ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ជំរុញ​ក្រុមការងារ​ស្ដីពី​ការរៀបចំ​សេចក្ដីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​ត្រូវ​ពន្លឿន​ការងារ​ឲ្យ​បាន​លឿន និង​ត្រូវ​ស្រប​ជាមួយ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​នៅ​ទីស្ដីការ​ក្រសួង​ថា ការងារ​ស្ដីពី​សេចក្ដី​ព្រាង​ក្របខ័ណ្ឌ​រដ្ឋាភិបាល​ឌីជីថល​គឺ​ត្រូវ​ធ្វើឲ្យ​បាន​ឆាប់រហ័ស និង​ត្រូវ​សិក្សា​បន្ថែមទៀត​អំពី​និន្នាការ​រដ្ឋាភិបាល​ឌីជីថល​របស់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ក្រុម​អ្នកជំនាញ​សំខាន់ៗ​ក្នុង​ការរៀបចំ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​ទទួល​បន្ទុក​សេចក្ដី​ព្រាង​នេះ សូម​ពន្លឿន​ការពិភាក្សា​រៀបចំ​ឯកសារ​ទស្សនទាន​នៃ​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​ដោយ​បន្ស៊ី​គ្នា​​ជាមួយ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ដែល​បានរៀបចំ​ដោយ​ក្រុមការងារ​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​»​។

លោក​បន្ថែមថា ដើម្បី​ធ្វើឲ្យ​គោលនយោបាយ​នេះ​កាន់តែ​ទូលំទូលាយ និង​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្ដែង​របស់​ប្រទេស​អភិវឌ្ឍន៍​គឺ​ត្រូវ​ប្រមូល​ព័ត៌មាន​ពី​ក្រសួង ឬ​ស្ថាប័ន​ដែល​តំណាង​របស់​ពួកគេ​កំពុង​ស្ថិត​ក្នុង​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល​។

សេចក្ដីព្រាង​ដំបូង​នៃ​ផែនការ​យុទ្ធសាស្ដ្រ​រដ្ឋាភិបាល​អេឡិចត្រូនិក​កម្ពុជា​ឆ្នាំ​ ២០១៨ ឆ្នាំ​ ២០២៣ ត្រូវបាន​ព្រាង​ស្រប​ជាមួយ​នឹង​ផែនការមេ ICT កម្ពុជា​ឆ្នាំ​ ២០២០ និង​គោលនយោបាយ Telecom-ICT ឆ្នាំ​ ២០២០​។ ផែនការ​យុទ្ធសាស្ដ្រ​រដ្ឋាភិបាល​អេឡិចត្រូនិក​ឆ្នាំ​ ២០១៨ ឆ្នាំ​ ២០២៣ មាន​គោលបំណង​បើក​សករាជ​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​វិស័យ​សាធារណៈ​មាន​គោលបំណង​បង្កើត​រួមគ្នា ដើម្បី​តភ្ជាប់ និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​នៃ​សេដ្ឋកិច្ច​ឌីជីថល​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ដំបូង​ស្ដីពី «​គោលនយោបាយ និង​ទិសដៅ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​» នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំមុន​ថា សេដ្ឋកិច្ច​ឌីជីថល​កំពុង​កើតឡើង​ជា​រូបរាង​បណ្ដើរៗ និង​កំពុង​បង្កើត​សកម្មភាព​អាជីវកម្ម​ថ្មី​នៅក្នុង​ការទូទាត់​ឌីជីថល ការកម្សាន្ត​អនឡាញ ពាណិជ្ជកម្ម​អេឡិចត្រូនិក ខណៈ​ដែល​ការកើនឡើង​ចំនួន​អ្នកប្រើប្រាស់​កំពុង​សម្រប​ខ្លួន​របស់​ពួកគេ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ផ្ដល់ឱកាស​ក្នុង​ការលោត​ផ្លោះ​ឆ្លង​ផុតពី​ដំណាក់កាល​អភិវឌ្ឍន៍​តាម​បែប​ប្រពៃណី​។ នៅក្នុង​បរិបទ​នៃ​ការធ្វើ​សកលភាវូបនីយកម្ម និង​សមាហរណកម្ម​ពិភពលោក ប្រទេស​កម្ពុជា​ពិតណាស់​មិន​អាច​គេចផុត​ពី​ផលប៉ះពាល់​ដោយសារ​បដិវត្ដន៍​ឧស្សាហកម្ម​ទី​ ៤ ​នោះទេ​។ ការណ៍​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​ការចាប់​យក​ឱកាស និង​ការគ្រប់គ្រង​ហានិភ័យ​»​។

លោក​លើកឡើង​ថា​៖ «​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​នៅតែ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​។ កម្ពុជា​អាច​ត្រូវការ​ចំណាយពេល​វេលា ៥ ​ឆ្នាំ​ដំបូង​ដើម្បី​ដាក់​ធាតុ​មូលដ្ឋានគ្រឹះ​ទាំង​សង់​ជាមួយ​គ្នា​ដោយ​ត្រឹមត្រូវ ឬ​ការត្រៀម​ជាស្រេច​ផ្នែក​ឌីជីថល ហើយ​នឹង​ចំណាយ​ពេលវេលា​ ៥ ​ឆ្នាំ ឬ​ ១០ ​ឆ្នាំ​ទៀត​ដើម្បី​ធ្វើឲ្យ​រីកចម្រើន​សេដ្ឋកិច្ច​ឌីជីថល និង​ក្នុង​គោលបំណង​សម្រាប់​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា​»​។

លោក​ថ្លែងថា ទាក់ទង​នឹង​បញ្ហា​នេះ​វា​មាន​តម្លៃ​ក្នុង​ការបញ្ជាក់​ថា ប្រទេស​កម្ពុជា​មិនមាន​គោលបំណង​ក្នុង​ការបង្កើត​តំបន់ Silicon Valley ឬ​ដើម្បី​បង្កើត​ក្រុមហ៊ុន​បង្កើត​ថ្មី​ដែល​កំណត់​ទិសដៅ​នោះទេ​។ «​ទិសដៅ​ជា​យុទ្ធសាស្ដ្រ​នេះ​នឹង​បង្កើត​បរិយាកាស​ឌីជីថល​ដ៏រឹងមាំ​ដែល​អាច​ឲ្យ​ទាំង​​ក្រុមហ៊ុន​ខ្នាតតូច និង​ក្រុមហ៊ុន​ធំៗ​នៅក្នុង​ប្រទេស​កម្ពុជា​អាច​មាន​លទ្ធភាព​តភ្ជាប់​ទៅនឹង​ចង្វាក់​តម្លៃ​ពិភពលោក​នៃ​សេដ្ឋកិច្ច​ឌីជីថល​»​។

កាលពី​ឆ្នាំមុន​រដ្ឋាភិបាល​បាន​ប្រកាស​រួចហើយ​មូលនិធិ ៥ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ដើម្បី​គាំទ្រ​ក្រុមហ៊ុន​បង្កើត​ថ្មី​ផ្នែក​បច្ចេកវិទ្យា និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​៕LA