ភ្នំពេញៈ កម្ពុជា​ប្រមូល​ចំណូល​ពន្ធដារ​បាន​ ១,៩៣ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន កើន​ឡើង ៣០ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​រួម​ចំណែក​ភាគ​ច្រើន​ពី​កំណើន​ពន្ធ​លើ​ប្រាក់​ចំណេញ​និង​ពន្ធ​លើ​តម្លៃ​បន្ថែម (VAT) បន្ទាប់ពី​ការ​អនុវត្ត​ប្រព័ន្ធ​ពន្ធដារ​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​។

អគ្គនាយក​អគ្គនាយក​ដ្ឋាន​ពន្ធដារ​កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ជាមួយ​នឹង​កំណើន​នេះ បាន​ធ្វើ​ឲ្យ​ចំណូល​ពន្ធ​សរុប​របស់​កម្ពុជា​ឆ្នាំ ២០១៧ មាន​ជាង ​៣,៨ ​ពាន់​លាន​ដុល្លារ​។

កំណើន​នេះ​ជា​អត្រា​ល្អ​មួយ​ស្របពេល​ចំណូល​ពន្ធ​មាន​កាន់តែ​ធំ ដែល​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​រំពឹ​ងថា​កម្ពុជា​កំពុង​ឆ្ពោះ​ទៅរក​ឯករាជភាព​ផ្នែក​ថវិកា និង​កំពុង​ឆ្ពោះទៅរក​ការ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ និង​កម្ចី​ពី​បរទេស​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ចំណូល​ពន្ធ​ប្រចាំ​ឆ្នាំ ២០១៧​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការ​សម្រេច​បាន​ចំណូល​ជិត ២ ពាន់​លាន​ដុល្លារ​នេះ​គឺ​ច្រើន​ជាង​ផែនការ​ដែល​បានកំណត់​ក្នុង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​ ២០១៧ រហូត​ដល់ ១៣ ភាគរយ​។

លោក​ថ្លែង​ ដោយ​សំដៅ​ដល់​ការ​កែ​តម្រូវ​របប​ពន្ធ​របស់​ខ្លួន ​កាលពី​ចុង​ឆ្នាំ​ ២០១៥ ហើយ​បាន​លុប​ចោល​របប​ពន្ធ​លើ​ម៉ៅ​ការ​ដែល​គ្រប់គ្រង​មិន​បាន​ល្អ​របស់​ខ្លួន​ដែល​ដាក់​អ្នក​ជាប់ពន្ធ​ទាំង​អស់​នៅ​ក្នុង​របប​ពិត​កាន់​តែ​តឹងរ៉ឹង​ថា​៖ «​វា​ជា​លទ្ធផល​ដ៏​ល្អ​សម្រាប់ GDT និង​សម្រាប់​រដ្ឋាភិបាល​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការ​កែ​ទម្រង់​លើ​ប្រព័ន្ធ​ពន្ធ​»​។

លោក​បន្ថែម​ថា អ្នក​ជាប់ពន្ធ​កំពុង​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​កាតព្វកិច្ច​របស់​ពួកគេ និង​ឆន្ទៈ​ក្នុង​ការ​គោរព​។

លោក​បន្តថា​៖ «​កាលពី​អតីតកាល ម្ចាស់​សហគ្រាស​មួយ​ចំនួន​ដែល​ធ្លាប់​បាន​ប្រកាសថា ពួកគេ​ខាតបង់​ដើម្បី​គេចពន្ធ ប៉ុន្តែ​នៅ​ពេល​នេះ​ពួកគេ​កំពុងមាន​ឆន្ទៈ​ក្នុង​ការ​គោរព និង​ប្រកាស​ដោយផ្ទាល់​ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ពន្ធ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​»​។

របាយការណ៍​របស់ GDT មិនបាន​បែងចែក​ប្រាក់​ចំណូល​ពន្ធ​តាម​ប្រភេទ​នោះ​ទេ ប៉ុន្តែ​លោក គង់ វិបុល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា ប្រាក់​ចំណូល​ពន្ធ​បាន​កើនឡើង​ ៣១​ ភាគរយ ការ​ប្រមូល​ពន្ធ VAT បាន​កើន​ឡើង​ ៣១ ​ភាគរយ ខណៈ​ពន្ធ​លើ​អចលនទ្រព្យ​កើន​ឡើង​ ១២ ​ភាគរយ និង​ពន្ធ​លើ​ប្រាក់ខែ​កើនឡើង​ ១០​ ភាគរយ​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កំណើន​ប្រាក់​ចំណូល​កាលពី​ឆ្នាំ ​២០១៧ ឆ្លុះបញ្ចាំង​កំណើន​ជា​បន្ត​នៃ​ការចុះបញ្ជី​អ្នក​ជាប់ពន្ធ​ថ្មី ការ​អនុវត្ត​កាន់តែ​តឹងរ៉ឹង និង​កំណើន​ខ្លាំង​លើ​ចំនួន​ការធ្វើ​សវនកម្ម និង​ប្រភព​ប្រាក់​ចំណូល​ដ៏​សំខាន់​បាន​ពី​ការធ្វើ​សវនកម្ម​។

លោក​ថ្លែងថា​៖ «​កម្ពុជា​កំពុង​សម្រេច​បាន​ជា​បណ្ដើរៗ​ នៃ​ដំណាក់កាល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ជាមួយ​នឹង​ការ​ពឹង​ផ្អែក​កាន់តែ​តិច​លើ​ម្ចាស់​ជំនួយ​បរទេស និង​ការ​ខ្ចី​ប្រាក់​»​។

លោក​បន្តថា​៖ «​ប្រសិន​បើ​ការ​អនុវត្ត​នេះ​បន្ត ខ្ញុំ​រំពឹង​ថា កម្ពុជា​អាច​ផ្ដល់​មូលនិធិ​ដ៏​ច្រើន​ដល់​ថវិកា​ជាតិ​របស់​ខ្លួន​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ជាមួយ​នឹង​ការ​រួម​បញ្ចូល​របស់ GDT និង​ប្រាក់ចំណូល​ពី​គយ​»​។

ប្រាក់​ចំណូល​គយ​របស់​កម្ពុជា​កាលពី​ឆ្នាំ ​២០១៧ បាន​កើន​ឡើងដល់ ​១,៩ ​ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ ១០,៤​ ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០១៦​។ ប្រសិនបើ​យើង​រួមបញ្ចូល​ប្រាក់ចំណូល​ពន្ធ និង​ប្រាក់​ចំណូល​គយ​រួមគ្នា ប្រាក់ចំណូល​រដ្ឋាភិបាល​បាន​ពី​ប្រភព​ទាំង​២​នេះ​មាន​ចំនួន​សរុប​៣,៨​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​៕ LA