។

លោក​ថ្លែងថា​៖ «​រោងចក្រ​នេះ​នឹង​ជួយ​បំពេញ​ការខ្វះខាត​ថាមពល​អគ្គិសនី​នៅក្នុង​រដូវប្រាំង​ដែល​មាន​តម្រូវការ​ប្រើប្រាស់​ច្រើន វា​ស្របពេល​ការផលិត​របស់​វារី​អគ្គិសនី​យើង​មាន​ការថយចុះ​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ឲ្យ​ចូលរួម​ប្រើប្រាស់​សន្សំសំចៃ​ភ្លើង​ទាំងអស់គ្នា​»​។

ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី រដ្ឋាភិបាល​នឹង​ចរចា​ជាមួយ​អាជ្ញាធរ​អគ្គិសនី​ថៃ​នៅ​ចុងខែ​វិច្ឆិកា ឬ​ដើម​ខែ​ធ្នូ​ឆ្នាំនេះ ដើម្បី​ទិញ​អគ្គិសនី​ពី​ថៃ ៣០០ មេហ្គាវ៉ាត់​បន្ថែមទៀត ខណៈ​រដ្ឋាភិបាល​បានអនុម័ត​ទិញ​អគ្គិសនី​ផ្តាច់មុខ​ពី​ប្រទេស​ឡាវ ២ ៤០០ មេហ្គាវ៉ាត់​​ ពី​រោងចក្រ​ថាមពល​ដំណើរការ​ដោយ​ធ្យូងថ្ម​របស់​ឡាវ​។

ខណៈ​កង្វះ​ការផ្គត់ផ្គង់​អគ្គិសនី​ជា​ឧបសគ្គ​ដល់​វិស័យ​ផលិតកម្ម​របស់​កម្ពុជា វិស័យនេះ​ក៏​បាននិង​កំពុង​ប្រឈម​រួច​ហើយ​ពី​តម្លៃ​អគ្គិសនី​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ដែល​ធ្វើឲ្យ​ពិបាក​ប្រកួតប្រជែង​។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក ចាន់ សុខឃាំង បាន​ឲ្យ​ដឹងថា ការជូនដំណឹង​ជាមុន​នេះ​អាច​ធ្វើឲ្យ​ក្រុម​រោង​ម៉ាស៊ីន​កិនស្រូវ​ត្រៀមខ្លួន​រួច​ជាមុន​ដើម្បី​សម្រួល​ដល់​ចង្វាក់​ផលិតកម្ម​។

លោក​បាន​ថ្លែងថា៖ «​យើង​ត្រូវការ​ភ្លើង​ច្រើន យើង​នឹង​ជួបចរចា​ជាមួយ​អគ្គិសនី (EDC) ដើម្បី​ចរចា​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ​អាចមាន​ភ្លើង​អាច​ដំណើរការ​ការងារ​ទៅបាន​»​។

លោក​បាន​បន្ថែមទៀតថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​ពាក់ព័ន្ធ​បញ្ហា​ស្រូវ​អង្ករ របស់​កសិករ​។ យើង​នឹង​រក​ដំណោះស្រាយ​នឹង​ជជែក​ជាមួយ​សមាជិក​រោង​ម៉ាស៊ីន​កិនស្រូវ​សាកល្បង​កិនស្រូវ​នៅពេល​យប់ ព្យាយាម​ចែក​ពេលវេលា​គ្នា​»៕LA